ឯកឧត្តម ខូវ ឆាយ ប្តេជ្ញាជំរុញដល់ការអភិវឌ្ឍកីឡាកងទ័ពឱ្យកាន់តែរីកចម្រើនបន្ថែមទៀត
(ភ្នំពេញ)៖ នាយកមជ្ឈមណ្ឌលកីឡាកងយោធពលខេមរភូមិន្ទ ឯកឧត្តម ឧត្តមសេនីយ៍ទោ ខូវ ឆាយ បានបង្ហាញពីការប្តេជ្ញាយ៉ាងមុតមំាថា ឯកឧត្តមនឹងបន្តថែរក្សាមរតកសមិទ្ធផល ស្នាដៃពីអតីតនាយកចាស់ៗ និងបន្តខិតខំបន្តការអភិវឌ្ឍវិស័យកីឡាកងទ័ព ឱ្យកាន់តែរីក ចម្រើនស្មើមុខស្មើមាត់ជាមួយអង្គភាពផ្សេងៗទៀតរបស់កម្ពុជា។
ឯកឧត្តម ខូវ ឆាយ ប្តេជ្ញាចិត្តបែបនេះ នៅក្នុងឱកាសពិធីសូត្រមន្ត ចម្រើនព្រះបរិត្ត ឧទ្ទិសកុសល ជូនដល់អតីតយុទ្ធជនពលីគ្រប់ជំនាន់ដែលបានចែកឋាន និង ពិធីជប់លៀង អបអរសាទរឆ្នាំថ្មីប្រពៃណីជាតិ នៅមជ្ឈមណ្ឌលកីឡាកងយោធពលខេមរភូមិន្ទ (ឬស្តាតចាស់) នៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៤ ដែលប្រារព្ធធ្វើឡើងក្រោមវត្តមាន ឯកឧត្តម នាយឧត្តមសេនីយ៍ ឃឹម ប៊ុនសុង រដ្ឋលេខាធិការ ក្រសួងការពារជាតិ និងជាប្រធានក្រុមប្រឹក្សាកីឡាកងយោធពលខេមរភូមិន្ទ។
ឯកឧត្តម ខូវ ឆាយ គូសបញ្ជាក់ថា អ្វីដែលពិសេសគឺក្រុមកីឡាករ កីឡាការិនីបានខិតខំ ប្រឹប្រែងយ៉ាងខ្លាំង និងតែងតែទទួលបានភាពកក់ក្តៅ ការលើកទឹកចិត្តដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងការដឹកនាំផ្ទាល់របស់ឯកឧត្តម នាយឧត្តមសេនីយ៍ ឃឹម ប៊ុនសុង ប្រធានក្រុមប្រឹក្សាកីឡាកងយោធពលខេមរភូមិន្ទ ។
ការលើកទឹកចិត្តរបស់ថ្នាក់ដឹកនាំបានធ្វើឱ្យមជ្ឈមណ្ឌលកីឡាកងយោធពលខេមរភូមិន្ទទទួល បានសមិទ្ធផលយ៉ាងច្រើន ជាពិសេសគឺការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជាបានទទួលរៀបចំធ្វើម្ចាស់ផ្ទះ គឺកីឡាករ កីឡាការិនីកងទ័ព បានរួមចំណែកប្រកួតឈ្នះមេដាយយ៉ាងច្រើនជូនប្រទេសជាតិ» ៕
ដោយ ៖ ជាវ ចន្ធូ