ព្រឹទ្ធសភា ប្រារព្ធពិធីសូត្រមន្តសុំសេចក្តីសុខសិរីសួស្តី ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ

(ភ្នំពេញ)៖ ព្រឹទ្ធសភា កម្ពុជា បានប្រារព្ធពិធីសូត្រមន្តអបអរសាទរឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ប្រាក់ សុខុន អនុប្រធានទី១ ព្រឹទ្ធសភា និង លោកជំទាវ រួមជាមួយឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី២ព្រឹទ្ធសភា និងលោកជំទាវ នាព្រឹក ថ្ងៃពុធ ២កើត ខែចេត្រ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៤ ដោយមានការអញ្ជើញចូលរួមពីសមាជិក សមាជិកាព្រឹទ្ធសភា ថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា។

ពិធីសូត្រមន្តរៀបចំឡើងដើម្បី អបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ បណ្តេញ ឧបទ្រពពីឆ្នាំចាស់ ប្រោសព្រំថ្វាយព្រះពរជ័យ លើករាសី សុំសេចក្តីសុខ សិរីសួស្តី និង ទទួលអំណរឆ្នាំថ្មី ឆ្នាំរោង ឆស័ក ពុទ្ធសករាជ២៥៦៨។

ក្នុងពិធីសូត្រមន្តនេះ ឯកឧត្តម ប្រាក់ សុខុន និងលោកជំទាវ, ឯកឧត្តម អ៊ុច បូររិទ្ធ និង លោកជំទាវ បានអញ្ជើញថ្វាយនូវគ្រឿងសក្ការៈបូជា ទៀន ធូប ផ្កាភ្ញី និងប្រារព្ធកិច្ច នមស្សការព្រះរតនត្រ័យ សមាទានសីល និមន្តព្រះសង្ឃសូត្រព្រះធម៌ស្វាធ្យាយ ចម្រើន ព្រះបរិត្ត និងពុទ្ធជ័យមង្គល ព្រមទាំងប្រគេនចង្ហាន់ ទេយ្យទាន និងគ្រឿងបរិក្ខារ ផ្សេងៗ វេប្រគេនព្រះសង្ឃ ដើម្បីឧទ្ទិមហាសកុសលផលបុណ្យជូនដល់ដួងវិញ្ញាណក្ខន្ធញាតិការ ទាំងប្រាំពីរសន្តាន ឥស្សរជន និងយុទ្ធជនដែលបានពលីជីវិត ដើម្បីជាតិមាតុភូមិ ជាពិ សេសដល់ដួងវិញាណក្ខន្ធរបស់សម្តេចអគ្គមហាធម្មពោធិសាល ជា ស៊ីម និងលោកជំទាវ ញ៉ែម សឿន ជាស៊ីម សម្តេចស៊ីសុវត្ថិ ជីវ័នមុនីរ័ក្ស និងឯកឧត្តម នៃ ប៉េណា ដែលបាន ទទួលមរណកាលទៅកាន់លោកខាងមុខ។

បន្ទាប់ពីពិធីសូត្រមន្តតាមទំនៀមទម្លាប់ប្រពៃណី ព្រះពុទ្ធសាសនាបានចប់សព្វគ្រប់រួចមក ថ្នាក់ដឹកនាំ សមាជិក សមាជិកាព្រឹទ្ធសភា បានអញ្ជើញទស្សនាការសម្តែងរបាំត្រុដិ និង មន្ត្រីរាជការលេងល្បែងប្រជាប្រិយ៍ខ្មែរជាច្រើនយ៉ាងសប្បាយរីករាយ។

ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំរោង ឆស័ក ព.ស ២៥៦៧ នឹងប្រព្រឹត្តទៅ នាថ្ងៃសៅរ៍ ៥កើត ថ្ងៃអាទិត្យ ៦កើត ថ្ងៃចន្ទ ៧កើត និងថ្ងៃអង្គារ ៨កើត ខែចេត្រ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១៣ ថ្ងៃទី១៤ ថ្ងៃទី១៥ នឹងថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៤ ដែលមានទេវតាឆ្នាំថ្មីព្រះនាម «មហោទរាទេវី» ជាបុត្រីទី៧ កបិលមហាព្រហ្ម។ សង្រ្កាន្តឆ្នាំថ្មីនេះ នឹងចូលដល់នាវេលាម៉ោង ១០:២៤ នាទីយប់ ថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៤ខាងមុខនេះ ៕

ដោយ ៖ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner