ក្រសួងអប់រំ យុវជន និងកីឡា នាំយកថវិកាជើងឯកពានយុវជន អន្តរក្រសួង-ស្ថាប័នប្រគល់ជូនមន្ទីរពេទ្យគន្ធបុប្ជា
(ភ្នំពេញ)៖ ឯកឧត្តម ប៉ុន សុខ អគ្គនាយកកីឡា តំណាង ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡាបាននាំយក ថវិកាចំនួន ៤លានរៀល ដែលជាប្រាក់អមពានរង្វាន់ជើងឯកការប្រកួតកីឡាបាល់ទាត់ មិត្តភាពយុវជនអន្តរក្រសួង-ស្ថាប័ន លើកទី៩ រដូវកាល ២០២៤ទៅប្រគល់ជូនមន្ទីរពេទ្យ គន្ធបុប្ជា តំណាងដោយ លោក មាស សារិទ្ធ ប្រធានរដ្ឋបាល នៅរសៀលថ្ងៃ១០ ខែមេសា ឆ្នាំ២០២៤។
ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម ប៉ុន សុខ បានថ្លែងអំណរគុណដល់ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធាន សហភាពសហព័ន្ធ យុវជនកម្ពុជា ដែលបានផ្តួចផ្តើមគំនិតរៀបចំការប្រកួតកីឡាបាល់ទាត់ ដណ្តើមពានរង្វាន់ មិត្តភាពយុវជនអន្តរក្រសួង-ស្ថាប័ននេះឡើង ដើម្បីផ្តល់ឱកាសដល់កីឡាករ ដែលជាមន្ត្រី រាជការនៅតាមក្រសួងស្ថាប័នបានចូលរួមលេងកីឡា ដើម្បីសុខភាព មិត្តភាព និងសាមគ្គី ភាព ល្អជាមួយគ្នាឱ្យកាន់តែល្អប្រសើរបន្ថែមទៀត ។
ឯកឧត្តមអគ្គនាយកកីឡា បញ្ជាក់ថា ក្រុមក្រសួងអប់រំ យុវជន និងកីឡា បានប្រើប្រាស់ កម្លាំងសរុប មធ្យោបាយសរុប និងធនធានសរុបរហូតដល់ឈ្នះពានរង្វាន់ និងប្រាក់ អម ពានរង្វាន់ ហើយបានមូលមតិគ្នាយកមកបរិច្ចាគជូនដល់មូលនិធិមន្ទីរពេទ្យគន្ធបុប្ជា នាពេលនេះ ៕
អត្ថបទ ៖ ចាន់ វិចិត្រ
រូបភាព ៖ ងីម ឆាយហួត