អ៊ីតាលីទម្លាក់ការព្យាករណ៍កំណើនសេដ្ឋកិច្ចនៅត្រឹម ១ភាគរយក្នុងឆ្នាំ ២០២៤

រ៉ូម៖ រដ្ឋាភិបាលរបស់នាយករដ្ឋមន្ត្រីអ៊ីតាលី លោកស្រី Giorgia Meloni ក្នុងសប្តាហ៍នេះ បានបន្ទាបការព្យាករណ៍ពីកំណើនសេដ្ឋកិច្ចប្រទេសរបស់ខ្លួន សម្រាប់ឆ្នាំ២០២៤នេះ មកនៅត្រឹមចំនួន ១ភាគរយ ពោលគឺធ្លាក់ចុះពីចំនួន ១.២ភាគរយកាលពីមុន។

សម្រាប់ឆ្នាំ ២០២៥ រដ្ឋាភិបាលអ៊ីតាលីបានព្យាករណ៍ថា ផលិតផលក្នុងស្រុកសរុប (GDP) នៅក្នុងប្រទេសមានសេដ្ឋកិច្ចធំទីបីរបស់តំបន់ចាយប្រាក់អឺរ៉ូមួយនេះ នឹងកើនឡើងចំនួន ១.២ភាគរយ ទាបជាងការព្យាករណ៍ពីមុន ដែលមានចំនួន ១.៤ភាគរយ។

តួលេខនេះបានលេចឡើងនៅក្នុងផែនទីបង្ហាញផ្លូវដែលអនុម័តដោយគណៈរដ្ឋមន្ត្រីរបស់នាយករដ្ឋមន្រ្តីអ៊ីតាលី លោកស្រី Giorgia Meloni ហើយបានប្រកាសកាលពីថ្ងៃអង្គារ ដោយរដ្ឋមន្ត្រីសេដ្ឋកិច្ចអ៊ីតាលី លោក Giancarlo Giorgetti។

ទន្ទឹមគ្នា រដ្ឋាភិបាលអ៊ីតាលីក៏បានកំណត់គោលដៅកាត់បន្ថយឱនភាពសាធារណៈប្រទេសរបស់ខ្លួន មកត្រឹមចំនួន ៤.៣ភាគរយនៃផលិតផលក្នុងស្រុកសរុប (GDP) ក្នុងឆ្នាំ២០២៤ និងចំនួន ៣.៧ភាគរយនៅឆ្នាំ២០២៥ ធ្លាក់ចុះពីចំនួន ៧.២ភាគរយកាលពីឆ្នាំ ២០២៣។

សារព័ត៌មាន AFP បានចេញផ្សាយកាលពីពេលថ្មីៗនេះថា ទីភ្នាក់ងារស្ថិតិជាតិអ៊ីតាលី (ISTAT) បានបញ្ជាក់ថា សេដ្ឋកិច្ចអ៊ីតាលីបានកើនឡើងចំនួន ០.៩ភាគរយកាលពីឆ្នាំ២០២៣ កើនឡើងលើសការព្យាករណ៍របស់រដ្ឋាភិបាលបន្តិច ប៉ុន្តែឱនភាពថវិកា គឺខ្ពស់ជាងការរំពឹងទុកឆ្ងាយណាស់។

រីឯផលិតផលក្នុងស្រុកសរុប (GDP) បានកើនឡើងចំនួន ០.៩ភាគរយ ដោយសារតែតម្រូវការក្នុងស្រុកមានភាពរឹងមាំខ្លាំងក្នុងឆ្នាំ២០២៣ ពោលកើនលើសការព្យាករណ៍ដំបូង ដែលមានត្រឹមចំនួន ០.៧ភាគរយ៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner