មជ្ឈដ្ឋានជាច្រើន ទុកចិត្តមកលើប្រព័ន្ធនៃការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការស៊ីវិល

ភ្នំពេញ៖ មជ្ឈដ្ឋានជាច្រើន បានបង្ហាញការជឿទុកចិត្តមកលើប្រព័ន្ធនៃការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការស៊ីវិល ខណៈក្រសួង មុខងារសាធារណៈ ត្រៀមរៀបចំការប្រឡងប្រជែងជ្រើសរើសគ្រូបង្រៀនអនុវិទ្យាល័យ នាពេលឆាប់ៗខាងមុខនេះ ដោយបេក្ខជនជាង ៣ម៉ឺននាក់ មានឈ្មោះប្រឡង ។

នេះជាការបញ្ជាក់របស់ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ នៅក្នុងដឹកនាំកិច្ចប្រជុំពិភាក្សាលើការពិនិត្យវឌ្ឍនភាពការងារនៃដំណើរការរៀបចំការប្រឡងប្រជែងជ្រើសរើសគ្រូបង្រៀន សម្រាប់បង្រៀននៅអនុវិទ្យាល័យ ដោយក្រុមការងារបានរាយការណ៍អំពីចំនួនបេក្ខជន ដែលត្រូវបានអនុញាតចំនួន ៣៣,៣១៤នាក់ ។

តាមរយៈកិច្ចប្រជុំនេះ គណៈកម្មការ បានកំណត់ថា ការប្រឡងប្រជែងជ្រើសរើសគ្រូបង្រៀនអនុវិទ្យាល័យនេះ ត្រូវប្រើប្រាស់រយៈពេល ៤ថ្ងៃ និងមណ្ឌលប្រឡងចំនួន៣ ដើម្បីសម្របខ្លួនទៅតាមបេក្ខជនដែលមានចំនួនច្រើន។

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ប្រធានគណៈកម្មការការប្រឡងប្រជែង បានបញ្ជាក់ថា ចំនួនដាក់ពាក្យដ៏ច្រើនលើសលប់ បានការឆ្លុះបញ្ចាំងពីការជឿទុកចិត្តមកលើប្រព័ន្ធនៃការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការស៊ីវិល តាមនិយាមដែលបានដាក់ចេញ ។ លទ្ធផលនៃការជឿទុកចិត្តនេះ ឆ្លុះបញ្ចាំងពីការខិតខំប្រឹងប្រែង និងការលះបង់របស់ថ្នាក់ដឹកនាំ ជាពិសេសសមាជិក សមាជិកា នៅក្នុងគណៈកម្មការ និងអនុគណៈកម្មការរៀបចំការប្រឡង។

ប្រធានគណៈកម្មការការប្រឡងប្រជែងរូបនេះ បានបន្តថា តាមរយៈរបាយការណ៍ បានឆ្លុះបញ្ចាំងឱ្យឃើញពីទំហំការងារ ការគិតគូរ គ្រប់ជ្រុងជ្រោយ និងគ្រប់ទិដ្ឋភាព ទៅលើដំណើរការរៀបចំការប្រឡងជារួម ទាំងការគិតគូរ លើការងារបច្ចេកទេស និងការគិតគូរផ្សេងៗ ជាពិសេសលើចំនួនបេក្ខជនដាក់ពាក្យប្រឡង ការរៀបចំដំណើរការប្រឡងតាមថ្ងៃ តាមមណ្ឌល តាមមុខវិជ្ជា និងតាមទីតាំងភូមិសាស្ត្រ ខេត្តរបស់បេក្ខជន។ ទោះបីការងារនេះ មានទំហំធំ និងមមាញឹក ប៉ុន្តែក្រុមការងារ ពិតជាបានរៀបចំ និងត្រៀម ខ្លួនរួចរាល់សម្រាប់ការប្រឡងខាងមុខ។

សូមជម្រាបថា គណៈកម្មការរៀបចំការប្រឡងប្រជែង នឹងជូនដំណឹងលម្អិតជុំវិញការប្រឡងប្រជែង ក្នុងពេលឆាប់ៗខាងមុខនេះ និងសូមបន្តតាមដានការផ្សព្វផ្សាយ និងសេចក្តីជូនដំណឹងនានា ពីបណ្តាញផ្សព្វផ្សាយផ្លូវការរបស់ក្រសួងមុខងារសាធារណៈ ។

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានថ្លែងក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារ និងលើកទិសដៅឆ្នាំ២០២៤ របស់ក្រសួងមុខងារសាធារណៈ កាលពីថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៤ ដោយបានណែនាំដល់ក្រសួងមុខងារសាធារណៈ បន្តអនុវត្តឱ្យបានម៉ត់ចត់ក្នុងការកែលម្អការជ្រើសរើសមន្ត្រីចូលបម្រើការងារក្នុងរដ្ឋបាលសាធារណៈប្រកបដោយគុណាធិបតេយ្យ តម្លាភាព យុត្តិធម៌ បរិយាប័ន្ន និងប្រសិទ្ធភាព តាមរយៈការរៀបចំការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការ ដែលរាជរដ្ឋាភិបាល បានផ្តល់គោលការណ៍អនុញ្ញាតផ្អែកលើនិយាមនីតិវិធីប្រតិបត្តិសម្រាប់ការប្រឡងប្រជែងជ្រើសរើសមន្ត្រីសម្រាប់ក្រសួង ស្ថាប័ន ដោយធានាឱ្យបានទំនុកចិត្តពីសាធារណជន ពោលគឺ «ជាប់ដោយមោទនៈ ធ្លាក់ដោយ អស់ចិត្ត» ។

សូមរំលឹកថា ក្រសួងមុខងារសាធារណៈ បានរៀបចំការប្រឡងជ្រើសរើសមន្រ្ដីរាជការឱ្យចូលបម្រើការងារនៅតាមក្រសួង ស្ថាប័នចំនួន ៣លើក ស្មើនឹង ៥ក្រសួង-ស្ថាប័ន រួមមាន៖ ការប្រឡងប្រជែងជ្រើសរើសមន្រ្តីកសិកម្មឃុំ ឆ្នាំ២០២៣ កាលពីថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៣, ការប្រឡងប្រជែងជ្រើសរើសគ្រូបង្រៀនឯកទេសអប់រំកាយ និងកីឡា កាលពីថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៤ និងការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការស៊ីវិល ចូលក្របខណ្ឌអង្គភាពប្រឆាំងអំពើពុករលួយ, ក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រយៈពេលបីថ្ងៃជាប់គ្នា ថ្ងៃទី៣-៤-៥ ខែមីនា ឆ្នាំ២០២៤ ។ ជាលទ្ធផលមន្រ្តីកសិកម្មឃុំជ្រើសរើសបាន ២៥០នាក់, គ្រូបង្រៀនឯកទេសអប់រំកាយ និងកីឡា ចំនួន ១០០នាក់, អង្គភាពប្រឆាំងអំពើពុករលួយ ៣៣នាក់ មាន១៣នាក់ ជាស្រ្តី សម្រាប់ក្រសួងសាធារណការ និងដឹកជញ្ជូន ៩៩នាក់ មាន១៨នាក់ ជាស្ត្រី និងសម្រាប់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ៥២នាក់ មាន ១៧នាក់ ជាស្រ្តី ៕
ដោយ វណ្ណលុក , ប្រភព៖ ក្រសួងមុខងារសាធារណៈ

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner