GM នឹងដំណើរការរថយន្ត robotaxi វិញ ក្រោយផ្អាកដោយសារបញ្ហាសុវត្ថិភាពកាលពីឆ្នាំមុន
វ៉ាស៊ីនតោន៖ ក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ GM គឺក្រុមហ៊ុនផលិតរថយន្ត Cruise បានប្រកាសថ្មីៗនេះថា ខ្លួនគ្រោងនឹងនាំយករថយន្តដែលបើកបរដោយខ្លួនឯងមករត់នៅលើដងផ្លូវវិញ បន្ទាប់ពីបានផ្អាកសេវាកម្មរថយន្តនេះកាលពីចុងឆ្នាំមុន ដោយសារការព្រួយបារម្ភអំពីសុវត្ថិភាព។
យានជំនិះដែលបើកបរដោយមនុស្ស កំពុងប្រមូលទិន្នន័យផែនទីនៅក្នុងទីក្រុង Phoenix នៃរដ្ឋ Arizona ដែលអាចសម្រួលដល់ការបើកបរសាកល្បងរបស់រថយន្តបើកបរដោយខ្លួនឯង ដែលនឹងត្រូវដាក់ពង្រាយដោយ Cruise និង Waymo របស់ក្រុមហ៊ុន Google។ ក្រុមហ៊ុន Cruise បានបង្ហោះសារនៅលើបណ្តាញសង្គមថា នៅពេលយើងបន្តធ្វើការ ដើម្បីកសាងទំនុកចិត្តអ្នកដំណើរឡើងវិញ និងកំណត់ទីក្រុងដែលយើងដាក់ពង្រាយរថយន្តបើកបរដោយខ្លួនឯង យើងនឹងផ្តោតលើវិធីសាស្រ្តសុវត្ថិភាពទាំងមូល។
ក្រុមហ៊ុន Cruise បានផ្អាកប្រតិបត្តិការទាំងអស់របស់រថយន្តបើកបរដោយខ្លួនឯងគឺនៅក្នុងខែតុលា បន្ទាប់ពីអាជ្ញាធររដ្ឋកាលីហ្វ័រញ៉ា បានបញ្ឈប់ការធ្វើតេស្តរថយន្តរបស់ខ្លួននៅទូទាំងរដ្ឋ ដោយលើកឡើងពីហេតុផលព្រួយបារម្ភ អំពីសុវត្ថិភាព បន្ទាប់ពីមានឧបទ្ទវហេតុគ្រោះថ្នាក់ជាបន្តបន្ទាប់។ ការសម្រេចចិត្តរបស់រដ្ឋកាលីហ្វ័រញ៉ា កើតឡើងប៉ុន្មានសប្តាហ៍ប៉ុណ្ណោះ បន្ទាប់ពីរថយន្តបើកបរដោយខ្លួនឯងដែលដំណើរការដោយក្រុមហ៊ុន Cruise បានបង្កគ្រោះថ្នាក់ដល់ស្រ្តីម្នាក់នៅទីក្រុង San Francisco។
ចាប់តាំងពីបង្កើតឡើងក្នុងឆ្នាំ២០១៣ ក្រុមហ៊ុន Cruise បានផ្តល់ការធ្វើដំណើរដោយគ្មានអ្នកបើកបរដល់អ្នកជិះរាប់ម៉ឺននាក់ក្នុងទីក្រុង San Francisco, Phoenix, Austin, Houston និងទីកន្លែងផ្សេងៗទៀត។ ពាក់ព័ន្ធនឹងរថយន្តបើកបរដោយខ្លួនឯងនេះដែរ ស្ថាបនិកក្រុមហ៊ុន Tesla លោក Elon Musk នាពេលថ្មីៗនេះក៏បានប្រកាសដែរថា Tesla នឹងបញ្ចេញរថយន្តតាក់ស៊ី ឬ Robotaxi របស់ខ្លួននៅរដូវក្តៅនេះ ពោលគឺនៅថ្ងៃទី០៨ ខែសីហាខាងមុខ៕
