Tesla គ្រោងបោះទុន ៣ពាន់លានផលិតឡានអគ្គិសនីនៅឥណ្ឌា

ក្រុមហ៊ុន Tesla គ្រោងនឹងបញ្ជូនក្រុមបច្ចេកទេស ទៅកាន់ប្រទេសឥណ្ឌា នៅក្នុងខែមេសានេះ ដើម្បីសិក្សាទីតាំងសម្រាប់រោងចក្រផលិតរថយន្តអគ្គិសនី ដែលមានតម្លៃ ចន្លោះពី ២ទៅ៣ពាន់លានដុល្លារ។ នេះបើតាមកាសែត Financial Times។

តាមរយៈបណ្តាញសង្គម X កាលពីថ្ងៃពុធ លោក Elon Musk មហាសេដ្ឋីបច្ចេកវិទ្យា ដែលជាម្ចាស់ក្រុមហ៊ុន Tesla បានប្រកាសថា លោកនឹងជួបនាយករដ្ឋមន្ត្រីឥណ្ឌា លោក Narendra Modi ឆាប់ៗនេះ។ គម្រោងជួបគ្នានេះ ត្រូវបានប្រកាសឡើង ស្របពេលដែលឥណ្ឌាកំពុងចង់ផ្តោតការវិនិយោគ លើរថយន្តអគ្គិសនី ឬ EV។

កាលពីខែមុន ប្រទេសឥណ្ឌាបានកាត់បន្ថយពន្ធលើការនាំចូលរថយន្តអគ្គិសនី សម្រាប់ក្រុមហ៊ុនផលិតរថយន្ត EV ពិភពលោក ហើយថែមទាំងបានប្តេជ្ញាវិនិយោគ ៥០០លានដុល្លារ លើរថយន្តប្រភេទ EV នេះ ហើយគ្រោងនឹងចាប់ផ្តើមផលិតកម្មក្នុងស្រុក នៅរយៈពេលបីឆ្នាំខាងមុខ។

លោក Elon Musk មិនបានផ្តល់កាលបរិច្ឆេទ ច្បាស់លាស់ សម្រាប់ដំណើរទស្សនកិច្ចនៅប្រទេសឥណ្ឌានោះទេ។ ក៏ប៉ុន្តែ ប្រព័ន្ធផ្សព្វផ្សាយឥណ្ឌាបានរាយការណ៍ថា ដំណើរទស្សនកិច្ចនេះ អាចធ្វើឡើង នៅថ្ងៃទី២២ ខែមេសា៕

ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner