ពលករខ្មែរជាង៥ម៉ឺននាក់បានត្រឡប់មកចូលឆ្នាំថ្មីនៅស្រុកកំណើត តាមច្រកទ្វារព្រំដែនអន្តរជាតិនៃខេត្តបាត់ដំបង

បាត់ដំបង៖ រយៈពេល១០ថ្ងៃគិតចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី១០ ខែ មេសា ឆ្នាំ២០២៤ ពលករខ្មែរដែលធ្វើការនៅក្រៅប្រទេស ចំនួន ជាង ៥ម៉ឺននាក់បានវិលត្រឡប់មកលេងស្រុកកំណើតជួប ជុំក្រុមគ្រួសារ ក្នុងឱកាសបុណ្យចូលឆ្នាំ ថ្មីប្រពៃណីជាតិខ្មែរ តាមច្រក ព្រំដែន អន្តរជាតិទាំងពីររបស់ខេត្តបាត់ដំបងជាប់នឹង ប្រទេសថៃ ។គឺច្រកទ្វារព្រំដែនអន្តរជាតិដូងនៃស្រុកកំរៀងនិង ច្រកទ្វារ អន្តរជាតិ គីឡូ ១៣(ភ្នំដី)ស្រុកសំពៅលូន។

លោក មាស ដារ៉ា ប្រធានមន្ទីរការងារនិងបណ្ដុះបណ្ដាល វិជ្ជាជីវៈ ខេត្តបាត់ដំបង បានប្រាប់ទូរទស្សន៍អប្សរា ថា ពលករខ្មែរជាង ៥៦ ០០០នាក់ ហើយ ដែលបានវិលត្រឡប់ មកពី ប្រទេសថៃចូលតាមច្រកទ្វារព្រំដែនអន្តរជាតិចំនួនពីរ ស្ថិតក្នុងភូមិសាស្រ្តស្រុកខាងលើ របស់ ខេត្តបាត់ដំបង។លោកបន្ថែមថា ការវិលត្រឡប់របស់ពួកគេត្រូវបានទទួល ស្វាគមន៍និងមានការយកចិត្តទុកដាក់ខ្ពស់ពី អាជ្ញាធរ មន្រ្តី ជំនាញ និងកងកម្លាំងដែលប្រចាំការនៅតាមបណ្ដា ច្រក ទ្វារព្រំដែនទាំងនោះ ។ពលករខ្មែរទាំងនោះ ក៏បានថ្លែង អំណរគុណដល់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី កម្ពុជា ដែលបានខិតខំចរចា ដោយជោគជ័យជាមួយភាគី ថៃក្នុង ការសម្រេចមិនយក ថ្លៃលើការធ្វើដំណើរចេញ-ចូល ទៅវិញទៅមករបស់ពលករខ្មែរក្នុងឱកាសពិធីបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិនេះទៀតផង។

ខណៈវត្តមានពលករខ្មែរវិលត្រឡប់មកលេងស្រុកកំណើតក្នុងឱកាសបុណ្យចូលឆ្នាំថ្មីដូចទឹកបាក់ទំនប់ ថ្មីៗនេះឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបងបានចុះទៅពិនិត្យដល់ទីតាំង មាត់ច្រកព្រំដែនអន្តរជាតិដូង ។នៅទីនោះឯកឧត្តមអភិបាល ខេត្ត បាត់ដំបង និងជាប្រធានគណៈបញ្ជាការឯកភាព រដ្ឋបាល ខេត្ត បានកោតសរសើរដល់ក្រុមការងារប្រចាំការ២៤ម៉ោង នៅច្រកព្រំដែនដែល បំពេញភារកិច្ច បានយ៉ាងល្អក្នុងការ ជួយ សម្របសម្រួលរំហូរពលករ ។ឯកឧត្តមក៏បានណែ នាំបន្ថែម ឱ្យ ជួយពន្លឿនដល់ការបំពេញ បែបបទនីតិវិធីជូន ដល់ប្រជាពលរដ្ឋ និងពលករដែលវិលត្រឡប់ឱ្យបានកាន់ ឆាប់ រហ័សថែមទៀត ។

សូមជម្រាបថា ដើម្បីធានាបាននូវការធ្វើដំណើរចេញ ចូល ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីដែលមានមនុស្សច្រើនកុះករលើសពី ធម្មតានោះ រដ្ឋបាលខេត្តបានចាត់តាំងក្រុមការងារខេត្ត ដើម្បី សម្របសម្រួលលើការធ្វើដំណើរចេញ ចូល តាមច្រកព្រំដែន អន្តរជាតិ ទាំងពីរស្ថិតក្នុងភូមិសាស្រ្តខេត្តបាត់ដំបង។ក្រុម ការងារនេះដឹកនាំដោយអភិបាលរងខេត្តមួយរូបជាប្រធាននិងមានអនុប្រធាន ,សមាជិកចូលរួមពីកងកម្លាំងទាំងបីប្រភេទ និងមន្រ្តីនៃមន្ទីរជំនាញពាក់ព័ន្ធផងដែរ៕


អត្ថបទ-រូបភាព៖ អ៊ុក សំអាន បប

ads banner