សម្តេចតេជោ ហ៊ុន សែន៖ រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា បាននិងកំពុងដឹកនាំប្រទេសប្រកបដោយភាពឈ្លាសវៃ ស្វាហាប់ និងការទទួលខុសត្រូវខ្ពស់បំផុតចំពោះជោគវាសនារបស់ជាតិ

ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ថា សង្ក្រាន្តរយៈពេលបួនថ្ងៃនេះ ជាឱកាសឱ្យប្រជាពលរដ្ឋយើងរួមគ្នាជម្រុះចេញស្រឡះនូវអពមង្គលឧបទ្រពចង្រៃ និងមន្ទិលហ្មងសៅទាំងពួងក្នុងឆ្នាំចាស់ ហើយតាំងចិត្តថ្មី ប្រព្រឹត្តអំពើល្អ ប្រកបដោយមេត្តា ករុណា មុទិតា ឧបេក្ខា និងបញ្ញាចាប់ពីឆ្នាំថ្មីនេះតទៅ។ នេះបើយោងតាមសារជូនពររបស់សម្តេចតេជោ ហ៊ុន សែន អបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ “សង្ក្រាន្ត” ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨។

សម្តេចតេជោ ហ៊ុន សែន បានបន្តថា ក្រោមម្លប់ដ៏ត្រជាក់ត្រជំ នៃព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត និងក្រោមដំបូល នៃរដ្ឋធម្មនុញ្ញ រាជរដ្ឋាភិបាល នីតិកាលទី៧នៃរដ្ឋសភា បាននិងកំពុងដឹកនាំប្រទេស ប្រកបដោយភាពឈ្លាសវៃ ស្វាហាប់ និងការទទួលខុសត្រូវខ្ពស់បំផុតចំពោះជោគវាសនារបស់ជាតិ ដោយថែរក្សាពូនជ្រំរាល់សមិទ្ធផលជាតិ ជំរុញសន្ទុះកំណើនសេដ្ឋកិច្ច សំដៅធ្វើឱ្យកម្ពុជាប្រែក្លាយ ជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងកសាងមូលដ្ឋានឆ្ពោះទៅសម្រេច ចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០ ប្រែក្លាយជាប្រទេសមានចំណូលខ្ពស់។

សម្តេចតេជោ បានបញ្ជាក់ថា នៅក្នុងឆ្នាំ២០២៣ និងដើមឆ្នាំ២០២៤នេះ ប្រជាជនយើងបានរស់នៅយ៉ាងសុខដុមរមនា ក្រោមម្លប់នៃសន្តិភាពដែលត្រូវបានការពារថែរក្សាយ៉ាងរឹងមាំ និងសម្រេចបានលទ្ធផលធំៗថ្មីៗ ថែមទៀតក្នុងការអភិវឌ្ឍសង្គមជាតិរបស់ខ្លួន ទោះបីជាត្រូវរងឥទ្ធិពលពីការវិវត្តយ៉ាងស្មុគស្មាញ នៃសភាពការណ៍អន្តរជាតិ ត្រូវបន្តដោះស្រាយផលវិបាកនៃវិបត្តិជំងឺកូវីដ-១៩ និងបញ្ហាប្រឈម ផ្សេងៗទៀតក្តី។ សេដ្ឋកិច្ចកម្ពុជាបានងើបឡើងវិញយ៉ាងឆាប់រហ័ស និងកំពុងឈានទៅរកស្ថានភាពកំណើនដូចមុនគ្រាមានវិបត្តិជំងឺកូវីដ-១៩។ លទ្ធិប្រជាធិបតេយ្យសេរី ពហុបក្ស សិទ្ធិមនុស្ស និងនីតិរដ្ឋ កាន់តែត្រូវបានពង្រឹង និងលើកកម្ពស់ឥតឈប់ឈរ ជាពិសេសការ ប្រព្រឹត្តទៅដោយជោគជ័យនូវការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ និងការ បោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ បានឆ្លុះបញ្ចាំងអំពីភាពចាស់ទុំខាង ប្រជាធិបតេយ្យរបស់កម្ពុជា តាមរយៈការចូលរួមដ៏ច្រើនលើសលប់របស់ប្រជាពលរដ្ឋ និងអង្គបោះឆ្នោតប្រកបដោយភាពត្រឹមត្រូវតាមច្បាប់បោះឆ្នោត៕
ដោយ៖ពលជ័យ

ads banner