ប្រជាពលរដ្ឋសហការជាមួយអាជ្ញាធរចូលរួមទុកដាក់សំរាម និងកាត់បន្ថយការប្រើប្រាស់ប្លាស្ទិកក្នុងរដូវបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ
អ្នកនាំពាក្យក្រសួងបរិស្ថាន ឯកឧត្តម ខ្វៃ អាទិត្យា បានបញ្ជាក់ជាមួយភ្នាក់ងារទូរទស្សន៍អប្សរានាព្រឹកថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៤ថា ក្រសួងបរិស្ថានបានមើលឃើញពីភាពស្អាតកំពុងសាយភាយទៅគ្រប់ទិសទីនៅកម្ពុជា ជាពិសេសនៅក្នុងរដូវបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំ២០២៤នេះ។
ភាពស្អាត គឺបង្ហាញច្បាស់ថា ប្រជាពលរដ្ឋបានរួមសហការជាមួយអាជ្ញាធរ ធ្វើការសំអាតអនាម័យបរិស្ថាន មានការវេខខ្ចប់ ទុកដាក់សំរាមឱ្យបានត្រឹមត្រូវ និងចូលរួមកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក នៅក្នុងរដូវបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ។
អ្នកនាំពាក្យក្រសួងបរិស្ថាន បានបន្ថែមថា ក្នុងពេលជាមួយគ្នានេះ មន្ទីរបរិស្ថានរាជធានីខេត្ត បានខិតខំសហការរៀបចំ ជាមួយអាជ្ញាធរមូលដ្ឋាន នៅគ្រប់ទីកន្លែង មានទុកដាក់សំរាមបានល្អ បានរៀបចំក្រុមសំអាតអនាម័យ និងមានការផ្សព្វផ្សាយបញ្រ្ជាបចំណេះដឹង ដល់ប្រជាពលរដ្ឋឱ្យចូលរួមសំអាតអនាម័យបរិស្ថាន និងទុកដាក់សំរាមត្រឹមត្រូវ នៅតាមធុងសំរាមយ៉ាងផុសផុល។ លើសពីនេះ អ្វីដែលជាការបង្ហាញការចូលរួមសំអាតបរិស្ថានជាមួយរាជរដ្ឋាភិបាលក្នុងរដូវបុណ្យទានឆ្នាំនេះ គឺប្រជាពលរដ្ឋបានចូលរួម មិនលែងគប់ទឹក ដោយច្រកទឹកក្នុងថង់ប្លាស្ទិកទៀតហើយ ដែលនេះជាវិធានការមួយបានអនុវត្តទូទាំងប្រទេស ដើម្បីកាត់បន្ថយសំរាមប្លាស្ទិក និងផលប៉ះពាល់នានា។
លើសពីនេះ ការរៀបចំអនាម័យនិងសោភ័ណភាពនៅតាមកន្លែងសាធារណៈ តំបន់ទេសចរណ៍ វត្តអារាម និងមូលដ្ឋាន នៅទូទាំងប្រទេស ក្នុងរដូវបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ បានល្អប្រសើរ មានភាពស្រស់ស្អាត និងមានបរិស្ថានល្អ បានទាក់ទាញឱ្យភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ បានធ្វើដំណើរមកចូលរួមកម្សាន្ត សប្បាយរីករាយក្នុងសង្រ្កាន្តឆ្នាំថ្មីយ៉ាងច្រើនកុះករនៅគ្រប់ទីកន្លែង។ នេះបើយោងតាមការលើកឡើង របស់ ឯកឧត្តម ខ្វៃ អាទិត្យា អ្នកនាំពាក្យក្រសួងបរិស្ថាន។
ឯកឧត្តម ខ្វៃ អាទិត្យា បានបញ្ជាក់ថា ការប្រែប្រួលឥរិយាបទវិជ្ជមាន នៃការទុកដាក់សំរាម នៅក្នុងឆ្នាំនេះ ជាការរួមចំណែកមួយយ៉ាងសំខាន់ថែមទៀត បន្ទាប់ពីរាជរដ្ឋាភិបាលបានទតួលជោគជ័យយ៉ាងត្រចះត្រចង់ លើយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ក្រោមប្រធានបទ «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» ដោយសារមានប្រជាពលរដ្ឋទូទាំងប្រទេស ចំនួនជិត៨លាននាក់ ហើយក្នុងនោះសិស្សានុសិស្ស ចំនួនជាង ៣,៤ លាននាក់ បានចូលរួមដោយផ្ទាល់ និងមានប្តេជ្ញាចិត្តឈប់ប្រើថង់ប្លាស្ទិក យ៉ាងតិច១ថ្ងៃក្នុង១សប្តាហ៍។
សូមបញ្ជាក់ថា ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានថ្លែងកាលពីពេលថ្មីៗនេះថាភាពស្អាត និងសុខភាពប្រជាពលរដ្ឋ ជាការងារអាទិភាព ដែលរាជរដ្ឋាភិបាលកម្ពុជា នៅក្នុងអាណត្តិទី៧ បាននឹងកំពុងយកចិត្តទុកដាក់។ ការគ្រប់គ្រងសំណល់ គឺការកាត់បន្ថយសំណល់ប្លាស្ទិក ដែលឈានទៅបញ្ឈប់ការប្រើប្រាស់ប្លាស្ទិក ក្នុងចំណោមយុវជនជំនាន់ក្រោយ គ្មានសំណល់ប្លាស្ទិក ដើម្បីសហគមន៍ស្អាត បឹងបួរនឹងស្អាត តំបន់ធនធានធម្មជាតិគ្មានការបំពុលពីសំណល់សំរាម-ប្លាស្ទិក។
ទន្ទឹមនឹងនេះ ដើម្បីដោះស្រាយការបំពុលដោយប្លាស្ទិក ឯកឧត្តមរដ្ឋមន្រ្តីក្រសួងបរិស្ថាន ស្នើឱ្យប្រជាពលរដ្ឋទាំងអស់ ចូលរួមរៀបចំប្រមូលទុកដាក់សំណល់ និងញែកឱ្យបានត្រឹមត្រូវ គិតគូរដល់សំរាម ដែលអាចកែច្នៃ និងប្រើប្រាស់ឡើងវិញ និងសំរាមដែលចាក់ចោល គួរទុកដាក់នៅទីលានឱ្យបានត្រឹមត្រូវ។
ក្នុងរដូវបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ក្រសួងបរិស្ថាន សូមថ្លែងអំណរគុណចំពោះក្រសួង ស្ថាប័នពាក់ព័ន្ធ ដៃគូសហការ អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋទាំងអស់ ក្នុងការរួមចំណែកអភិវឌ្ឍន៍វិស័យបរិស្ថាន ទុកដាក់សំរាមបានត្រឹមត្រូវ ព្រមទាំងចូលរួមសំអាតអនាម័យបរិស្ថាន ជាពិសេសលុបបំបាត់សំណល់ប្លាស្ទិក នៅតាមសហគមន៍ ផ្ទះសម្បែង សាលារៀន និងវត្តអារាម ជាដើម ៕
ដោយ / គ្រី សម្បត្តិ