សម្តេចបណ្ឌិត ម៉ែន សំអន ចែកអំណោយជូនពលរដ្ឋ ៣០០គ្រួសារ នៅខេត្តស្វាយរៀង ក្នុងឱកាសបុណ្យចូលឆ្នាំថ្ងៃទី៤
(ស្វាយរៀង)៖ ក្នុងឱកាសថ្ងៃបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរថ្ងៃទី៤ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងជាអ្នកតំណាងរាស្ត្រមណ្ឌលខេត្តស្វាយរៀង នៅព្រឹកថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៤ បានអញ្ជើញចែកអំណោយដល់ប្រជាពលរដ្ឋចំនួន ៣០០គ្រួសារ នៅសង្កាត់គយត្របែក ក្រុងស្វាយរៀង ខេត្តស្វាយរៀង ដែលជាការឧបត្ថម្ភគាំទ្រ ពីលោកឧត្តមសេនីយ៍ឯក អ៊ុង សារិទ្ធ មេបញ្ជាការរងកងអង្គរក្ស និងលោកស្រី ព្រមទាំងក្រុមការងារ ។
ពិធីនេះមានការចូលរួមពីលោកបណ្ឌិត សម តារា អ្នកតំណាងរាស្ត្រមណ្ឌលស្វាយរៀង,លោកស្រីដួង វណ្ណា អ្នកតំណាងរាស្ត្រមណ្ឌលស្វាយរៀង,លោកម៉ែន វិបុល,លោកប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង ព្រមទាំងក្រុមការងារ និងអាជ្ញាធរក្រុងស្វាយរៀងផងដែរ។
សម្ដេច ម៉ែន សំអន បានថ្លែងអំណរគុណដល់លោកឧត្តមសេនីយ៍ឯក អ៊ុង សារិទ្ធ និងលោកស្រី ដែលបានឧបត្ថម្ភអំណោយដល់ប្រជាពលរដ្ឋនៅថ្ងៃនេះ ហើយក៏ជាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ និងក៏ដើម្បីចែករំលែកនៃក្តីស្រឡាញ់ជូនដល់ប្រជាពលរដ្ឋនៅមូលដ្ឋានផងដែរ ។
ជាមួយគ្នានេះ សម្ដេច ម៉ែន សំអន ក៏បានរំលឹកអំពីអតីតកាលប្រទេសកម្ពុជាយើងធ្លាប់ឆ្លងកាត់នូវភ្លើងសង្គ្រាមថ្ងៃ ១៧ មេសាឆ្នាំ១៩៧៥ ដែលជាថ្ងៃរំដោះពីរបបលន់ណុល ហើយប៉ុលពតបានដឹកនាំទៅជារបបកម្ពុជាប្រជាធិបតេយ្យប្រល័យពូជសាសន៍ បានកាប់សម្លាប់ប្រជាពលរដ្ឋស្លូតត្រង់អស់ជាង៣លាននាក់ ហើយបានបន្សល់ទុក ដោយកូនកំព្រា ស្ត្រីមេម៉ាយជាច្រើននាក់ ។
សម្ដេចបានបញ្ជាក់ថា មានតែសម្ដេចតេជោហ៊ុន សែន និងថ្នាក់ដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា បានបូជាសាច់ស្រស់ឈាមស្រស់ដើម្បីបុព្វហេតុជាតិ និងបានរំដោះប្រជាពលរដ្ឋចេញពីរបបយង់ខ្នងប្រល័យពូជសាសន៍ប៉ុលពត ហើយប្រែក្លាយប្រទេសកម្ពុជាយើង ឲ្យមានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ ជាពិសេសបាននាំមកនូវសុខសន្តិភាពពេញផ្ទៃប្រទេស ។
សម្ដេចបានបន្ថែមថា អាចមានពេលវេលា និងឱកាសល្អ ក្នុងការរៀបចំអបអរសាទរពិធីបុណ្យចូលឆ្នាំ ប្រពៃណីជាតិខ្មែរនាពេលនេះ ក៏ដោយសារតែកត្តាប្រទេសជាតិ បានមានសុខសន្តិភាព ស្ថិរភាពនយោបាយ សេដ្ឋកិច្ចមានការរីកចម្រើន ពិសេសបងប្អូនប្រជាពលរដ្ឋសម្បូរសប្បាយធូរធារ និងមានឱកាសនៅក្នុងការជួបជុំរីករាយ គ្រប់ទីកន្លែងទាំងអស់ទូទាំងប្រទេស។
កត្តាសុខសន្តិភាពនេះហើយ ដែលជាមូលដ្ឋានគ្រឹះក្នុងការអភិវឌ្ឍប្រទេសជាតិ ឲ្យកាន់តែរីកចម្រើនឡើង ដូច្នេះ ត្រូវតែអរគុណសន្តិភាពអរគុណរាជរដ្ឋាភិបាល និងអរគុណជាអានេកប្បការ ដល់សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ដែលជាអគ្គមគ្គទេសន៍ឯក និងសម្ដេចធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានខិតខំប្រឹងប្រែងតស៊ូ ដឹកនាំប្រទេសជាតិ ឲ្យសម្បូររុងរឿង រីកចម្រើនទៅមុខជាលំដាប់ ។
សម្ដេច ម៉ែន សំអន ក៏បានអរគុណដល់រដ្ឋបាលខេត្តស្វាយរៀង ក៏ដូចជារដ្ឋបាលក្រុងស្វាយរៀង ដែលបានខិតខំអភិវឌ្ឍខេត្តស្វាយរៀងឲ្យមានការរីកចម្រើនជាបន្តបន្ទាប់ ក្នុងនោះក្រុងស្វាយរៀងបច្ចុប្បន្នមានតំបន់សេដ្ឋកិច្ចពិសេសមួយ ឈីលូ» និងមានរោងចក្រ ចំនួន០៩ នៅភូមិស្វាយតឿ សង្កាត់ស្វាយតឿ និងមានសហគ្រាស សិប្បកម្មចំនួន ២២០ ដែលបានផ្តល់ឱកាសការងារដល់បងប្អូនកម្មករ កម្មការនីប្រមាណជាង ៥.០០០នាក់ ក្នុងក្រុងស្វាយរៀង និងកំពុងបន្តសាងសង់រោងចក្រ ជាបន្តបន្ទាប់ទៀតផងដែរ ។
សូមបញ្ជាក់ថា អំណោយដែលត្រូវចែកជូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតចំនួន ៣០០គ្រួសារនេះ ក្នុងមួយគ្រួសារទទួលបានសារុងមួយ និងថវិកា ៤ម៉ឺនរៀលផងដែរ ៕
ដោយ ៖ ថេត វិចិត្រ