ផ្ទុះអាវុធស្លាប់ ក្នុងថ្ងៃបុណ្យចូលឆ្នាំ នៅមីយ៉ាន់ម៉ា
យ៉ាំងហ្គោន៖ មានការផ្ទុះអាវុធ ស្លាប់មនុស្ស នៅប្រទេសមីយ៉ាន់ម៉ា កាលពីថ្ងៃអាទិត្យ ដោយគេដឹងថា ជាថ្ងៃបុណ្យចូលឆ្នាំថ្មី Thingyan ដែលកំពុងប្រព្រឹត្តទៅ នាប៉ុន្មានថ្ងៃនេះ ស្រដៀងនឹងប្រទេសបីផ្សេងទៀត នៅអាស៊ីអាគ្នេយ៍ដែរ។
មន្ត្រីរដ្ឋាភិបាលយោធាបាននិយាយ កាលពីថ្ងៃចន្ទថា ក្រុមប៉ះបោរប្រឆាំងរដ្ឋប្រហារមីយ៉ាន់ម៉ា បានវាយប្រហារដោយបាញ់គ្រាប់រ៉ុក្កែត នៅកណ្តាលទីក្រុង Pyin Oo Lwin សម្លាប់មនុស្ស ៤ នាក់ និងរបួស ១២នាក់ កាលពីល្ងាចថ្ងៃអាទិត្យ។ ពួកយោធាថ្កោលទោសការវាយប្រហារនេះ ដោយចោទថា មានគោលដៅ វាយប្រហារជនស៊ីវិល។
កាលពីថ្ងៃសៅរ៍ នៅទីក្រុងយ៉ាំងហ្គោន ប្រទេសមីយ៉ាន់ម៉ា មនុស្សម្នាបាននាំគ្នាជះទឹកដាក់គ្នាទៅវិញទៅមក ដើម្បីបណ្តេញនូវឧបទ្រុបចង្រៃ និងផ្តល់ក្តីសុខ និងសុភមង្គល។ ពិធីបុណ្យដែលប្រារព្ធពិធីចូលឆ្នាំថ្មី មីយ៉ាន់ម៉ា ជាធម្មតាកើតឡើង នៅពាក់កណ្តាលខែមេសា និងមានរយៈពេលពី៤ ទៅ៥ថ្ងៃ នេះបើតាមទីភ្នាក់ងារសារព័ត៌មាន Xinhua៕
ប្រភពពី AFP និង Xinhua ប្រែសម្រួល៖ សារ៉ាត