សម្តេចតេជោ ហ៊ុន សែន៖ “ថ្ងៃនេះជាខួបលើកទី៤៩ឆ្នាំ នៃថ្ងៃដែលខ្ញុំត្រូវរបួសធ្ងន់រហូតពិការភ្នែកឆ្វេង”

ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ថា “ថ្ងៃនេះជាខួបលើកទី៤៩ឆ្នាំ នៃថ្ងៃដែលខ្ញុំត្រូវរបួសធ្ងន់រហូតពិការភ្នែកឆ្វេង (១៦ មេសា ១៩៧៥-១៦ មេសា ២០២៤)។ ពេលនោះរយៈពេលនេះ ខ្ញុំកំពុងសន្លប់ និងបន្ទាប់ពីសន្លប់ច្រើនថ្ងៃពេលដឹងខ្លួនទើបខ្ញុំដឹងថា ភ្នែកឆ្វេងរបស់ខ្ញុំពិការជាមួយភ្នែកស្តាំមើលឃើញមិនច្បាស់ថែមទៀត”។ ការបញ្ជាក់បែបនេះ របស់សម្តេចតេជោ ហ៊ុន សែន គឺតាមរយៈបណ្តាញសង្គមហ្វេសប៊ុកនៅថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៤នេះ។

សម្តេចតេជោ ហ៊ុន សែន បានសរសេរបន្តថា “យុវជនដែលមានអាយុ២៣ឆ្នាំ ខ្ញុំពិតជាស្តាយស្រណោះកែវភ្នែករបស់ខ្ញុំដែលពិការដោយសារសង្គ្រាម។ ដោយមូលហេតុនេះហើយ ទើបខ្ញុំខិតខំបញ្ចប់សង្គ្រាមនាំមកនៅសន្តិភាព ឯកភាពជាតិ ឯកភាពទឹកដី បង្កើតនូវការសប្បាយរីករាយជូនប្រជាជន ដូចដែលប្រជាជនយើងកំពុងសប្បាយក្នុងឱកាសចូលឆ្នាំប៉ុន្មានថ្ងៃមកនេះ។ សូមរួមគ្នាការពារសន្តិភាពឱ្យខាងតែបាន”៕
ដោយ៖ពលជ័យ

ads banner