រដ្ឋបាលខេត្តសៀមរាប និងសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត រៀបចំពិធីស្រង់ព្រះនៅក្បែរព្រះអង្គចេកព្រះអង្គចម
សៀមរាប៖ ពិធីស្រង់ព្រះច្រើនធ្វើឡើងនៅថ្ងៃទី ៣ ដែលជាថ្ងៃចុងក្រោយ នៃពិធីចូលឆ្នាំខ្មែរ ដែលត្រូវនឹងថ្ងៃឡើងស័ក។ យ៉ាងណាម៉ិញ នៅរសៀលថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៤ ត្រូវនឹងថ្ងៃឡើងស័កនៃពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ឆ្នាំរោងឆស័ក ពុទ្ធសករាជ២៥៦៧ ឈានចូល ២៥៦៨ រដ្ឋបាលខេត្តសៀមរាប សហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត ដឹកនាំដោយ ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តសៀមរាប និងលោកជំទាវ ឯកឧត្តម អ៊ាន ឃុន ប្រធានក្រុមប្រឹក្សាខេត្ត រួមជាមួយសមាជិក សមាជិកាក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត ព្រមទាំងថ្នាក់ដឹកនាំ អង្គភាពមន្ទីរស្ថាប័ន សហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត បាននិមន្តព្រះសង្ឃសូត្រជ័យន្តោធ្វើពិធីស្រង់ព្រះដែលរៀបចំឡើងនៅប៉ែកខាងជើងព្រះវិហារព្រះអង្គចេកព្រះអង្គចម ក្នុងក្រុងសៀមរាប ។
តាមប្រសាសន៍ លោក អាចារ្យក្នុងពិធីបានលើកឡើងថា ពិធីនេះប្រជាជនខ្មែរតែងប្រារព្ធធ្វើឡើងមិនដែលដាច់នៅពេលចូលឆ្នាំខ្មែរម្ដងៗ និង មានជំនឿតៗគ្នាមកយូរហើយថា ស្រង់ព្រះទាំងព្រះបដិមាថ្ម និង ព្រះរស់ សុទ្ធតែទទួលបានមកវិញនូវសេចក្ដីសុខចម្រើន ត្រជាក់ត្រជុំ។
លោក អាចារ្យរៀបរាប់ទៀតថា ថ្ងៃសង្ក្រាន្តថ្មីជិតមកដល់ព្រះបាទ បសេនទិកោសល បាន រៀបចំជាបារាំយ៉ាងល្អវិចិត្រនៅឆ្នេរស្ទឹងមួយ ហើយក៏និមន្តព្រះពុទ្ធ និងព្រះសង្ឃ ស្រង់ទឹក សមាទានសីល រួចប្រគេនភត្តាហារចំពោះព្រះពុទ្ធព្រមទាំងភិក្ខុសង្ឃ ដែលគង់នៅទីនោះផងដែរ។
ចំពោះអ្នកដែលបានស្រង់ទឹកព្រះសង្ឃ មាតាបិតា គ្រូឧបជ្ឈាយ៍ទទួលបានផលានិសង្សច្រើនណាស់ ហើយអនាគតជាតិនឹងបានទៅកើតក្នុងឋានទេវលោក បានសេចក្តីសុខ គ្រប់បែបយ៉ាង។ ដោយសារមានជំនឿ និងទំនៀមទម្លាប់របស់ដូនតាយើង ដូច្នេះហើយទើបបានជាប់ជាប្រពៃណីរហូតមកដល់សព្វថ្ងៃនេះ ឲ្យតែដល់ពេលចូលឆ្នាំថ្មីម្តងៗ គេតែតែង ធ្វើពិធីស្រង់ទឹកពុទ្ធរូប ព្រះសង្ឃ មាតាបិតា ជីដូនជីតានៅតាមទីអារាម និងភូមិស្រុកនានា ។
បើតាមទិដ្ឋភាពជាក់ស្តែង ប្រជាពលរដ្ឋខ្មែរដែលគោរពជឿលើព្រះពុទ្ធសាសនាទូទៅតែងតែស្រោចទឹកជូនអ្នកមានគុណដែលគេនិយមហៅថា ស្រង់ព្រះរស់ និងស្រង់ព្រះនៅតាមទីអារាមនានា អំឡុងពិធីបុណ្យចូលឆ្នាំថ្មី ដើម្បីជាកិច្ចតបគុណ រំឭកដល់ការលះបង់ដ៏ធំធេងរបស់ឪពុកម្តាយ ក្នុងការចិញ្ចឹមបីបាច់ថែរក្សាកូនចៅគ្រប់រូបទម្រាំចម្រើនវ័យ មានសមត្ថភាពពេញលេញអាចគ្រប់គ្រងជីវិតខ្លួនឯងបាន ៕
ដោយ ៖ ស៊ាន សុផាត