ពលរដ្ឋកម្ពុជា ទោះទៅកម្សាន្តនៅទឹកដីអង្គរវត្តប៉ុន្មានដងក៏មិនចេះនឿយណាយ ទៅហើយចង់ទៅទៀត

ខេត្តសៀមរាប៖ ប្រាសាទអង្គរវត្ត ជានិមិត្តរូបដ៏អស្ចារ្យនៃព្រលឹងជាតិរបស់ប្រជាជនពលរដ្ឋកម្ពុជា ។ ទឹកដីដែលគេចាត់ទុកថា ជាអច្ឆរិយវត្ថុមួយនេះ គឺដោយសារកើតចេញពីស្នាដៃដ៏កម្រមួយរបស់មនុស្សជាតិ ហើយវាកើតចេញពីស្ថាបត្យកម្មរបស់ជនជាតិខ្មែរសម័យដើមដោយផ្ទាល់ដែរ ។

ជាមួយភាពអស្ចារ្យនេះត្រូវបានពលរដ្ឋកម្ពុជាដែលបានចូលទស្សនាប្រាសាទអង្គរវត្តនាឱកាសបុណ្យចូលឆ្នាំថ្មីនេះលើកឡើងថា៖អង្គរវត្តជាទឹកដីប្រកបដោយភាពទាក់ទាញ និងចូលទស្សនាមិនចេះនឿយណាយ ។ ពួកគាត់ចូលទស្សនាច្រើនដងនៅតែចង់ទស្សនា ។ លើទឹកដីអង្គរវត្ត ក៏ដូចជាខេត្តសៀមរាបនេះមានប្រាសាទជាច្រើនកន្លែង សម្រាប់ទស្សនា ហើយមួយកន្លែងៗសុទ្ធតែអស្ចារ្យរកស្មានមិនដល់ដែលមនុស្សជំនាន់មុនអាចធ្វើបាន ។

លោក យ៉ត រៀម ដែលរស់នៅក្នុងខេត្ត សៀមរាប បានលើកឡើងថា ៖ ចាប់តាំងតែពីក្មេងៗមកគាត់តែងត្រូវបានឪពុកម្តាយនាំមកទស្សនា ប្រាសាទ អង្គរវត្ត និងប្រាសាទដទៃទៀតជាច្រើនដងណាស់ តែតំបន់ទឹកដីដ៏អស្ចារ្យមួយនេះនៅតែបានអន្ទងចិត្តលោកចូលទស្សនាមិនចេះធុញទ្រាន់សោះឡើយ ។ ចូលឆ្នាំនេះក៏ដូចជាថ្ងៃបុណ្យជាតិសំខាន់ៗដទៃទៀតដែរគឺជាញឹកញាប់លោកតែងមកកម្សាន្តអង្គរវត្ត និងប្រាសាទដទៃទៀតពុំសូវខកខាន ។

ជាមួយការលើកឡើងបែបនេះយុវជនដែលមានវ័យជាង ២០ឆ្នាំរូបនេះ បានឱ្យដឹងដែរថា”ខ្ញុំមកហើយមកទៀតមិនចេះឆ្អែតទេ ។ ប្រាសាទអង្គរវត្តរបស់ខ្មែរយើងល្អផូរផង់រកអ្វីមកប្រៀបផ្ទឹមមិនបានសោះឡើយ ។ មានកន្លែងជាច្រើនបង្កប់ទៅដោយអាថ៌កំបាំង និងជំនឿសាសនាដ៏ធំមួយរបស់មនុស្សជំនាន់មុន” ។

យុវនារី បញ្ញា រស្មី រស់នៅខេត្តកំពង់ស្ពឺ ដែលបានមកទស្សនាប្រាសាទអង្គរវត្តនាឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរបានលើកឡើងថា ៖ ភាពអស្ចារ្យនៃទឹកដីអច្ឆរិយៈរបស់ខ្មែរមួយនេះបានធ្វើឱ្យកញ្ញាតែងចង់មកទស្សនា ។ ប្រាសាទខ្មែរទាំងអស់សុទ្ធតែស្រស់ស្អាតបង្កប់ទៅដោយក្បូរក្បាច់គ្មានពីរក្នុងលោក ។ វាជាមរតករបស់ខ្មែរយើង ហើយដែលដូនតាយើងបន្សល់ទុកមកឱ្យយើងគ្រប់គ្នារហូតដល់សព្វថ្ងៃ ។

យុវនារីមកពីខេត្តកំពង់ស្ពឺរូបនេះបានលើកឡើងថា”ខ្ញុំមកច្រើនដងហើយនៅទឹកដីខេត្តសៀមរាបនេះ តែខ្ញុំនៅតែចិញ្ចឹមចិត្តមកទស្សនា ដូចជាថ្ងៃបុណ្យចូលឆ្នាំនាឆ្នាំនេះខ្ញុំនៅតែចង់កទស្សនាពីព្រោះថាតាមប្រាសាទនានាមើលមិនចេះអស់ទេ” ។

លោក ពិសិដ្ឋ ប្រាប់ថា មកពីខេត្តកំពង់ធំ ហើយបានមកចូលទស្សនាប្រាសាទអង្គរវត្តនៅក្នុងពិធីបុណ្យចូលឆ្នាំកាលពីរសៀលថ្ងៃទី ១៦ ខែមេសា ឆ្នាំ២០២៤ឱ្យដឹងថា ៖ ស្នាដៃដ៏អស្ចារ្យរបស់ដូនតាខ្មែរយើងបានជំរុញចិត្តឱ្យរូបលោក និង ក្រុមគ្រួសារតែងនាំគ្នាមកកម្សាន្តទឹកដីខេត្តសៀមរាប ហើយតែងចូលទស្សនាប្រាសាទអង្គរវត្តជានិច្ច ។ វាជាកន្លែងវប្បធម៌ដ៏អស្ចារ្យរបស់ខ្មែរ នៅពេលបានទស្សនាហើយចង់ទស្សនាទៀត ។

ប្រាប់ដូចគ្នានេះ អ្នកស្រី ឆាន វីរៈអូន រស់នៅខេត្តកំពង់ធំបានឱ្យដឹងថា ចាប់តាំងតែពីក្មេងៗមកអ្នកស្រី តែងត្រូវបានឪពុកម្តាយនាំមកទស្សនាប្រាសាទអង្គរវត្ត រហូតមកដល់ពេលនេះអ្នកស្រីឈានដល់អាយុ ៣០ឆ្នាំជាងហើយក៏នៅតែនាំក្រុមគ្រួសារមកទស្សនាប្រាសាអង្គរវត្តដែរ ។

ស្រ្តីរូបនេះចាត់ទុកថា ទឹកដីខេត្តសៀមរាប ពិសេសប្រាសាទអង្គរវត្តមានភាពទាក់ទាញ និងអ្វីដែលពិសេសបំផុតនោះភាពស្រស់ស្អាតបានចូលទស្សនាហើយមិនចេះធុញទ្រាន់។ទីកន្លែងនីមួយៗបង្កប់ដោយអាថ៌កំបាំង មានប្រាសាទច្រើនកន្លែងណាស់ ដើរទស្សនាមិនចេះអស់ ។ ក្រៅពីនេះទឹកដីខេត្តសៀមរាបក៏មានរមណីយដ្ឋានសម្រាប់ទេសចរណ៍ ជាច្រើនទៀតឱ្យយើងចូលកម្សាន្តផងដែរ ។

គួរបញ្ជាក់ថា អង្គរវត្តជាប្រជុំអគារប្រាសាទព្រហ្មញ្ញសាសនាធំបំផុត និងជាវិមានសាសនាដ៏ធំបំផុតនៅក្នុងលោក ។ ប្រាសាទអង្គរត្រូវបានកសាងឡើងដោយព្រះបាទសូរ្យវរ្ម័នទី២ ដែលជាស្នាដៃដ៏ធំចម្បងអស្ចារ្យនិងមានឈ្មោះល្បីល្បាញរន្ទឺសុះសាយ ទៅគ្រប់ទិសទីលើពិភពលោក ។

ប្រាសាទអង្គរ ស្ថិតក្នុងរចនាបថបុរាណជាន់ខ្ពស់កំពូលនៃស្ថាបត្យកម្មខ្មែរ បានក្លាយជានិមិត្តរូបជារបស់កម្ពុជា ដែលរំលេចលើទង់ជាតិរបស់ប្រទេស ជារូបភាពតំណាងប្រទេសជាតិ និងដួងព្រលឹងពលរដ្ឋខ្មែរគ្រប់ៗជំនាន់ ៕

ដោយ ៖ ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner