ប្រមុខការពារជាតិអាមេរិក និងចិនជជែកគ្នាលើកដំបូងក្នុងពេលជិត ១៨ខែ
វ៉ាស៊ីនតោន៖ មន្ទីរបញ្ចកោណបានលើកឡើងថា ដ្ឋមន្ត្រីការពារជាតិអាមេរិក លោក ឡូយដ៍ អូស្ទីន បានធ្វើកិច្ចពិភាក្សាជាមួយសមភាគីចិន លោក តុង ជន តាមរយៈវីដេអូអនឡាញ នៅថ្ងៃអង្គារ ដែលនេះជាការជជែកគ្នាដ៏សំខាន់លើកដំបូង រវាងប្រមុខការពារជាតិប្រទេសមហាអំណាចទាំងពីរ ក្នុងរយៈពេលជិត ១៨ខែ។
មន្ទីរបញ្ចកោណបានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយថា រដ្ឋមន្រ្តីការពារជាតិអាមេរិក-ចិនបានពិភាក្សាគ្នា អំពីទំនាក់ទំនងការពារជាតិអាមេរិក និងចិន រួមទាំងបញ្ហាសន្តិសុខក្នុងតំបន់ និងពិភពលោក។ បើតាមសេចក្តីថ្លែងការណ៍ដដែល លោក អូស្ទីន បានសង្កត់ធ្ងន់លើសារៈសំខាន់ នៃការរក្សាទនាក់ទំនងយោធា និងយោធារវាងអាមេរិក និងចិន បន្ទាប់ពីកិច្ចពិភាក្សារវាងភាគីទាំងពីរក្នុងប៉ុន្មានខែថ្មីៗនេះ។
លោក អូស្ទីន ក៏បានបញ្ជាក់ជាថ្មីដែរថា សហរដ្ឋអាមេរិកនឹងបន្តហោះហើរ ជិះទូក និងធ្វើប្រតិបត្តិការប្រកបដោយសុវត្ថិភាព និងការទទួលខុសត្រូវនៅគ្រប់ទីកន្លែងដែលច្បាប់អន្តរជាតិអនុញ្ញាត។ ហើយលោកក៏បានគូសបញ្ជាក់ អំពីសារៈសំខាន់នៃការគោរព ចំពោះសេរីភាពនាវាចរណ៍នៅដែនសមុទ្រ ដែលត្រូវបានធានាក្រោមច្បាប់អន្តរជាតិ ជាពិសេសនៅសមុទ្រចិនខាងត្បូង។
បន្ថែមលើនេះ លោក អូស្ទីន បានសង្កត់ធ្ងន់ម្តងហើយម្តងទៀត អំពីសារៈសំខាន់នៃការទំនាក់ទំនងរវាងយោធា និងយោធា ដែលជាមធ្យោបាយដោះស្រាយជម្លោះដែលអាចកើតមាន។
បច្ចុប្បន្នទាំងមន្ទីរបញ្ចកោណ និងចិនកំពុងបន្តពិភាក្សាអំពីការចូលរួមនាពេលអនាគត រវាងមេដឹកនាំការពារជាតិ និងមេដឹកនាំយោធាជាន់ខ្ពស់របស់ប្រទេសទាំងពីរ ពីព្រោះការចូលរួមទាំងនេះ នឹងផ្តល់ឱ្យអាមេរិក-ចិននូវឱកាស ដើម្បីទប់ស្កាត់ការប្រកួតប្រជែងមិនឱ្យឈានដល់ជម្លោះ និងជជែកគ្នាត្រង់ៗអំពីទុក្ខកង្វល់របស់ប្រទេសទាំងពីរ៕
ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា