អាមេរិកឱ្យលុយ Samsung បើករោងចក្រផលិតបន្ទះឈីប

វ៉ាស៊ីនតោន៖ សហរដ្ឋអាមេរិកបានប្រកាសថ្មីៗនេះថា ខ្លួននឹងផ្តល់ថវិកាជំនួយប្រមាណ ៦.៤ពាន់លានដុល្លារ ដល់ក្រុមហ៊ុនអេឡិចត្រូនិកកំពូល Samsung របស់កូរ៉េខាងត្បូង ដើម្បីបើករោងចក្រផលិតបន្ទះឈីបដ៏ទំនើបនៅរដ្ឋតិចសាស់។

Samsung ត្រូវបានគេរំពឹងថា នឹងវិនិយោគជាង ៤០ពាន់លានដុល្លារក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខនេះ ហើយការវិនិយោគនេះ នឹងបង្កើតឱកាសការងារដល់មនុស្សជាង ២០,០០០នាក់។ លោក បៃដិន បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា កិច្ចព្រមព្រៀង Samsung នឹងពង្រឹងតួនាទីរបស់រដ្ឋតិចសាស់ ជាប្រព័ន្ធអេកូឡូស៊ីបន្ទះឈីបដ៏ទំនើប។

ហើយវាក៏នឹងជួយគាំទ្រដល់ការផលិតបន្ទះឈីបដ៏មានឥទ្ធិពលបំផុតនៅលើពិភពលោក ដែលមានសារៈសំខាន់ចំពោះបច្ចេកវិទ្យាទំនើបៗជាច្រើន ដូចជាបញ្ញាសិប្បនិម្មិត (AI) ហើយនឹងការពង្រឹងសន្តិសុខជាតិរបស់សហរដ្ឋអាមេរិក។

កន្លងមក រដ្ឋបាលរបស់ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន ក៏ធ្លាប់យល់ព្រមផ្តល់ថវិកាជំនួយរាប់ពាន់លានដល់ក្រុមហ៊ុន Intel និងក្រុមហ៊ុន TSMC របស់តៃវ៉ាន់ ខណៈដែលខ្លួនព្យាយាមជៀសវាងកង្វះបន្ទះឈីប ដែលជាសរសៃឈាមជីវិតនៃសេដ្ឋកិច្ចពិភពលោកក្នុងសម័យទំនើប៕

ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner