សហរដ្ឋអាមេរិកថា កញ្ចប់ទណ្ឌកម្មថ្មីប្រឆាំងអ៊ីរ៉ង់នឹងមកដល់ឆាប់ៗនេះ

វ៉ាស៊ីនតោន៖ សហរដ្ឋអាមេរិកនៅថ្ងៃអង្គារនេះនិយាយថា ខ្លួននឹងដាក់ទណ្ឌកម្មថ្មីក្នុងពេលឆាប់ៗនេះ ទៅលើកម្មវិធីមីស៊ីល និងយន្តហោះដ្រូនរបស់អ៊ីរ៉ង់ បន្ទាប់ពីទីក្រុងតេហេរ៉ង់បើកការវាយលុកប្រឆាំងនឹងអ៊ីស្រាអែលកាលពីចុងសប្តាហ៍កន្លងទៅ ហើយទីក្រុងវ៉ាស៊ីនតោនរំពឹងថា សម្ព័ន្ធមិត្ត និងដៃគូរបស់ខ្លួននឹងអនុវត្តតាមវិធានការស្រដៀងគ្នានេះព្រមៗគ្នា។

ទីប្រឹក្សាសន្តិសុខជាតិអាមេរិកលោក Jake Sullivan បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ប៉ុន្មានថ្ងៃខាងមុខនេះ សហរដ្ឋអាមេរិកនឹងដាក់ទណ្ឌកម្មថ្មីប្រឆាំងនឹងអ៊ីរ៉ង់ រួមទាំងកម្មវិធីមីស៊ីល និងយន្តហោះដ្រូន ក៏ដូចជាកងឆ្មាំបដិវត្តន៍ និងក្រសួងការពារជាតិអ៊ីរ៉ង់។ លោក Jake Sullivan បន្តថា យើងរំពឹងថា សម្ព័ន្ធមិត្ត និងដៃគូរបស់យើង ក៏នឹងអនុវត្តតាមការដាក់ទណ្ឌកម្មរបស់ពួកគេក្នុងពេលឆាប់ៗនេះផងដែរ។

ទណ្ឌកម្មថ្មីទាំងនេះ និងវិធានការណ៍ផ្សេងទៀត នឹងបន្តសម្ពាធថេរមួយ ដើម្បីទប់ស្កាត់ និងបង្កការរំខានដល់ការបង្កើនសមត្ថភាពយោធារបស់អ៊ីរ៉ង់។ ការប្រកាសបែបនេះរបស់លោក Sullivan កើតឡើងបន្ទាប់ពីរដ្ឋមន្ត្រីហិរញ្ញវត្ថុអាមេរិក លោកស្រី Janet Yellen បាននិយាយថា វិធានការដាក់ទណ្ឌកម្មកំពុងដំណើរការ ហើយប្រធានគោលនយោបាយការបរទេសរបស់សហភាពអឺរ៉ុប លោក Josep Borrell ក៏បានអះអាងដែរថា ការិយាល័យរបស់គាត់ក៏កំពុងធ្វើការលើរឿងនេះដែរ។

គួរបញ្ជាក់ថា អ៊ីរ៉ង់បានវាយលុកដោយមីស៊ីល យន្តហោះដ្រូន និងគ្រាប់រ៉ុក្កែតជាង ៣០០គ្រាប់ ទៅលើអ៊ីស្រាអែលកាលពីចុងសប្តាហ៍មុន នៅក្នុងអ្វីដែលខ្លួនបាននិយាយថា ជាការសងសឹកចំពោះការវាយប្រហារដ៏សាហាវទៅលើស្ថានកុងស៊ុលរបស់ទីក្រុងតេហេរ៉ង់ ប្រចាំរដ្ឋធានីដាម៉ាស់ ប្រទេសស៊ីរី។ ស្ទើរតែទាំងអស់នៃគ្រាប់ផ្លោងត្រូវបានស្ទាក់ចាប់ ហើយបង្កការខូចខាតតិចតួចប៉ុណ្ណោះ៕

ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner