ពលរដ្ឋខេត្តបាត់ដំបងជាងមួយម៉ឺននាក់ បានធ្វើដំណើរតាម រថយន្តក្រុងដែលរាជរដ្ឋាភិបាលផ្ដល់ជូន

បាត់ដំបង៖លោក ព្រួញ រិទ្ធថា ប្រធានមន្ទីរសាធារណការ និង ដឹកជញ្ជូនខេត្តបាត់ដំបងបានអះអាងថា គិតត្រឹមព្រឹកថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៤ប្រជាពលរដ្ឋរស់នៅក្នុងខេត្តបាត់ដំបង ប្រមាណជាងមួយម៉ឺនប្រាំពាន់នាក់ បានធ្វើដំណើរទៅមក ភ្នំពេញ-បាត់ដំបងនិងបាត់ដំបង-ភ្នំពេញ តាមរយៈរថយន្ត ក្រុងដែលសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា ផ្ដល់ជូនដើម្បីដឹក ជញ្ជូន ការធ្វើដំណើរដោយមិនគិតបាច់បង់ ប្រាក់នៅក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលទើបតែបញ្ចប់នេះ។

កាលពីព្រឹកថ្ងៃពុធទី១៧ ខែមេសា លោក ព្រួញ រិទ្ធថា ប្រធាន មន្ទីរសាធារណការបានអញ្ជើញចុះសាកសួរសុខ ទុក្ខ និងជូន ដំណើរប្រជាពលរដ្ឋឡើងឡានក្រុងចេញពីបាត់ដំបងត្រឡប់ទៅភ្នំពេញវិញបន្ទាប់ពីបញ្ចប់ការមកចូលរួមបុណ្យចូលឆ្នាំថ្មី
ប្រពៃណីជាតិនៅស្រុកកំណើត។

ខណៈនោះលោក ព្រួញ រិទ្ធថា បានថ្លែងអំណរគុណដល់ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា ដែល តែងតែគិតគូរដល់ បងប្អូន ប្រជាពលរដ្ឋ តាមរយៈនៃការផ្ដល់ឱ្យ ពលរដ្ឋបានធ្វើដំណើតាម រថយន្តក្រុងដោយឥតគិត ថ្លៃដើម្បី បានវិលទៅ កាន់ស្រុក កំណើតនៅក្នុងឱកាសនៃបុណ្យ ចូលឆ្នាំខ្មែរ។

លោកប្រធានមន្ទីរ ក៏បានផ្តល់ការលើកទឹកចិត្តនិងដាស់ តឿនក្រើន រំលឹកដល់អ្នកបើកបរ និងព្រូឡាន ទាំងអស់ សូមមានការប្រុង ប្រយ័ត្ន ខ្ពស់ពីសុវត្ថិភាពក្នុងពេលបើកបរ និងអ្នកដំណើរ ។

នៅមុនពេលឡើងឡានត្រូវធ្វើដំណើរត្រឡប់ទៅភ្នំពេញវិញ ប្រជាពលរដ្ឋ ទាំងនោះ បានសម្ដែងនូវអារម្មណ៍រំភើបរីក រាយនិង បានថ្លែងអំណរគុណ ចំពោះសម្ដេចធិបតី ហ៊ុន ម៉ាណែត ដែលបានផ្ដល់នូវការគិតគូរដល់ជីវភាពរបស់ប្រជាពលរដ្ឋទូទៅទាំងអស់។

សូមបញ្ជាក់ថា សម្រាប់ខ្សែរត់នៅតាមបណ្ដោយផ្លូវជាតិលេខ៥ (ភ្នំពេញ-បាត់ដំបង-ភ្នំពេញ)ប្រមុខរាជរដ្ឋាភិបាល បានផ្ដល់នូវ រថយន្តក្រុង ចំនួន៦៥គ្រឿង សម្រាប់ធ្វើដឹកជញ្ជូនប្រជាពលរដ្ឋ ទាំងទៅទាំងមកក្នុងឱកាសបុណ្យចូលឆ្នាំថ្មី៕


(អត្ថបទ-រូបភាព៖ អ៊ុក សំអាន បប)

ads banner