Tesla លក់រថយន្តមិនសូវដាច់ បញ្ឈប់បុគ្គលិកជាង១៤,០០០នាក់

វ៉ាស៊ីនតោន៖ គេហទំព័រព័ត៌មាន Electrek បានរាយការណ៍នាពេលថ្មីៗនេះថា ក្រុមហ៊ុន Tesla គ្រោងនឹងបញ្ឈប់បុគ្គលិកជាង ១០ភាគរយ ឬជាង ១៤,០០០នាក់ នៃចំនួនបុគ្គលិកសរុបនៅទូទាំងពិភពលោករបស់ខ្លួន។

ស្ថាបនិកក្រុមហ៊ុន Tesla លោក Elon Musk បានបញ្ជាក់នៅក្នុងសារអ៊ីម៉ែលផ្ញើទៅកាន់បុគ្គលិកថា ការកាត់បន្ថយបុគ្គលិកនាពេលនេះ គឺជាតម្រូវការចាំបាច់ បន្ទាប់ពីការលក់រថយន្តអគ្គិសនី (EV) បានធ្លាក់ចុះខ្លាំង។ នេះបើយោងតាម Electrek ដែលជាគេហទំព័រព័ត៌មានអនឡាញ ផ្តោតលើយានយន្តអគ្គិសនី (EV)។

បើតាមកាសែត Bloomberg លោក Musk កំពុងកែទម្រង់ក្រុមហ៊ុនរបស់លោកសារជាថ្មី ដោយព្យាយាមកាត់បន្ថយការចំណាយមួយចំនួន។ ហើយការកាត់បន្ថយចំនួនពលកម្មលើនេះ នឹងអាចឲ្យ Tesla បង្វែរថវិការដែលជួលបុគ្គលិកទាំងនោះ ដើម្បីពង្រីងអាជីវកម្មបន្ថែមទៀតជាពិសេសនៅក្រៅប្រទេស។

ក្រៅពីការកាត់បន្ថយបុគ្គលិក ក្រុមហ៊ុន Tesla របស់លោក Musk ក៏បានអនុវត្តការកាត់បន្ថយតម្លៃជាបន្តបន្ទាប់លើរថយន្តអគ្គិសនី (EV) ដើម្បីឆ្លើយតបទៅនឹងកំណើននៃការប្រកួតប្រជែង ក្នុងចំណោមក្រុមហ៊ុនផលិត និងការធ្លាក់ចុះកំណើនតម្រូវការនៅក្នុងទីផ្សារមួយចំនួន។

ការដឹកជញ្ជូនរថយន្តរបស់ក្រុមហ៊ុន Tesla នៅក្នុងត្រីមាសទីមួយនៃឆ្នាំ២០២៤នេះ បានថយចុះ ៨.៥ភាគរយពីមួយឆ្នាំទៅមួយឆ្នាំ មកត្រឹមចំនួនជាង ៣៨៦,០០០គ្រឿង។ នេះជាការធ្លាក់ចុះលើកដំបូងសម្រាប់ Tesla ក្នុងរយៈពេលជិត៤ឆ្នាំ។ លោក Musk ក៏បានរំពឹងដែរថា អត្រាលក់របស់ក្រុមហ៊ុន Tesla ក្នុងឆ្នាំ ២០២៤ ទំនងជាធ្លាក់ចុះខ្លាំង បើធៀបនឹងឆ្នាំ ២០២៣៕

ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner