រន្ទះ និងភ្លៀង សម្លាប់មនុស្ស៦៥នាក់ នៅប៉ាគីស្ថាន
អ៊ីស្លាម៉ាបាត៖ មនុស្សចំនួន៦៥នាក់បានស្លាប់ ដោយសារតែរន្ទះបាញ់ និងភ្លៀងធ្លាក់ខ្លាំងក្លា លាយលំជាមួយនឹងព្យុះ នៅតំបន់នានា ក្នុងប្រទេសប៉ាគីស្ថាន។
អាជ្ញាធរបាននិយាយថា ភ្លៀងធ្លាក់នៅខែមេសា ឆ្នាំនេះ បានកើនឡើងទ្វេដង ជាប្រវត្តិសាស្ត្រ។ គិតចាប់ពីថ្ងៃទី១ ដល់ ១៧ ខែមេសា គ្រាន់តែរន្ទះបាញ់ បានសម្លាប់មនុស្ស ២៨នាក់ កាលពីសប្តាហ៍មុន។ ក្រៅពីនេះ គឺស្លាប់ដោយសារទឹកជំនន់ និងគ្រោះថ្នាក់ផ្សេងៗ។ ខេត្តដែលមានចំនួនអ្នកស្លាប់ច្រើនជាងគេ គឺ ខេត្ត ឃីបឺ ប៉ាកទុនខ្វា (Khyber Pakhtunkhwa) នៅភាគពាយ័ព្យ។
ផ្ទះសម្បែង ជាង១៣០០ខ្នង ត្រូវបានបំផ្លិចបំផ្លាញ។ សាលារៀននៅតំបន់ខ្លះត្រូវបានបង្ខំចិត្តឲ្យបិទទ្វា។
អ្នកស្រុកនៃទីក្រុង Peshawar ឈ្មោះ Sher Rahmat និយាយថា «ទឹកជំនន់បានបំផ្លាញជញ្ជាំងផ្ទះរបស់យើង ហើយអ្វីៗទាំងអស់របស់យើង ត្រូវបានទឹកនាំទៅអស់ហើយ»។
យ៉ាងណាមិញ តំបន់ភាគច្រើន ប្រទេសប៉ាគីស្ថាន មិនសូវមានភ្លៀងធ្លាក់ កាលពីថ្ងៃអង្គារ និងថ្ងៃពុធ ប៉ុន្តែ ការព្យាករណ៍បង្ហាញថា នឹងមានភ្លៀងធ្លាក់បន្ថែមទៀត នៅក្នុងប៉ុន្មានថ្ងៃខាងមុខនេះ៕ ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត