ប្រជាពលរដ្ឋ ភ្ញៀវជាតិ អន្តរជាតិជាង ១,៧ លាននាក់ បានមកលេងខេត្តបាត់ដំបងក្នុងពេលចូលឆ្នាំថ្មី

បាត់ដំបង៖ មន្រ្តីជាន់ខ្ពស់នៃមន្ទីរទេសចរណ៍ខេត្តបាត់ដំបង បានឱ្យដឹងថា រយៈពេលបួនថ្ងៃនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណី ជាតិ ខ្មែរខេត្តបាត់ដំបង មានបងប្អូនប្រជាពលរដ្ឋ ភ្ញៀវទេសចរ ជាតិ អន្តរជាតិសរុបជាង ១,៧លាននាក់ បានមកកម្សាន្ត សប្បាយនៅខណៈដែលទូទាំងប្រទេសមានអ្នកដើរ កម្សាន្ត ជាង២១លាននាក់។

លោក ហម អរុណ អនុប្រធានមន្ទីរទេសចរណ៍ខេត្តបាត់ដំបង ប្រាប់ទូរទស្សន៍អប្សរាកាលពីថ្ងៃពុធទី១៧ ខែមេសាថា ក្នុង ឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិរយៈបួនថ្ងៃចាប់ពីថ្ងៃទី១៣-១៦ ខែមេសាឆ្នាំ២០២៤ ខេត្តបាត់ដំបងទទួលបានប្រជា ពលរដ្ឋ ភ្ញៀវទេសចរជាតិ អន្តរជាតិប្រមាណ ១ ៧៣៤ ៦២៩នាក់ កើនឡើងប្រមាណ ១៥,៦៣ ភាគរយ បើប្រៀប ធៀបនឹង ឆ្នាំ២០២៣ដែលមាន ១ ៥០០ ១៦៨ នាក់ ។ ក្នុងនោះភ្ញៀវជាតិ ១ ៧៣១ ៤៣២នាក់ កើនឡើង១៥,៦៣ ភាគរយ បើប្រៀបធៀបនឹងឆ្នាំ២០២៣មានតែ ១ ៤៩៧ ៤២១នាក់និងភ្ញៀវទេសចរអន្តរជាតិ ៣ ១៩៧នាក់កើនឡើង
១៦,៣៨ភាគរយបើប្រៀបធៀបនឹងឆ្នាំ២០២៣ មានតែ ២ ៧៤៧នាក់។

លោកអនុប្រធានមន្ទីរបានបង្ហាញពីមូលហេតុដែលធ្វើឱ្យបុណ្យចូលឆ្នាំថ្មីកន្លងទៅថ្មីៗនេះមានភ្ញៀវទេសចរកើនឡើងគឺដោយសារការរៀបចំព្រឹត្តិការណ៍សង្ក្រាន្តបាត់ដំបងមានភាពទាក់ទាញប្រជាពលរដ្ឋក្នុងខេត្ត ក៏ដូចជាភ្ញៀវពីគ្រប់ទិសទីមកលេង កម្សាន្តសប្បាយ ទាំងនៅក្នុងខេត្តក៏ដូចជាតាមស្រុក ។រមណីយ ដ្ឋាននានា ទាំងរមណីយដ្ឋានធម្មជាតិ ក៏ដូចជារមណីយដ្ឋាន វប្បធម៌ប្រវត្តិសាស្រ្ត បានរៀបចំត្រៀមលក្ខណៈគ្រប់គ្រាន់ ក្នុងការទទួលស្វាគមន៍ភ្ញៀវ ព្រមទាំងបានពង្រឹងនូវគុណភាព ផលិតផល និង សេវាកម្ម ទេសចរណ៍ តាមគោលដៅទេស ចរណ៍ សំខាន់ៗ ។

ក្នុងព្រឹត្តិការណ៍សង្ក្រាន្តនេះដែរ ប្រជាពលរដ្ឋ បានបង្ហាញ អារម្មណ៍សប្បាយរីករាយ និងពេញចិត្តចំពោះការរៀបចំ តុបតែង ព្រមទាំង សុខសុវត្ថិភាព សណ្ដាប់ធ្នាប់ របៀប រៀបរយសាធារណៈបានផ្តល់នូវភាពទាក់ទាញនិងកក់ក្តៅសម្រាប់ពួកគេ ។

សូមជម្រាបដែរថា ការរៀបចំព្រឹត្តិការណ៍សង្ក្រាន្តបាត់ដំបង ២០២៤ រយៈពេល៥ថ្ងៃនេះ ក្នុងគោលបំណងបង្កើតការ សប្បាយ រីករាយជូនដល់បងប្អូនប្រជាពលរដ្ឋក្នុង ឱកាសពិធី បុណ្យចូលឆ្នាំថ្មី ហើយក៏ដើម្បីផ្សព្វផ្សាយ ពីវប្បធម៌ ប្រពៃណី ដ៏ល្អផូរផង់ ។ជាមួយគ្នានេះតាមរយៈនៃការ រៀបចំឱ្យ មាន តំបន់ត្រជាក់ចិត្ត,តំបន់រណបត្រជាក់ចិត្តនៅវិថីសម្តេចក្រឡាហោម ,កម្មវិធីសិល្បៈ ,ការលេងល្បែងប្រជាប្រិយ ,ពិព័រណ៍ ផលិតផលតាមបណ្តាក្រុង-ស្រុកទាំង១៤ របស់ខេត្ត ,ការបង្ហាញមុខម្ហូបអ្នកបាត់ដំបង និងក្នុងពេល រាត្រីក៏មាន ការប្រគំតន្ត្រី បាញ់កាំជ្រួចព្រមទាំងការតុបតែងភ្លើង ចម្រុះ ពណ៌ផង ពិសេសការបង្ហាញ តាមរយៈបណ្ដាញ សង្គមនានា របស់ភ្ញៀវ ដែលបានមកដល់ខេត្តបាត់ដំបង បានទាក់ទាញភ្ញៀវ ដទៃទៀតឱ្យចាប់អារម្មណ៍មកទស្សនាកម្សាន្តខេត្តបាត់ដំបង៕
(អត្ថបទ-រូបភាព៖ អ៊ុក សំអាន បប)

ads banner