នៅកម្ពុជា អ្នកជំងឺផ្លូវចិត្តធ្ងន់ធ្ងរបន្តរងទារុណកម្មពីគ្រួសារដោយការដាក់ច្រវាក់
ភ្នំពេញ៖ បើទោះបីជាការព្យាបាលកាន់តែទំនើប ការដាក់ច្រវាក់នៅតែជាជម្រើសក្នុងចំណោមគ្រួសារដែលមានសមាជិកកើតជំងឺផ្លូវចិត្តធ្ងន់ធ្ងរ ឬជំងឺចិត្តវិកល។ គិតត្រឹមដើមខែមេសា ឆ្នាំ២០២៤ អង្គការចិត្តសង្គមអន្តរវប្បធម៌ ឬ TPO បានរកឃើញអ្នកជំងឺផ្លូវចិត្តជាង១៣០ នាក់ត្រូវបានក្រុមគ្រួសាររបស់ពួកគេចាក់ច្រវាក់ជាប់ជើង។
ក្នុងចំណោមអ្នកជំងឺទាំងនោះ មានបុរស ៨០ នាក់ និងស្ត្រី ៥៣ នាក់។ ជើងរបស់ពួកគេត្រូវចាក់ដោយច្រវាក់ដែកភ្ជាប់នឹងរបង ឬសសរផ្ទះដើម្បីបង្ខាំងមិនឱ្យទៅរំខានអ្នកស្រុក ជាពិសេសនៅពេលជំងឺវិកលរើឡើង។
លោក ស៊ាង លាប អ្នកផ្តល់ប្រឹក្សាផ្នែកផ្លូវចិត្ត និងអ្នកសម្របសម្រួលគម្រោងនៃអង្គការ TPO បានប្រាប់ទូរទស្សន៍អប្សរាថា ការដាក់ច្រវាក់ជាទារុណកម្មដែលធ្វើឲ្យអ្នកជំងឺផ្លូវចិត្តរងគ្រោះពីរត្រួត។
«ការចង់បង្ខាំងអ្នកជំងឺទុកចោលនេះ គឺទាមទារឱ្យមានការជួយ ដើម្បីធ្វើឱ្យគាត់ បានធូស្បើយ ហើយមានសេរីភាព ហើយចូលមករួមរស់មកជុំគ្រួសារ។ ប្រសិនជាមិនមានការជួយទេ ពួកគាត់ ត្រូវបានបង្ខំាំងរហូតទៅដល់ថ្ងៃស្លាប់»។
សម្រាប់ក្រុមគ្រួសារឬអាណាព្យាបាលរបស់អ្នកជំងឺផ្លូវចិត្តវិញ និយាយថា ទារុណកម្មនេះជាការបង្ខំចិត្តត្បិតគ្មានជម្រើស។ ស្ត្រីជាម្តាយវ័យ៧០ឆ្នាំ រស់នៅខេត្តព្រៃវែង បានចាក់ច្រាវាក់ជើងកូនប្រុសរបស់គាត់អស់ពេលជាង២០ឆ្នាំ។ ដោយសុំមិនបញ្ចេញឈ្មោះ លោកយាយលើកឡើងថា ប្រសិនបើលោកយាយមិនធ្វើបែបនេះទេ កូនប្រុសរបស់លោកយាយអាចដើររំខានគេ។
នៅបាត់ដំបងឯណោះវិញ អាណាព្យាបាលម្នាក់ ដាក់ច្រវាក់កូនស្រីដែលមានជំងឺផ្លូវចិត្ត១៩ឆ្នាំមកហើយ។ អ្នកស្រីថា ខ្លាចនាងលួចចេញក្រៅផ្ទះ និងរងការរំលោភបំពាន។
លើសពីការបាត់បង់សេរីភាព និងអាចធ្វើឲ្យពិការរាងកាយ លោក នី សុខា ប្រធានសមាគមការពារសិទ្ធិមនុស្ស អាដហុក ចាត់ទុកថា នេះជាការរំលោភសិទ្ធិមនុស្ស និងជាការប៉ះពាល់ដល់សេចក្តីថ្លៃថ្នូររបស់បុគ្គលផងដែរ។ លោកថា រដ្ឋាភិបាល និងអាជ្ញាធរពាក់ព័ន្ធអាចដោះស្រាយបានតាមរយៈការដាក់ចេញគោលនយោបាយ និងបង្កើតមណ្ឌលថែរក្សាអ្នកជំងឺដែលមានក្រុមគ្រូពេទ្យជំនាញ។
ឯកឧត្តម ឌីន បូរី អគ្គនាយកសេវាសង្គមកិច្ច នៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងឯកឧត្តម តូច ចាន់នី រដ្ឋលេខាធិការ នៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា មិនទាន់អាចសុំការអត្ថាធិបប្បាយជុំវិញករណីនេះបានទេ គិតត្រឹមថ្ងៃពុធនេះ។
របាយការណ៍យូនីសេហ្វស្ដីពីស្ថានភាពពិភពលោកនៅឆ្នាំ២០២១ បានរកឃើញថា យុវវ័យម្នាក់ក្នុងចំណោម ៧នាក់ នៅទូទាំងសកលលោកត្រូវបានគេរកឃើញថាកំពុងរស់នៅជាមួយវិបត្តិផ្លូវចិត្ត។ មនុស្សដែលមានសុខភាពផ្លូវចិត្តធ្ងន់ធ្ងរបានស្លាប់ ១០ ទៅ ២០ ឆ្នាំមុន អ្នកដែលមិនមានជំងឺផ្លូវចិត្ត។ ដោយឡែកនៅកម្ពុជាវិញ របាយការណ៍ Our World In Data បង្ហាញថា ១២ភាគរយ នៃប្រជាជនសរុបមានបញ្ហាផ្លូវចិត្ត ប៉ុន្តែ ពុំទាន់មានកំណត់ហេតុជាក់លាក់អំពីអ្នកជំងឺផ្លូវចិត្តដែលមានសភាពធ្ងន់ធ្ងរនៅឡើយទេ៕
ដោយ៖ឡុង គីម ម៉ារីតា