ល្មើសល្បឿន និងមិនគោរពសិទ្ធិ នៅតែជាឃាតករលើដងផ្លូវក្នុងថ្ងៃចូលឆ្នាំ
ភ្នំពេញ៖ បួនថ្ងៃនៃពិធីបុណ្យចូលឆ្នាំខ្មែរ ពោលគឺពីថ្ងៃទី១៣ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៤ មានមនុស្ស ៣៩នាក់បានស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍ និងរបួសជិត១០០នាក់។ យោងតាមទិន្នន័យរបស់នាយកដ្ឋាននគរបាលចរាចរណ៍ផ្លូវគោក និងសណ្តាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានបង្ហាញថា ការបើកបរលើសល្បឿនកំណត់ និងការមិនគោរពសិទ្ធិនៅតែជាមូលហេតុចម្បងនៅពីក្រោយសោដនាដកម្មដ៏អាក្រក់នេះ។
របាយការណ៍នេះបានបង្ហាញថា ក្នុងចំណោមគ្រោះថ្នាក់ចរាចរណ៍ទាំង៦០ករណីនោះ មានល្មើសល្បឿនចំនួន ២២ករណី, មិនគោរពសិទ្ធិចំនួន ២៥ករណី, មិនប្រកាន់ស្តាំ បួនករណី, ជែងបីករណី, បត់គ្រោះថ្នាក់មួយករណី, ស្រវឹងបួនករណី និងកត្តាយានយន្តមួយករណី។
លោក គឹម បញ្ញា នាយកប្រចាំប្រទេស នៃអង្គការមូលនិធិបង្ការរបួសអាស៊ី និយាយថា តួលេខនៃគ្រោះថ្នាក់ចរាចរណ៍អំឡុងពិធីបុណ្យចូលឆ្នាំនេះ គឺជាតួលេខខ្ពស់។ លោកកត់សម្គាល់ថា ចាប់តាំងពីដើមឆ្នាំ២០២៤មក ឃើញថា ចំនួនគ្រោះថ្នាក់ចរាចរណ៍នៅកម្ពុជាចាប់ផ្តើមកើន បើធៀបនឹងឆ្នាំមុនៗ។ លោកថា ការអប់រំ និងក្រើនរំលឹកត្រូវតែធ្វើឱ្យបានជាប់ជាប្រចាំ។
ក្នុងរយៈពេលពេញមួយឆ្នាំ២០២៣ មានជនរងគ្រោះជាង ១៥០០នាក់បានស្លាប់នៅលើដងផ្លូវដោយគ្រោះថ្នាក់ចរាចរ។ ដើម្បីរឹតបណ្តឹងការអនុវត្តច្បាប់ និងទោសទណ្ឌ ក្រសួងមហាផ្ទៃកំពុងបង្កើតប្រព័ន្ឋផ្ទុកទិន្នន័យបញ្ជីខ្មៅ ឬ Black List សម្រាប់កត់ត្រាអ្នកបើកបរដែលបង្កគ្រោះថ្នាក់ចរាចរណ៍បណ្តាលឲ្យមានអ្នករងរបួសឬស្លាប់៕
ដោយ៖ទួន សុផល