នៅថ្ងៃទី២៥ ខែមេសា រដ្ឋសភានឹងបន្តសម័យប្រជុំរដ្ឋសភាលើកទី២ នីតិកាលទី៧ ដើម្បីប្រកាសសុពលភាពអាណត្តិតំណាងរាស្រ្តថ្មីចំនួនពីររូប ជំនួសតំណាងរាស្រ្តចាស់ដែលបានសុំលាលែង

ភ្នំពេញ៖ រដ្ឋសភានឹងបន្តសម័យប្រជុំរដ្ឋសភាលើកទី២ នីតិកាលទី៧ នៅព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤ ដើម្បីប្រកាសសុពលភាពអាណត្តិតំណាងរាស្រ្តថ្មីចំនួនពីររូបជំនួសតំណាងរាស្រ្តចាស់ ដែលបានសុំលាលែង ក្នុងនោះមាន ឯកឧត្តម ចាប ម៉ុច ជាតំណាងរាស្រ្តមណ្ឌលខេត្តកណ្តាលជំនួសសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង ឯកឧត្តម ទេព សុធីរ ជាតំណាងរាស្រ្តមណ្ឌលខេត្តកណ្តាល ជំនួស ឯកឧត្តម ប្រាក់ សុខុន។

ការកំណត់ថ្ងៃបន្តសម័យប្រជុំរដ្ឋសភាលើកទី២ នីតិកាលទី៧ បានធ្វើឡើងបន្ទាប់ពីសម្តេចរដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្រៃ្តយ៍រដ្ឋសភា នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៨ ខែមេសា ឆ្នាំ២០២៤ ដើម្បីពិនិត្យអនុម័តលើរបៀបវារៈមួយចំនួន។

សូមជម្រាបថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ប្រធានគណបក្សប្រជាជនកម្ពុជា និងជាអតីតតំណាងរាស្រ្តមណ្ឌលខេត្តកណ្តាល កាលពីថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៤ បានដាក់លិខិតលាឈប់ពីសមាជិករដ្ឋសភា នីតិកាលទី៧ ដោយត្រូវជាប់ទៅបំពេញភារកិច្ចថ្មី។ នេះបើយោងតាមពាក្យសុំលាឈប់របស់សម្តេចតេជោ ហ៊ុន សែន ជម្រាបជូនសម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា។

ការដាក់ពាក្យលាឈប់ពីសមាជិករដ្ឋសភា នីតិកាលទី៧ ដោយសម្តេចតេជោ ហ៊ុន សែន ត្រូវទៅធ្វើជាប្រធានព្រឹទ្ធសភា ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា នីតិកាលទី៥ នេះ។ ឯកឧត្តម ប្រាក់ សុខុន អតីតតំណាងរាស្រ្តមណ្ឌលខេត្តកណ្តាល និងឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ កាលពីថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៤ បានដាក់លិខិតលាលែងពីសមាជិករដ្ឋសភា ដើម្បីទៅកាន់តួនាទីថ្មី នៅព្រឹទ្ធសភា។

គួរបញ្ជាក់ថា ថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៤ សមាជិក សមាជិកា ព្រឹទ្ធសភា បានបោះឆ្នោតផ្តល់សេចក្តីទុកចិត្តជ្រើសរើសសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ធ្វើជាប្រធានព្រឹទ្ធសភា នីតិកាលទី៥។ ឯកឧត្ដម ប្រាក់ សុខុន អនុប្រធានទី១ និងឯកឧត្ដម អ៊ុច បូររិទ្ធ អនុប្រធានទី២ ព្រឹទ្ធសភា នីតិកាលទី៥៕
ដោយ៖ពលជ័យ
រូបភាព៖រដ្ឋសភា

ads banner