ប្រជាជនអាហ្វ្រិក ៦០០លាននាក់ប្រឈមមុខនឹងកង្វះអគ្គិសនី
វ៉ាស៊ីនតោន៖ ធនាគារពិភពលោក (WB) បានប៉ាន់ប្រមាណថា មនុស្សប្រហែល ៦០០លាននាក់នៅក្នុងទ្វីបអាហ្រ្វិក បច្ចុប្បន្នមិនមានលទ្ធភាពប្រើប្រាស់អគ្គិសនីបានទេ ដែលនេះជាកត្តាសំខាន់រារាំងដល់ការបង្កើតការងារ និងការអភិវឌ្ឍន៍សេដ្ឋកិច្ចនៅទ្វីបអាហ្វ្រិកទាំងមូល។
ប្រធានធនាគារពិភពលោក (WB) លោក Ajay Banga នៅថ្ងៃពុធនេះ បានបញ្ជាក់ថា ផែនការប្រកបដោយមហិច្ឆិតារបស់ធនាគារពិភពលោក (WB) នោះគឺជួយប្រជាជនអាហ្វ្រិកចាប់ពី ១០០លាន ទៅជាង ២៥០លាននាក់ ឱ្យមានអគ្គិសនីប្រើប្រាស់នៅឆ្នាំ ២០៣០។
លោក Ajay Banga បាននិយាយថា ធនាគារពិភពលោកបានប្តេជ្ញាចិត្តជួយប្រជាជនអាហ្វ្រិកចំនួន ១០០លាននាក់ ឱ្យមានអគ្គិសនីប្រើប្រាស់ក្នុងតម្លៃសមរម្យនៅឆ្នាំ ២០៣០។ហើយយើងនឹងបង្កើនការប្តេជ្ញាចិត្តនេះបន្ថែមទៀត រហូតទាល់តែប្រជាជនអាហ្វ្រិកចំនួន ២៥០នាក់ ក្នុងចំណោម ៦០០លាននាក់ មានអគ្គិសនីប្រើប្រាស់បានគ្រប់គ្រាន់។
លោក Banga បន្ថែមថា ក្រៅពីធនាគារពិភពលោក (WB) ធនាគារអភិវឌ្ឍន៍អាហ្រ្វិកក៏កំពុងជួយមនុស្សប្រមាណ ៥០លាននាក់បន្ថែមទៀតផងដែរ ឱ្យមានអគ្គិសនីប្រើប្រាស់នៅទូទាំងទ្វីបអាហ្រ្វិកនៅចុងទសវត្សរ៍នេះ៕
ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា