ចិន និងអាមេរិក ទាស់គ្នារឿងបន្ទះឈីប ទម្លាក់ប្រាក់ចំណូលក្រុមហ៊ុនហូឡង់
ឡាអេ៖ ក្រុមហ៊ុនបច្ចេកវិទ្យាកំពូលរបស់ប្រទេសហូឡង់ ASML ដែលផ្គត់ផ្គង់ម៉ាស៊ីនផលិតបន្ទះឈីបដល់ឧស្សាហកម្មផលិតបន្ទះឈីប បានរាយការណ៍ពីការធ្លាក់ចុះប្រាក់ចំណេញសុទ្ធ និងការបញ្ជាទិញ។
ការធ្លាក់ចុះដែលកើតមានពេល ចិន និងអាមេរិក កំពុងប្រឈមមុខដាក់គ្នានៅលើវិស័យបន្ទះឈីប។ តាំងពីរដ្ឋបាលអតីតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ មកម្ល៉េះ អាមេរិកដាក់សម្ពាធលើឧស្សាហកម្មបច្ចេកវិទ្យារបស់ចិន ដែលជាដៃគូប្រកួតប្រជែងធំបំផុតរបស់ខ្លួន។
ក្នុងនោះ អាមេរិកបានទប់ស្កាត់ការលក់បច្ចេកវិទ្យាផលិតបន្ទះឈីបរបស់ហូឡង់ទៅឱ្យប្រទេសចិន ហើយវាបណ្តាលឱ្យក្រុមហ៊ុនហូឡង់ ASML មិនអាចលក់ម៉ាស៊ីន lithography ដ៏ទំនើបបំផុតរបស់ខ្លួនទៅឱ្យចិនបានទេ។
ប្រាក់ចំណេញសុទ្ធរបស់ក្រុមហ៊ុនហូឡង់ ASML មានប្រហែល១.៣ពាន់លានដុល្លារ នៅក្នុងត្រីមាសទី១ ឆ្នាំ២០២៤ ធ្លាក់ចុះពី២.១ពាន់លានុដល្លារកាលពីត្រីមាសទី១ឆ្នាំមុន។
ការកម្ម៉ង់ទុកមុនបានធ្លាក់ចុះដល់ ៣.៨ពាន់លានដុល្លារនៅត្រីមាសទី១ ឆ្នាំ២០២៤។ បើធៀបនឹងត្រីមាសទី៤ឆ្នាំមុន ការបញ្ជាទិញមានចំនួន ៩.៨ពាន់លានដុល្លារ។ ទន្ទឹមគ្នា ភាគហ៊ុនរបស់ក្រុមហ៊ុន ASML ក៏បានធ្លាក់ចុះជាង ៦ភាគរយផងដែរ។
សម្រាប់ត្រីមាសទី២ ឆ្នាំ២០២៤នេះ ក្រុមហ៊ុន ASML បានរំពឹងថា ការលក់សរុបរបស់ខ្លួននឹងមានទឹកប្រាក់ចន្លោះពី ៥.៧ ទៅ ៦.២ពាន់លានអឺរ៉ូ ឬជាង ៦.៦ពាន់លានដុល្លារ៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា