ព្រឹកនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ពោធសមិទ្ធផល និងបិទវគ្គ បណ្តុះបណ្តាល និងហ្វឹកហ្វឺន នៅសាកលវិទ្យាល័យការពារជាតិ

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជា ណា ចក្រ កម្ពុជា អញ្ជើញជាអធិបតី សម្ពោធដាក់ឱ្យប្រើប្រាស់អគារសហសិក្សា អគារស្នាក់នៅ អគារអាហារដ្ឋាន និងបិទវគ្គបណ្ដុះបណ្ដាល និងហ្វឹកហ្វឺន ឆ្នាំ២០២៣ បន្តបើកវគ្គសិក្សាឆ្នាំ២០២៤ នៅសាកលវិទ្យាល័យការពារជាតិ នាព្រឹកថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៤ ។

អគារសាលសហសិក្សា អគារស្នាក់នៅ អគារអាហារដ្ឋាន ដែលសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនេះ ជាអំណោយរបស់សម្តេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដោយបានចាប់ផ្តើមសាងសង់កាលពីថ្ងៃទី៤ ខែតុលា ឆ្នាំ២០២០ និងបានបញ្ចប់នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៣ ។

សាកលវិទ្យាល័យការពារជាតិ គឺជាគ្រឹះស្ថាន ឧត្តមសិក្សារបស់ ក្រសួង ការពារជាតិ ដោយសិក្សាលើផ្នែកវិភាគស្ថានការណ៍សន្តិសុខ វាយតម្លៃការ គំរាមកំហែងមកលើសន្តិសុខជាតិ គោលនយោបាយការពារជាតិ កិច្ចការ ពារព្រំដែន កិច្ចការពារសន្តិសុខជាតិ កំណែទម្រង់យោធា ការចូលរួមក្នុង វិស័យការពារជាតិ និងសន្តិសុខលើឆាកអន្តរជាតិ សិក្សាផ្នែកវិទ្យា សាស្ត្រ យោធា វិទ្យាសាស្ត្រសង្គម វិទ្យាសាស្ត្រពិត និងភាសាបរទេសជូនកង យោធពល ខេមរភូមិន្ទ ។

សាកលវិទ្យាល័យការពារជាតិ មានភារកិច្ចបណ្តុះបណ្តាល និងហ្វឹកហ្វឺន ជូននាយទាហានជាន់ខ្ពស់ នាយទាហាន នាយទាហានអាជីព និងនាយទាហានជំនាញឯកទេស ដើម្បីក្លាយជានាយទាហាន នៃកងយោធពលខេមរភូមិន្ទ ប្រកបទៅដោយសមត្ថភាព និងមាន លក្ខណៈសម្បត្តិគ្រប់គ្រាន់ក្នុងការស្រាវជ្រាវ វិភាគ និង វាយតម្លៃ លើការអនុវត្តវិធានការយុទ្ធសាស្ត្រគោលនយោបាយការពារជាតិ និងការអនុវត្តន៍តួនាទី ភារកិច្ច ជានាយទាហាន ជាមេបញ្ជាការ និងជាសេនាធិការដឹកនាំបញ្ជា ។

ការបណ្តុះបណ្តាល និងហ្វឹកហ្វឺនដល់កងកម្លាំង គឺជាកិច្ចការដែលត្រូវបាន យកចិត្តទុកដាក់ខ្ពស់តាំងពីក្រោយថ្ងៃរំដោះថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ ដើម្បី បង្កើន សមត្ថភាពកងកម្លាំងថែរក្សាការពារទឹកដី ជាពិសេស ការពារ ជាតិពីការ ប៉ុនប៉ងវិលមកគ្រប់គ្រងប្រទេស ឡើងវិញពីបនប្រល័យ ពូជសាសន៍ ប៉ុល ពត។ ដំបូងឡើយសាកលវិទ្យាល័យការពារជាតិ មានឈ្មោះត្រឹមជាសាលាអប់រំ ហ្វឹកហ្វឺន បណ្តុះបណ្តាលនាយទាហានមធ្យម-ជាន់ខ្ពស់ប៉ុណ្ណោះ។ សាលានេះ មានបេសកកម្មហ្វឺកហ្វឺនអប់រំនាយទាហានថ្នាក់មធ្យម និងហ្វឹកហ្វឺននាយទាហានជាន់ខ្ពស់មានរយៈពេលពី៦ខែ ដល់មួយឆ្នាំ។

លុះដល់ខែមេសា ឆ្នាំ១៩៩៧ សម្តេចតេជោ ហ៊ុន សែន បានប្តូរឈ្មោះសាលាខាងលើ មកជាសាលាបណ្ឌិតសភាយោធា នៃកងយោធពលខេមរភូមិន្ទ។ នៅឆ្នាំ២០០១ បានប្តូរឈ្មោះមកជាវិទ្យាស្ថានយោធាកម្ពុជា។ នៅខែវិច្ឆិកា ឆ្នាំ២០០៦ វិទ្យាស្ថាននេះ ត្រូវបានប្តូរឈ្មោះ និងដំឡើងកម្រិតជា «សាកលវិទ្យាល័យការពារជាតិ» ដោយដាក់ឱ្យចំណុះក្រសួងការពារជាតិ។

សាកលវិទ្យាល័យការពារជាតិ មាន៦មហាវិទ្យាល័យ, ៣មជ្ឈមណ្ឌល, ១សេនាធិការហ្វឹកហ្វឺន និង ៩ការិយាល័យចំណុះ ដែលមានមហាវិទ្យាល័យការពារជាតិ មហាវិទ្យាល័យបញ្ជាការសេនាធិការ មហាវិទ្យាល័យ វិទ្យាសាស្ត្រសង្គម និងភាសា មហាវិទ្យាល័យអប់រំចិត្តសាស្ត្រ និងស្រាវជ្រាវវិទ្យាសាស្ត្រយោធា មហាវិទ្យាល័យពត៌មានវិទ្យា មហាវិទ្យាល័យភស្តុភារ ហិរញ្ញវត្ថុយោធា មជ្ឈមណ្ឌលបណ្ដុះបណ្តាលក្រោយបរិញ្ញាបត្រ មជ្ឈមណ្ឌលកិច្ចការ សាស្ត្រាចារ្យ យោធាចារ្យ មជ្ឈមណ្ឌលស្រាវជ្រាវអភិវឌ្ឍន៍ឯកសារ និងបណ្ណាល័យ ១សេនាធិការហ្វឹកហ្វឺន និង៩ការិយាល័យចំណុះសាកលវិទ្យាល័យការពារជាតិ ។

គិតចាប់ពីឆ្នាំ២០១៩ ដល់ឆ្នាំ២០២៣ សាកលវិទ្យាល័យការពារជាតិ បានបណ្តុះបណ្តាល និងហ្វឹកហ្វឺននិស្សិតនៃកងយោធពលខេមរភូមិន្ទ និងនិស្សិតយោធាបរទេសសរុបចំនួន៧៥វគ្គ ស្មើនឹង ៤,៩២៩នាក់។ ដោយឡែកវគ្គសិក្សាឆ្នាំ២០២៣ សាកលវិទ្យាល័យការពារជាតិ បានបណ្តុះបណ្តាល និងហ្វឹកហ្វឺនបានចំនួន ១៨វគ្គ មាននិស្សិតសិក្សាចំនួន ១,៤២០នាក់ ក្នុងនោះបានប្រឡងបញ្ចប់វគ្គសិក្សាឆ្នាំ២០២៣ ចំនួន ១២វគ្គ ដែលមាននិស្សិត ៩៥៩នាក់ និងបន្តវគ្គសិក្សាក្នុងឆ្នាំ២០២៤ ចំនួន ៦វគ្គ មាននិស្សិតចំនួន ៤៩១នាក់។ ក្នុងនោះមាននិស្សិតយោធាបរទេសចំនួន ៩៣នាក់ ដែលមកពី ៤ប្រទេស គឺប្រទេសវៀតណាម ចំនួន ៥៤នាក់ ប្រទេសឡាវចំនួន ២០នាក់ ប្រទេសថៃចំនួន ៨នាក់ និងមកពីប្រទេស មីយ៉ាន់ម៉ាចំនួន១១នាក់។

ក្នុងឆ្នាំសិក្សា២០២៤ សាកលវិទ្យាល័យការពារជាតិ នឹងដំណើរការ បើកវគ្គសិក្សាចំនួន១៧វគ្គ ក្នុងនោះវគ្គថ្មីចំនួន១១វគ្គ មាននិស្សិតស្មើនឹង ៦១៣នាក់ និងវគ្គបន្តចំនួន ៦វគ្គ មាននិស្សិតស្មើនឹង ៤៩១នាក់ ដែលមាននិស្សិតជាតិ និងអន្តរជាតិសរុបទាំងអស់ ចំនួន១,១០៤នាក់ ៕

ដោយ ៖ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner