ដាច់ឆ្នាំនេះ អ្នកប្រើ Telegram នឹងកើនដល់ ១ពាន់លាននាក់
អត្ថបទដោយ៖
លន់ សារ៉ាត
បរទេស៖ ស្ថាបនិកបណ្តាញសង្គម Telegram បាននិយាយថា អ្នកប្រើប្រាស់កម្មវិធីផ្ញើសារមួយនេះ មាន៩០០លាននាក់ហើយ ដោយជឿជាក់ថា នឹងឈានដល់ ១ពាន់លាននាក់ នៅត្រឹមដំណាច់ឆ្នាំ២០២៤នេះ។
លោក Pavel Durov ជនជាតិរុស្សីដែលបង្កើត App Telegram បាននិយាយ នៅក្នុងបទសម្ភាសន៍ដ៏កម្រមួយ ចេញផ្សាយ កាលពីថ្ងៃពុធថា ជារៀងរាល់ថ្ងៃ មានអ្នកប្រើប្រាស់ថ្មីៗពីរលាន៥ សែននាក់ បានចុះឈ្មោះប្រើបណ្តាញសង្គមមួយនេះ។
ទន្ទឹមនឹងភាពជោគជ័យ វេទិកាដែលដំណើរការផ្លូវការ តាំងពីឆ្នាំ២០១៣ មួយនេះ ត្រូវបានរិះគន់ចំពោះការកេងប្រវ័ញ្ចពាណិជ្ជកម្ម លើទិន្នន័យផ្ទាល់ខ្លួន របស់អ្នកប្រើប្រាស់។ ប៉ុន្តែ Telegram បានបដិសេធ។ បើធៀបនឹងវេទិកាបណ្តាញសង្គមផ្សេងទៀត ចំនួនអ្នកប្រើ Telegram នៅក្រោម WhatsApp នៅឡើយ។ WhatsApp ត្រូវបានគេចុះផ្សាយថា មានអ្នកប្រើប្រាស់សកម្ម ជាប្រចាំខែច្រើន ជាងពីរពាន់លាននាក់៕ ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ