រដ្ឋមន្ត្រីសេដ្ឋកិច្ចអាល្លឺម៉ង់ទៅដល់អ៊ុយក្រែន មិនជូនដំណឹងមុន
គៀវ៖ លោក Robert Habeck រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនៃប្រទេសអាល្លឺម៉ង់បានធ្វើទស្សនកិច្ចដ៏គួរឱ្យភ្ញាក់ផ្អើលមួយ ឬ មិនបានប្រកាសឲ្យដឹងជាមុន ទៅកាន់ទីក្រុង Kyiv ប្រទេសអ៊ុយក្រែន។
លោក Robert Habeck ដែលក៏ជាអនុអធិការបតីអាល្លឺម៉ង់ផងដែរ រូបនេះ បានទៅទីនោះ ដើម្បីពិភាក្សាអំពីការស្តារឡើងវិញ ក្រោយសង្គ្រាម និងបង្ហាញការគាំទ្រ បន្ទាប់ពីការវាយប្រហាររបស់រុស្ស៊ី លើហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ របស់អ៊ុយក្រែន។
លោក Habeck បានប្រាប់អ្នកយកព័ត៌មានថា «ដំណើរទស្សនកិច្ចនេះកើតមានឡើង ក្នុងពេលដែលអ៊ុយក្រែនត្រូវការការគាំទ្រ ក្នុងការប្រយុទ្ធដើម្បីសេរីភាព»។ លោកបានបន្ថែមទៀតថា ជារឿងសំខាន់ដែលពិភពលោក អឺរ៉ុប និងអាល្លឺម៉ង់ មិនត្រូវភ្លេច ព្រោះ អ៊ុយក្រែនកំពុងប្រយុទ្ធ ក្នុងតម្លៃមួយ ដែលអាចកំណត់អំពីស្ថានភាពអឺរ៉ុប។
អាឡឺម៉ង់ កាលពីចុងសប្តាហ៍ បានប្រកាសថា ខ្លួននឹងបញ្ជូនប្រព័ន្ធការពារដែនអាកាស Patriot បន្ថែម ទៅកាន់អ៊ុយក្រែន។ រដ្ឋាភិបាលក្រុងគៀវបាននិយាយថា ខ្លួនអស់សព្វាវុធដើម្បីទប់ទល់នឹងកាំជ្រួច ព្រមទាំងយន្តហោះគ្មានមនុស្សបើក របស់រុស្ស៊ី ខណៈក្រុងម៉ូស្គូ បង្កើនការវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធថាមពលនានា របស់អ៊ុយក្រែន៕ ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត