ធ្លាក់ឧទ្ធម្ភាគចក្រ ស្លាប់ប្រមុខការពារជាតិកេនយ៉ា

ណៃរ៉ូប៊ី៖ ប្រធានាធិបតីនៃប្រទេសកេនយ៉ា លោក William Ruto បានប្រកាសថា ប្រមុខការពារជាតិ និងមន្ត្រីយោធាជាន់ខ្ពស់ ៩ នាក់ផ្សេងទៀតបានស្លាប់ ក្នុងពេលធ្លាក់ឧទ្ធម្ភាគចក្រមួយគ្រឿង នៅតំបន់ដាច់ស្រយាល កាលពីថ្ងៃព្រហស្បតិ៍។

លោក Ruto បានប្រាប់អ្នកយកព័ត៌មានថា «នៅរសៀលម៉ោង ២៖២០នាទី ប្រទេសរបស់យើងបានជួបឧបទ្ទវហេតុផ្លូវអាកាសដ៏សោកនាដកម្មមួយ… ខ្ញុំមានការសោកស្ដាយជាខ្លាំង ក្នុងការប្រកាសពីការស្លាប់របស់ឧត្តមសេនីយ Francis Omondi Ogolla»។

លោក Ruto បានប្រាប់អ្នកយកព័ត៌មាន ដោយបន្ថែមថា មន្ត្រីពីរនាក់ នៅរស់រានមានជីវិត។ លោកបាននិយាយថា កងកម្លាំងអាកាសកេនយ៉ា បានចាត់បញ្ជូនក្រុមស៊ើបអង្កេត ស្វែងរកមូលហេតុពិតប្រាកដ។ ប្រភពបានបញ្ជាក់ទៀតថា ប្រមុខការពារជាតិរូបនេះ បានជួបហេតុការណ៍អាក្រក់ ក្នុងពេលបំពេញកាតព្វកិច្ច បម្រើប្រទេសជាតិ។

បើតាមលោកប្រធានាធិបតី ហេតុការណ៍នេះបានកើតឡើង នៅក្នុងស្រុក Elgeyo Marakwet ចម្ងាយប្រហែល ៤០០ គីឡូម៉ែត្រ ភាគពាយព្យនៃរដ្ឋធានី Nairobi ។

លោក Ruto បានប្រកាសកាន់ទុក្ខបីថ្ងៃ ដោយត្រូវចាប់ផ្តើមពីថ្ងៃសុក្រនេះ៕ ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner