សហរដ្ឋអាមេរិក និង អង់គ្លេស ដាក់ទណ្ឌកម្មលើកម្មវិធីយន្តហោះដ្រូនរបស់ អ៊ីរ៉ង់

វ៉ាស៊ីនតោន៖ សហរដ្ឋអាមេរិក និងអង់គ្លេស នៅថ្ងៃព្រហស្បតិ៍នេះ បានប្រកាសដាក់ទណ្ឌកម្មដ៏ទូលំទូលាយមួយ ប្រឆាំងនឹងកម្មវិធីយន្តហោះដ្រូនយោធារបស់អ៊ីរ៉ង់ ដើម្បីឆ្លើយតបទៅនឹងការវាយប្រហារលើអ៊ីស្រាអែល។

ប្រធានាធិបតីអាមេរិក លោក Joe Biden បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ថ្ងៃនេះ យើងកំពុងធ្វើឱ្យអ៊ីរ៉ង់ទទួលខុសត្រូវ ដោយការដាក់ទណ្ឌកម្មថ្មី និងការរឹតបន្តឹងលើការនាំចេញ។

យោងតាមនាយកដ្ឋានរតនាគារអាមេរិក បានឱ្យដឹងថា ការដាក់ទណ្ឌកម្មរបស់ទីក្រុងវ៉ាស៊ីនតោន សំដៅលើមនុស្សចំនួន ១៦នាក់ និងក្រុមហ៊ុនចំនួន២ ដែលជាប់ពាក់ព័ន្ធនឹងកម្មវិធីយន្តហោះដ្រូន (UAV) របស់អ៊ីរ៉ង់។

ជាមួយគ្នានេះ រដ្ឋាភិបាលអង់គ្លេសក៏បានប្រកាសពីការដាក់ទណ្ឌកម្មផ្ទាល់ខ្លួនប្រឆាំងនឹងអ៉ីរ៉ង់ផងដែរ ដោយផ្តោតលើបុគ្គលចំនួន៧នាក់ និងក្រុមហ៊ុនចំនួន៦ ដែលអនុញ្ញាតឱ្យអ៊ីរ៉ង់បន្តធ្វើឱ្យមានអស្ថិរភាពក្នុងតំបន់ រួមទាំងការវាយប្រហារដោយផ្ទាល់លើអ៊ីស្រាអែល។

នាយករដ្ឋមន្ត្រីអង់គ្លេស លោក Rishi Sunak បាននិយាយថា ការវាយប្រហាររបស់អ៊ីរ៉ង់ ប្រឆាំងនឹងអ៊ីស្រាអែល គឺជាទង្វើដែលមិនប្រុងប្រយ័ត្ន និងជាការបង្កើនភាពតានតឹងដ៏គ្រោះថ្នាក់។

លោក Sunak បន្ថែមថា អង់គ្លេសបានដាក់ទណ្ឌកម្មលើមេដឹកនាំកំពូលនៃយោធាអ៊ីរ៉ង់ និងកងកម្លាំងដែលទទួលខុសត្រូវ ចំពោះការវាយប្រហារលើអ៉ីស្រាអែលកាលពីចុងសប្តាហ៍កន្លងទៅ។

លោក Sunak បានសង្កត់ធ្ងន់ទៀតថា ទណ្ឌកម្មទាំងនេះ បានប្រកាសស្របគ្នាជាមួយសហរដ្ឋអាមេរិក ដើម្បីបញ្ជាក់ថា ពួកយើងថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះអាកប្បកិរិយានេះ ហើយពួកយើងនឹងដាក់កម្រិតបន្ថែមទៀតលើអ៊ីរ៉ង់ ឆ្លើយតបនឹងសកម្មភាពអស្ថិរភាពក្នុងតំបន់៕

ប្រភព: AFP ប្រែសម្រួលដោយ: ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner