តម្លៃប្រេងហក់ឡើង ៣ភាគរយភ្លាមៗ ក្រោយអ៊ីស្រាអែលសងសឹកអ៊ីរ៉ង់វិញ

ហុងកុង៖ តម្លៃប្រេងបានកើនឡើងចំនួន ៣ដុល្លារក្នុងមួយបារ៉ែល នៅថ្ងៃសុក្រនេះ បន្ទាប់ពីមានរបាយការណ៍ថា អ៊ីស្រាអែលបានបើកការវាយលុកសងសឹកអ៊ីរ៉ង់វិញ ដែលបង្កឱ្យមានការព្រួយបារម្ភថា ការផ្គត់ផ្គង់ប្រេងនៅមជ្ឈិមបូព៌ាអាចត្រូវបានរំខាន។

តម្លៃប្រេងឆៅប្រភេទ Brent បានកើនឡើង ២.៦៣ដុល្លារ ឬ ៣ភាគរយដល់ ៨៩.៧៤ដុល្លារក្នុងមួយបារ៉ែល ខណៈដែលតម្លៃប្រេងឆៅអាមេរិកប្រភេទ West Texas Intermediate បានកើនឡើង ២.៥៦ដុល្លារ ឬ ៣.១ភាគរយ ដល់ ៨៤.៦៦ដុល្លារក្នុងមួយបារ៉ែល។

ការកើនឡើងតម្លៃប្រេងនេះ កើតឡើងបន្ទាប់ពីសារព័ត៌មានអាមេរិក ABC News បានចេញផ្សាយថា មីស៊ីលរបស់អ៊ីស្រាអែលបានវាយប្រហារលើគោលដៅមួយ ស្ថិតនៅក្នុងទឹកដីអ៊ីរ៉ង់កាលពីយប់ថ្ងៃព្រហស្បតិ៍ ឈានចូលថ្ងៃសុក្រនេះ។

ទីភ្នាក់ងារសារព័ត៌មានអ៊ីរ៉ង់ Fars បានរាយការណ៍ថា ស្នូរផ្ទុះមួយបានកើតឡើងនៅឯអាកាសយានដ្ឋានមួយក្នុងទីក្រុង Isafahan តែមិនទាន់ដឹងពីមូលហេតុនៅឡើយទេ។ ចំណែកទូរទស្សន៍អាមេរិក CNN វិញក៏បានរាយការណ៍ដែរថា ជើងហោះហើរជាច្រើនត្រូវបង្វែរទិសដៅហោះហើរចេញពីដែនអាកាសអ៊ីរ៉ង់។

ដោយឡែកការផ្គត់ផ្គង់ប្រេងឆៅរបស់ពិភពលោក បានទទួលរងការរំខាន បន្ទាប់ពីវ៉េណេស៊ុយអេឡាបានបាត់បង់អាជ្ញាប័ណ្ណដ៏សំខាន់របស់សហរដ្ឋអាមេរិក ដែលអនុញ្ញាតឱ្យសមាជិក OPEC មួយនេះ អាចនាំចេញប្រេងទៅកាន់ទីផ្សារទូទាំងពិភពលោក។

បន្ថែមលើនេះ សហរដ្ឋអាមេរិកក៏បានប្រកាសដាក់ទណ្ឌកម្មលើអ៊ីរ៉ង់ ដែលជាសមាជិកអង្គការ OPEC ផងដែរ ដោយបានកំណត់គោលដៅលើកម្មវិធីអភិវឌ្ឍយន្តហោះគ្មានមនុស្សបើករបស់អ៊ីរ៉ង់ បន្ទាប់ពីការវាយប្រហារលើអ៊ីស្រាអែលកាលពីចុងសប្តាហ៍មុន។ ប៉ុន្តែទណ្ឌកម្មលើអ៊ីរ៉ង់មិនរាប់បញ្ចូលឧស្សាហកម្មប្រេងរបស់ប្រទេសនេះទេ៕

ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner