រដ្ឋមន្រ្តីក្រសួងព័ត៌មាន បញ្ជាក់អំពីសារៈសំខាន់នៃ ការរៀបចំ ស្ដង់ដាប្រតិបត្តិរួម សម្រាប់វិជ្ជាជីវៈសារព័ត៌មាន

ភ្នំពេញ៖ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្រ្តីក្រសួងព័ត៌មានបាន លើកឡើងថា និយមន័យ ក្រមសីលធម៌វិជ្ជាជីវៈ គឺសំដៅ ដល់ គោលការណ៍ រួម,ជាមាគ៌ាតម្រង់ការប្រតិបត្តិការងារ ទង្វើ ឬ សកម្មភាពក្នុងការអនុវត្តតួនាទី ភារកិច្ច តាមគន្លងប្រតិបត្តិ ស្តង់ដា អាជីព ដើម្បីធានា ភាពត្រឹមត្រូវ ភាពស្របច្បាប់ និង សុចរិតភាពក្នុងសង្គម។

ឯកឧត្តម នេត្រ ភក្រ្តា បញ្ជាក់យ៉ាងដូច្នេះក្នុងសិក្ខាសាលា តម្រង់ ទិសដើម្បីរៀបចំស្ដង់ដាប្រតិបត្តិរួម សម្រាប់វិជ្ជាជីវៈ សារព័ត៌មាន កាលពីព្រឹកថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៤ នៅ ទីស្តីការក្រសួងព័ត៌មាន ដោយមានការចូលរួមពី ម្ចាស់អង្គភាព ប្រព័ន្ធផ្សព្វផ្សាយ អង្គការសមាគម ដែលធ្វើការលើវិស័យ ព័ត៌មាន អ្នកសារព័ត៌មានជាតិ និងអន្តរជាតិ រួមទាំងថ្នាក់ដឹកនាំ មន្រ្តីជំនាញនៃក្រសួង ព័ត៌មាន។

រំលេចពីគោលបំណងនៃការប្រារព្ធសិក្ខាថា ឯកឧត្តមរដ្ឋមន្រ្តី បាន លើកឡើងថា បច្ចុប្បន្នក្រមសីលធម៌ វិជ្ជាជីវៈសារព័ត៌មាន ហាក់បី ដូច ជាស្ថិត ក្នុងភាពស្រពេចស្រពិល ពោលគឺនៅ មិន ទាន់មានចំណុចរួមមួយថា ត្រូវអនុវត្តឱ្យ ត្រឹមត្រូវឈរ លើគោល ការណ៍ រួមយ៉ាង ដូចម្តេច? បែបណា?។ឯកឧត្តមបន្តថា ចំណុច ត្រូវអនុវត្តក្នុងនាមជាអ្នកសារព័ត៌មាន គឺត្រូវស្វែងរក និងរាយ ការណ៍ព័ត៌មានដែល ពិត ។ប្រកាន់ជំហរលើភាពត្រឹមត្រូវជានិច្ច ដោយមិនលំអៀង ។រក្សាតុល្យភាពព័ត៌មាន និងត្រូវផ្ដល់ ឱកាស ដល់គ្រប់ភាគីដែល ពាក់ព័ន្ធក្នុងសាច់រឿង ។អ្នក សារព័ត៌ មាន ត្រូវបែងចែកឱ្យដាច់រវាងព័ត៌មាន និងការបញ្ចេញ មតិផ្ទាល់ ខ្លួន។ រាល់ការបញ្ចេញមតិ ឬរិះគន់ ត្រូវធ្វើឡើងដោយភាពថ្លៃ ថ្នូរ និងគោរពសិទ្ធិអ្នកដទៃ។ រាយការណ៍ដោយមាន ប្រភព ច្បាស់លាស់ និងត្រូវផ្ទៀងផ្ទាត់ព័ត៌មាន។ ត្រូវស្វែងរក និង ផលិតព័ត៌មានដោយភាពសុច្ចរិតដើម្បីផ្សព្វផ្សាយព័ត៌មានពិតច្បាស់លាស់ ដល់សាធារណជនដើម្បីកុំឱ្យមហាជន មានភាព ភាន់ច្រឡំ និងត្រូវគោរពប្រពៃណី។ចូលរួមថែរក្សា និងការពារ អត្តសញ្ញាណវប្បធម៌ជាតិ។

ឯកឧត្តមរដ្ឋមន្រ្តី នេត្រ ភក្រ្តា បានក្រើនរំលឹកថា នាមជា អ្នកសារព័ត៌មាន ត្រូវជៀសវាងការប្រើពាក្យរិះគន់ ឬការ ផ្សព្វផ្សាយដែល នាំឱ្យមានការរើសអើងគ្រប់ទម្រង់ ក៏ដូច ជាបង្កគ្រោះថ្នាក់ដល់ជនដែលមានពិការភាព ស្រ្តី និងកុមារ ឬអ្នកជំងឺផ្លូវកាយ និងផ្លូវចិត្ត និងមិនត្រូវផ្សព្វផ្សាយព័ត៌មាន ដែលបង្កើតឱ្យមានការញុះញង់ បង្អួចកេរ្តិ៍ឈ្មោះ ឬបំភ្លៃ ក្រឡៃ ការពិត ដែលនាំឱ្យកើតចលាចលក្នុង សង្គមជាដើម។

ឯកឧត្តមរដ្ឋមន្ត្រីក្រសួងព័ត៌មានបញ្ជាក់ថា គ្មានច្បាប់ណាចាប់ និងហាមឃាត់អ្នកសារព័ត៌មានមិនឱ្យបញ្ចេញមតិ និងផ្ដល់ភាព ចម្រុះ នៃគំនិតនោះទេក្នុងសង្គមប្រជាធិបតេយ្យ។ ប៉ុន្តែ អ្នក សារព័ត៌មានត្រូវប្រុងប្រយ័ត្នជានិច្ច និងជៀសវាងដាច់ខាត នូវការសរសេរ និងរាយការណ៍ព័ត៌មានទាំងឡាយណា ដែល ផ្ទុយពីក្រមសីលធម៌វិជ្ជាជីវៈ និងប្រព្រឹត្តបទកំហែង ទារដែល ខុសទាំងស្រុងពីច្បាប់ស្តី ពីរបបសារព័ត៌មាន និងច្បាប់ផ្សេងៗ ទៀតជាធរមាន៕
ដោយ៖ ង៉ាន់ ទិត្យ
រូបភាព៖ រិន រចនា

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner