ក្រសួងផែនការ បើកវគ្គបណ្តុះបណ្តាលមន្រ្តីត្រួតពិនិត្យ សម្រាប់អង្កេតចន្លោះ ជំរឿនប្រជាជន ឆ្នាំ២០២៤

(ភ្នំពេញ)៖ ក្រសួងផែនការ បានបន្តបើកវគ្គបណ្តុះបណ្តាលមន្រ្តីប្រចាំតំបន់ មន្រ្តីជំនួយការតំបន់ និងមន្រ្តីត្រួតពិនិត្យ សម្រាប់អង្កេតប្រជាជននៅព្រះរាជាណាចក្រកម្ពុជា ឆ្នាំ២០២៤ ក្រោមវត្តមាន ឯកឧត្តម ប៊ិន ត្រឈៃ រដ្ឋមន្រ្តីក្រសួងផែនការ នៅព្រឹកថ្ងៃទី១៩ ខែ មេសា ឆ្នាំ២០២៤។

ឯកឧត្តម ទ្រី ឬទ្ធា អគ្គនាយកវិទ្យាស្ថានជាតិស្ថិតិ បានបញ្ជាក់ថា គោលបំណងចម្បងនៃអង្កេតចន្លោះជំរឿនប្រជាជននៅកម្ពុជា ឆ្នាំ២០២៤ គឺដើម្បីបំពេញតម្រូវការចាំបាច់ នៃការប្រើប្រាស់ទិន្នន័យរបស់រាជរដ្ឋាភិបាល និងស្ថាប័នពាក់ព័ន្ធផ្សេងៗទៀត ទាក់ទងនឹង ប្រជាជន សុខភាព និងបញ្ហាសង្គមដូចជារចនាសម្ព័នអាយុ ភេទរបស់ប្រជាជន ជាតិពន្ធុ (ភាសាកំណើត) សាសនា ពិការភាព ស្ថានភាពអប់រំ មុខវិជ្ជាជំនាញដែលទទួលបាន ស្ថានភាពការងារ វិស័យការងារ ផ្នែកការងារ និងសេដ្ឋកិច្ច សង្គមកិច្ច ភាពមាន ឬគ្មានការងារធ្វើ អសកម្មជនសេដ្ឋកិច្ច មរណភាពទារក មរណភាពកុមារ មរណភាពមាតា អាយុសង្ឃឹមរស់ ស្ថានភាពអាពាហ៍ពិពាហ៍ កម្រិតលទ្ធភាពមានកូន ចំណាកស្រុកក្នុងនិងក្រៅប្រទេស ចរឹតលក្ខណៈផ្ទះសម្បែង និងបរិស្ថាន ដូចជាគោលដៅក្នុងការប្រើប្រាស់អគារ/សំណង់ ការកាន់កាប់លំនៅដ្ឋាន ប្រភពបំភ្លឺចម្បង ប្រភពថាមពលប្រើប្រាស់សម្រាប់ចំអិនអាហារ ទឹកស្អាត គ្រប់គ្រងបង្គន់អនាម័យ ការទុកដាក់ កាកសំណល់លាមក ការប្រើប្រាស់គណនីធនាគារ ការប្រើប្រាស់ថ្នាំជក់ ការប្រើប្រាស់អ៊ិនធើណែត ការវាយតម្លៃ ចំណេះដឹង ឥរិយាបទ ការអនុវត្ត និងកត្តាហានិភ័យម្រាប់ជំងឺមិនឆ្លង និងរបួស និងទ្រព្យសម្បត្តិដែលគ្រួសារមាន សម្រាប់វិភាគពហុសមាសធាតុក្រីក្រក្នុងចំណោមប្រជាជនកម្ពុជា ដើម្បីបំពេញតម្រូវក្នុងការរៀបចំធ្វើគោលនយោ បាយអភិវឌ្ឍន៍ជាតិដូចជាផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ (NSDP) គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព កម្ពុជា (CSDGs) ធ្វើបច្ចុប្បន្នភាពគោលនយោបាយជាតិ ប្រជាជនឆ្នាំ២០១៦-២០៣០ កម្មវិធីសុខភាពមាតា និង ទារក កម្មវិធីសង្គមកិច្ច និងស្តារនិតិសម្បទាសម្រាប់ជនពិការ កម្មវិធីនារីរតនៈរបស់ក្រសួងកិច្ចការនារី និងរៀបចំ ផែនការតាមវិស័យជាច្រើនទៀតដើម្បីគាំទ្រយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា ។

ឯកឧត្តម ប៊ិន ត្រឈៃ មានប្រសាសន៍ថា វគ្គបណ្តុះបណ្តាលមន្ត្រីប្រចាំតំបន់ មន្ត្រីជំនួយការតំបន់ និងមន្ត្រីត្រួតពិនិត្យសម្រាប់អង្កេត ចន្លោះជំរឿនប្រជាជននៅកម្ពុជា ឆ្នាំ២០២៤» នាពេលនេះ គឺជា ព្រឹត្តិការណ៍ដ៏សំខាន់លើកទីបី ក្នុងកាលប្បប្រវិត្តនៃអង្កេតចន្លោះជំរឿនប្រជាជននៅកម្ពុជា ដែលជាធម្មតា ត្រូវបានប្រារព្ធធ្វើឡើង ស្របតាមលិខិតបទដ្ឋានគតិយុត្ត ដែលបានចែង និងកំណត់ អង្កេតចន្លោះជំរឿនប្រជាជនកម្ពុជា នឹងត្រូវធ្វើឡើងរៀងរាល់ ១០ឆ្នាំម្តង ឬ៥ឆ្នាំបន្ទាប់ពីការធ្វើជំរឿនទូទៅប្រជាជនចប់ ដែលនាយកដ្ឋានស្ថិតិប្រជាសា ស្ត្រ ជំរឿន និងអង្កេត នៃវិទ្យាស្ថានជាតិស្ថិតិមានកាតព្វកិច្ចក្នុងការបំពេញភារកិច្ចលើ ការងារអង្កេតនេះ ស្របតាមចក្ខុវិស័យ និងបេសសកម្ម របស់នាយកដ្ឋាន ដែលមានចែង ក្នុងអនុក្រឹតលេខ ១៤៤ និង ១៨២ ។

ឯកឧត្តម រដ្ឋមន្រ្តី បានបន្តថា ទិន្នន័យត្រឹមត្រូវ ធ្វើឱ្យការដាក់ផែនការបានល្អ និងជួយឱ្យរដ្ឋាភិបាល រៀបចំគោលដៅនយោបាយស៊ីជម្រៅ ទិន្នន័យនេះ គឺមានសារៈ សំខាន់ខ្លាំងណាស់ ដូច្នេះហើយត្រូវតែមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះទិន្នន័យនេះ។ ក្រសួងផែនការ ត្រូវបន្តបង្កើនសមត្ថភាព មន្ត្រីរបស់ខ្លួនជាប្រចាំជាប់មិនដាច់ សម្រាប់ការងារអង្កេត និងជំរឿនចាំបាច់នានា ពិសេសគឺសមត្ថភាពផលិតទិន្នន័យញែក ដែលនឹង ប្រែក្លាយទិន្នន័យឱ្យទៅជាព័ត៌មានលម្អិត ជាក់លាក់ គ្រប់គ្រាន់ ទាន់ពេល និងមានគុណភាព ដើម្បីឆ្លើយតប ទៅនឹងតម្រូវការសម្រាប់រាជរដ្ឋាភិបាលប្រើប្រាស់ទាន់ពេលក្នុងការវាយ តម្លៃស្ថានភាពកំពុងកើតមានមានការវិភាគរកបញ្ហា និងការឆ្លើយតប និងការលើកផែនការ សម្រាប់អនាគតចំគោលដៅ។

ឯកឧត្តម ប៊ិន ត្រឈៃ ផ្តាំផ្ញើឱ្យសិក្ខាកាមទាំងអស់ យកចិត្តទុកដាក់ស្តាប់គ្រូឧទ្ទេស ពិភាក្សាឱ្យបានផុលផុស អំពីកម្រងសំណួរ មករៀនឱ្យបានទៀងទាត់ រក្សាឱ្យបានសណ្តាប់ធ្នាប់ក្នុងនាមជាសិក្ខាកាម ហើយរាល់ចំណេះដឹង វិន័យ និងបទពិសោធន៍ល្អៗ ដែល ទទួលបានពីវគ្គបណ្តុះបណ្តាលនេះ នឹងត្រូវបន្តផ្តល់ ដល់មន្ត្រីសម្ភាសន៍ស្រង់ទិន្នន័យនៅតាមបណ្តា រាជធានី ខេត្ត ៕

ដោយ ៖ វណ្ណលុក
ប្រភព ៖ ក្រសួងផែនការ

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner