ក្រសួងរៀបចំដែនដី និងរដ្ឋបាលខេត្តកំពង់ធំ ឯកភាពគ្នាពន្លឿនការងារចុះបញ្ជីដីធ្លីដែលនៅសេសសល់ជូនប្រជាពលរដ្ឋ

(កំពង់ធំ)៖ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងរដ្ឋបាលខេត្តកំពង់ធំ ឯកភាពគ្នាពន្លឿនការងារចុះបញ្ជីដីធ្លីដែលនៅសេសសល់ជូនប្រជាពលរដ្ឋក្នុងរយៈពេល ២ឆ្នាំ ដើម្បីពន្លឿនការងារចុះបញ្ជីដីធ្លីតាមគោលនយោបាយ “ចុះបញ្ជីដីធ្លីបញ្ចប់ សេវាគាប់ចិត្តនិងបរិយាកាសគ្មានវិវាទ” ។ ការលើកឡើងនេះ ក្នុងកិច្ចប្រជុំជំរុញការចុះបញ្ជីដីធ្លីក្នុងភូមិសាស្ត្រខេត្តកំពង់ធំ ក្រោមអធិបតីភាពឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នាថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៤ ។

ឯកឧត្តម ងួន រតនៈ អភិបាលខេត្តកំពង់ធំ បានឱ្យដឹងថា រដ្ឋបាលខេត្តកំពង់ធំ ដោយមានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់និងសុរិយោដីខេត្ត ជាសេនាធិការ បានដាក់ចេញនូវផែនការចុះបញ្ជីដីធ្លីបញ្ចប់ចំនួន ២២៥ ៣២៤ ក្បាលដី លើ ២៧៧ ភូមិ ៤៧ឃុំ និង ៧ ស្រុក ក្នុងរយៈពេល ២ឆ្នាំ(២០២៤ -២០២៥ ) ដោយបានបន្ថែមធនធានមនុស្សចំនួន ១៤៩នាក់និងចែកជា ៧ក្រុម ។

ឯកឧត្តមបានបញ្ជាក់បន្ថែមថា មកដល់ពេលនេះ ក្រុមការងារចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធបានចុះបញ្ជីដីចំនួន ៣៨២ ភូមិ ក្នុង ៣៤ឃុំ ក្នុងនោះវាស់វែងបាន ៣៦៨ ២៦៤ ក្បាលដី និងចែកបណ្ណកម្មសិទ្ធិដីធ្លីបាន ៣៣៩ ០៥៧បណ្ណ ។

ជាមួយនេះ អនុវត្តតាមបទបញ្ជារបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា រដ្ឋបាលខេត្តកំពង់ធំបានជំរុញឱ្យមន្ទីររៀបចំដែនដីនគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត សហការជាមួយរដ្ឋបាលក្រុង ស្រុក ក្នុងការចុះវាស់វែងដីដើម្បីធ្វើបណ្ណសម្គាល់សិទ្ធិកាន់កាប់ ប្រើប្រាស់អាស្រ័យផលជូនប្រជាពលរដ្ឋលើទីតាំងដីដែលបានកាត់ឆ្វៀលពីតំបន់៣ មកតំបន់២ និងទីតាំងតំបន់២ចាស់ ក្នុង៦ក្រុង ស្រុក ដែលមានផ្ទៃដីសរុប ១២០ ៦៩៥ ហិកតា ដែលជាលទ្ធផលវាស់វែងបាន ១៤ ២៣០ ក្បាលដី ស្មើនឹង ៧០ ១៧៩ហិកតា ស្មើនឹង ៧ ៣៣១គ្រួសារ ស្មើនឹង ៥៨,១៥% ។

ក្នុងឱកាសនោះដែរ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានគូសបញ្ជាក់ថា ក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់ ក៏ដូចជាមន្ទីរ បាននិងកំពុងអនុវត្តយ៉ាងខ្ជាប់ខ្ជួននិងពេញលេញនូវយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីមានប្រសាសន៍បន្តថា កិច្ចការរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ មិនអាចអនុវត្តតែឯងបានទេ គឺត្រូវមានការចូលរួមសហការពីគ្រប់ភាគីពាក់ព័ន្ធទើបការងារដំណើរការដោយរលូននិងមានប្រសិទ្ធភាព ហើយកិច្ចការធំដែលត្រូវអនុវត្តគឺការជ្រោងទង់សាមគ្គីឯកភាពផ្ទៃក្នុងលើវិស័យរៀបចំដែនដី ដែលជាការងារមួយដ៏សំខាន់និងចាំបាច់សម្រាប់រៀបចំដំណើរឆ្ពោះទៅមុខក្នុងអាណត្តិទី៧នេះ។

សូមជម្រាបថា រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា បានដាក់ចេញនូវយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ ដែលក្នុងនោះរួមបញ្ចូល ការធ្វើកំណែទម្រង់ដីធ្លី និងនគរូបនីយកម្មឱ្យកាន់តែស៊ីជម្រៅ ជាមួយនឹងការបង្កើតឱ្យមាននូវគោលនយោបាយដីធ្លី ៣ចំណុចរួមមាន ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ការដោះស្រាយវិវាទដីធ្លីក្រៅប្រព័ន្ធតុលាការ និងការផ្ដល់សេវារដ្ឋបាលដីធ្លីជូនប្រជាពលរដ្ឋប្រកបដោយតម្លាភាព និងប្រសិទ្ធភាពខ្ពស់ សំដៅលើកកម្ពស់កម្រិតជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។

ការងារចុះបញ្ជីដីធ្លី ដើម្បីបន្តផ្តល់បណ្ណកម្មសិទ្ធិដល់ប្រជាជនឱ្យបានលឿន ដើម្បីជាមូលដ្ឋានប្រភពសេដ្ឋកិច្ច និងសុវត្ថិភាពនៃការកាន់កាប់ដីធ្លី ជាអាទិភាពទី៥ នៃទិសដៅអាទិភាពគោលនយោបាយ ១៥ចំណុច ដែលក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានដាក់ចេញ ផ្អែកទៅលើអាទិភាព នៃយុទ្ធសាស្រ្តបញ្ចកោណ ក្នុងបញ្ចកោណទី៤ មុំទី៤ ៕

ដោយ / គ្រី សម្បត្តិ

គ្រី សម្បត្តិ
គ្រី សម្បត្តិ
ជាអ្នកយកព័ត៌មាននៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍អប្សរា។ ដោយសារទេពកោសល្យ និងភាពប៉ិនប្រសប់ ក្នុងការសរសេរអត្ថបទ ថត និងកាត់តព័ត៌មាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner