មេដឹកនាំពិភពលោកអំពាវនាវឱ្យមានភាពអត់ធ្មត់ ក្រោយអ៉ីស្រាអែលវាយលុកសងសឹកអ៉ីរ៉ង់

តេហេរ៉ង់: មេដឹកនាំពិភពលោក នៅថ្ងៃសុក្រនេះ បានអំពាវនាវឱ្យមានភាពស្ងប់ស្ងាត់ និងអត់ធ្មត់ បន្ទាប់ពីមានសេចក្តីរាយការណ៍ អំពីការសងសឹករបស់អ៊ីស្រាអែលប្រឆាំងនឹងអ៊ីរ៉ង់។

រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Hossein Amir-Abdollahian និយាយថា យន្តហោះដ្រូនខ្នាតតូចរបស់អ៊ីស្រាអែល ដែលប្រើប្រាស់ក្នុងប្រតិបត្តិការវាយប្រហារអ៉ីរ៉ង់ មិនបានបណ្តាលឲ្យមានមនុស្សស្លាប់ ឬខូចខាតនោះទេ។

ប្រព័ន្ធផ្សព្វផ្សាយផ្លូវការអ៉ីរ៉ង់បានរាយការណ៍ថា ប្រព័ន្ធការពារដែនអាកាសក្នុងទីក្រុងជាច្រើនបានធ្វើសកម្មភាព បន្ទាប់ពីទូរទស្សន៍រដ្ឋបានបញ្ជាក់ថា ការផ្ទុះមួយត្រូវបានគេឮនៅជិតទីក្រុង Isfahan ជាទីក្រុងធំទីបីរបស់ប្រទេសអ៊ីរ៉ង់។

រីឯមន្ត្រីអ៊ីស្រាអែលមិនស្គាល់អត្តសញ្ញាណម្នាក់បានប្រាប់កាសែត Washington Post ថា ការវាយប្រហារខាងលើនេះ គឺជាការសងសឹកការដែលយន្តហោះគ្មានមនុស្សបើក និងកាំជ្រួចរបស់អ៊ីរ៉ង់វាយលុកលើអ៉ីស្រាអែល ហើយថែមទាំងបានបង្ហើបថា អ៊ីស្រាអែលអាចនឹងវាយប្រហារចូលទៅក្នុងទឹកដីអ៊ីរ៉ង់ទាំងមូល។

ចំណែកមន្ត្រីអ៊ីរ៉ង់បីនាក់បានប្រាប់កាសែត The New York Times ថា យន្តហោះគ្មានមនុស្សបើកតូចៗបានអនុវត្តការវាយប្រហារពីខាងក្រៅចូលទៅក្នុងប្រទេសអ៊ីរ៉ង់ ហើយប្រពន្ធរ៉ាដាមិនបានរកឃើញយន្តហោះណាមួយ ហោះចូលដែនអាកាសអ៊ីរ៉ង់នោះទេ។ ដោយឡែកទីភ្នាក់ងារព័ត៌មានអ៉ីរ៉ង់ Fars បានរាយការណ៍ថា “ការផ្ទុះចំនួនបីលើក” បានកើតឡើងនៅជិតទីក្រុង Qahjavarestan នៅជិតព្រលានយន្តហោះ Isfahan និងមូលដ្ឋានទ័ពអាកាស Shekari ទី៨។

អ្នកនាំពាក្យទីភ្នាក់ងារអវកាសអ៊ីរ៉ង់ លោក Hossein Dalirian បាននិយាយនៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម X ថា មិនមានរបាយការណ៍នៃការវាយប្រហារដោយមីស៊ីលទេ។ ទីភ្នាក់ងារសារព័ត៌មាន IRNA ផ្លូវការបាននិយាយថា របាយការណ៍បានបង្ហាញថា មិនមានការខូចខាតធំដុំ ឬការផ្ទុះទ្រង់ទ្រាយធំ ដែលបណ្តាលមកពីផលប៉ះពាល់នៃការវាយលុកតាមអាកាសណាមួយឡើយ។

គួរបញ្ជាក់ថា អ៊ីស្រាអែលធ្លាប់បានព្រមានថា ខ្លួននឹងវាយបកវិញ បន្ទាប់ពីអ៊ីរ៉ង់បានបាញ់កាំជ្រួចរាប់រយគ្រាប់ និងយន្តហោះគ្មានមនុស្សវាយប្រហារមកលើខ្លួនកាលពីជិតមួយសប្តាហ៍មុន ជាការសងសឹកចំពោះការវាយប្រហារតាមអាកាសកាលពីថ្ងៃទី១ ខែមេសា របស់អ៉ីស្រាអែល ដែលបានធ្វើឱ្យខូចខាតស្ថានកុងស៊ុលអ៊ីរ៉ង់នៅទីក្រុងដាម៉ាស និងបានសម្លាប់កងកម្លាំងបដិវត្តន៍អ៉ីរ៉ង់៧នាក់៕

ប្រភព: AFP ប្រែសម្រួលដោយ: ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner