រាជរដ្ឋាភិបាល ជ្រើសរើសពេទ្យបន្ថែមប្រមាណ ២ពាន់នាក់ ដើម្បីបម្រើតាមមណ្ឌលសុខភាពទូទាំងប្រទេស
(សៀមរាប)៖ រាជរដ្ឋាភិបាល បានជ្រើសរើសពេទ្យបន្ថែមប្រមាណ២ពាន់នាក់ ដើម្បីបម្រើតាមមណ្ឌលសុខភាពទូទាំងប្រទេស ខណៈដែលមណ្ឌលសុខភាពទូទាំងប្រទេស នឹងបើក២៤ម៉ោង លើ២៤ម៉ោង ដើម្បីបម្រើពលរដ្ឋ នាពេលខាងមុខ ។ នេះជាការគូសបញ្ជាក់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ខណៈអញ្ជើញជាអធិបតី សម្ពោធអគារមជ្ឈមណ្ឌលផ្ដល់សេវាវះកាត់បំពាក់ឧបករណ៍ដ៏ទំនើប នៃមន្ទីរពេទ្យបង្អែកខេត្តសៀមរាប តម្លៃជិត ២០លានដុល្លារ ជាជំនួយរបស់រាជរដ្ឋាភិបាល និងប្រជាជនជប៉ុន នៅព្រឹកថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៤ ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា រាជរដ្ឋាភិបាលបានជ្រើសរើសពេទ្យបន្ថែមប្រមាណ ២ពាន់នាក់ ដើម្បីបម្រើតាមមណ្ឌលសុខភាពទូទាំងប្រទេស ទោះបីពលរដ្ឋអញ្ជើញទៅពេទ្យយប់ម៉ោងប៉ុន្មាន ក៏មានពេទ្យនៅប្រចាំការអាចសង្រ្គោះបឋមភ្លាមៗ ។
សម្តេចធិបតី មានប្រសាសន៍ទៀតថា ជំនាញបឋម មានសារសំខាន់ណាស់ ក្នុងការជួយសង្គ្រោះបឋម។ សម្តេចធិបតី បន្តថា រាជរដ្ឋាភិបាលបញ្ចេញកញ្ចប់ថវិកា ប្រមាណ ១៧០លានដុល្លារ ដើម្បីពង្រឹងពេទ្យមូលដ្ឋាន។
សម្តេចបានបញ្ជាក់ថា ទោះតម្លៃណាក៏ដោយ រាជរដ្ឋាភិបាលមិនថយដៃក្នុងការចំណាយចំពោះវិស័យអប់រំ និងវិស័យសុខាភិបាល ទេ ។
សម្តេចនាយករដ្ឋមន្ត្រី ក៏បានណែនាំឲ្យពង្រឹងសមត្ថភាពផ្តល់សេវាសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ ដើម្បីសង្គ្រោះអាយុជីវិត អ្នកជំងឺ និងពង្រឹងប្រសិទ្ធភាពនៃប្រព័ន្ធបញ្ជូនអ្នកជំងឺ ឬ ជនរងគ្រោះដែលត្រូវការសេវាសង្គ្រោះបន្ទាន់ឱ្យបានទាន់ពេលវេលា ។ សេវាសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ និង រថយន្តគិលានសង្គ្រោះ ត្រូវត្រៀមលក្ខណៈរួចជាស្រេច ដោយមានគ្រូពេទ្យ បុគ្គលិកប្រចាំការ ២៤ម៉ោង លើ ២៤ ម៉ោង មានឧបករណ៍សង្គ្រោះ ឱសថ និងមធ្យោបាយទំនាក់ទំនងគ្រប់គ្រាន់សម្រាប់អន្តរាគមន៍ ៕
អត្ថបទ ៖ វណ្ណលុក
រូបភាព ៖ វ៉េង លីមហួត, សួង ពិសិដ្ឋ និង ង៉ាន ទិត្យ