សម្ដេចធិបតី ហ៊ុន ម៉ាណែត ណែនាំឲ្យបង្កើនសមត្ថភាពសេវាសង្គ្រោះបឋម ដើម្បីកាត់បន្ថយគ្រោះថ្នាក់ដល់ជីវិត

(សៀមរាប)៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ណែនាំឲ្យបង្កើនសមត្ថភាព ផ្ដល់សេវាសង្គ្រោះបឋម និងសង្គ្រោះបន្ទាន់បានត្រឹមត្រូវ និងទាន់ពេលវេលា ដើម្បីកាត់បន្ថយគ្រោះថ្នាក់ ដល់អាយុជីវិតរបស់ប្រជាពលរដ្ឋ។

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រី កម្ពុជា បានថ្លែងដូច្នេះក្នុងពិធី សម្ពោធអគារមជ្ឈមណ្ឌលផ្ដល់សេវាវះកាត់បំពាក់ឧបករណ៍ដ៏ទំនើប នៃមន្ទីរពេទ្យបង្អែកខេត្តសៀមរាប តម្លៃជិត ២០លានដុល្លារ ជាជំនួយរបស់រាជរដ្ឋាភិបាល និងប្រជាជនជប៉ុន នៅព្រឹកថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៤ ។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ដើម្បីពង្រឹងវិស័យសុខាភិបាល ឲ្យកាន់តែប្រសើរថែមទៀត គឺរាជរដ្ឋាភិបាលតាំងពីអាណត្តិមុន បានដាក់ចេញនូវផែនការយុទ្ធសាស្ត្រពង្រីក ពេទ្យក្នុងតំបន់។

សម្ដេចធិបតី បានបញ្ជាក់ថា រាជរដ្ឋាភិបាល នៅអាណត្តិថ្មីនេះ នៅតែបន្តផែនការយុទ្ធសាស្ត្រ ពង្រីកពេទ្យតំបន់ឲ្យបានកាន់តែច្រើន និងប្រសើរថែមទៀត។

សម្ដេច ថា ត្រូវកែលម្អឲ្យប្រសើរឡើងនូវគុណភាព ផ្ដល់សេវា តបតាមការរំពឹងទុករបស់ប្រជាជន ការបណ្ដុះបណ្ដាល និងបង្កើនសមត្ថភាព។ បង្កើនសមត្ថភាពផ្ដល់សេវាសង្គ្រោះបឋម និងសង្គ្រោះបន្ទាន់ឲ្យបានត្រឹមត្រូវ ទាន់ពេលវេលា កាត់បន្ថយគ្រោះថ្នាក់ដល់អាយុជីវិត។ ទោះបីជាយើងមានមន្ទីរពេទ្យបង្អែកនៅទីនេះក៏ដោយ ប៉ុន្ដែគ្រោះថ្នាក់ចរាចរណ៍នៅស្រុកមួយឆ្ងាយ ត្រូវការសមត្ថភាព ព្យាបាលបន្ទាន់នៅទីនោះ ដើម្បីព្យាបាលនៅនឹងកន្លែង ។

សម្ដេចនាយករដ្ឋមន្ត្រី ក៏បានណែនាំឲ្យបង្កើនលទ្ធភាពជួយប្រជាពលរដ្ឋ ពាក់ព័ន្ធនឹងជំងឺលើសឈាម ទឹកនោមផ្អែម ជាពិសេសផ្ដោតទៅលើប្រជាពលរដ្ឋ គ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ព្រមទាំង បង្កើនបុគ្គល តាមមណ្ឌលសុខភាព ដើម្បីអាចមណ្ឌលសុខភាពនីមួយៗផ្ដល់សេវា ២៤ម៉ោង មួយថ្ងៃ ៧ថ្ងៃ មួយអាទិត្យ ជូនប្រជាពលរដ្ឋ ៕

អត្ថបទ ៖ វណ្ណលុក
រូបភាព ៖ វ៉េង លីមហួត, សួង ពិសិដ្ឋ និង ង៉ាន ទិត្យ

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner