មេធំ X ចេញមុខជំទាស់ការបិទ Tiktok នៅសហរដ្ឋអាមេរិក

វ៉ាស៊ីនតោន៖ លោក Elon Musk ក្នុងថ្ងៃសុក្រនេះ បានចេញមុខតវ៉ាប្រឆាំងនឹងការហាមប្រាមលើកម្មវិធី TikTok នៅសហរដ្ឋអាមេរិក បើទោះបីជាចំណាត់ការនេះ ផ្តល់ផលចំណេញសម្រាប់វេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម X របស់គាត់ក៏ដោយ។

សភាតំណាងរាស្រ្តអាមេរិក នៅថ្ងៃសៅរ៍នេះ គ្រោងនឹងបោះឆ្នោតអនុម័តលើច្បាប់មួយ ដែលមានគោលបំណងបង្ខំ TikTok ឱ្យដកខ្លួនចេញពីក្រុមហ៊ុនមេ ByteDance របស់ចិន ឬត្រូវប្រឈមមុខនឹងការហាមឃាត់ទូទាំងសហរដ្ឋអាមេរិក។ លោក Elon Musk បានបង្ហោះសារនៅលើបណ្តាញសង្គម X ដែលគាត់ទទួលទិញកាលពីឆ្នាំ២០២២ថា TikTok មិនគួរត្រូវបានហាមឃាត់នៅក្នុងសហរដ្ឋអាមេរិកទេ ទោះបីជាការហាមឃាត់បែបនេះ អាចផ្តល់អត្ថប្រយោជន៍ដល់វេទិកា X ក៏ដោយ។ លោក Musk បន្តថា ការធ្វើដូច្នេះ នឹងផ្ទុយទៅនឹងសេរីភាពនៃការបញ្ចេញមតិ។

ការឆ្លើយតបមួយចំនួនចំពោះការអត្ថាធិប្បាយរបស់លោក Musk នៅលើបណ្តាញសង្គម X ក៏បានសម្តែងការព្រួយបារម្ភដែរថា ការហាមឃាត់ TikTok អាចនឹងធ្វើជាគំរូមួយ ដើម្បីកំណត់គោលដៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម និងសេវាកម្មផ្ញើសារដទៃទៀត។ វិធានការនេះដែរ ក៏ត្រូវបានគេមើលឃើញថា នឹងផ្តល់ឱ្យប្រធានាធិបតីអាមេរិកនូវសិទ្ធិអំណាច ក្នុងការកំណត់កម្មវិធីផ្សេងទៀត ជាការគំរាមកំហែងដល់សន្តិសុខជាតិ ប្រសិនបើពួកវាត្រូវបានគ្រប់គ្រងដោយប្រទេសដែលចាត់ទុកថា ជាអរិភាព។

ជាមួយគ្នានេះ អ្នកនាំពាក្យរបស់ TikTok បានគូសបញ្ជាក់ថា ការហាមប្រាមនេះ នឹងជាន់ឈ្លីសិទ្ធិបញ្ចេញមតិដោយសេរីរបស់ជនជាតិអាមេរិកចំនួន ១៧០លាននាក់, បំផ្លាញអាជីវកម្មមនុស្សចំនួន ៧លាននាក់ និងបិទវេទិកាដែលផ្តល់វិភាគទានចំនួន ២៤ពាន់លានដុល្លារដល់សេដ្ឋកិច្ចអាមេរិកជារៀងរាល់ឆ្នាំ។ យ៉ាងណាមិញ ស្ថិតក្រោមច្បាប់នេះ ByteDance នឹងត្រូវលក់កម្មវិធី Tiktok ក្នុងរយៈពេលពីរទៅបីខែ ឬត្រូវប្រឈមមុខនឹងការដកកម្មវិធីវីដេអូកំសាន្តខ្លីៗពី App Store របស់ Apple និង Play Store របស់ Google នៅសហរដ្ឋអាមេរិក៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner