ឯកអគ្គរដ្ឋទូតតួកគីអបអរសាទរចំពោះការចាប់ផ្តើមទំព័រថ្មីនៃព្រឹទ្ធសភា អាណត្តិទី៥ ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន

ភ្នំពេញ៖ លោកជំទាវ អ៊ូឃូ ខូចាអេសហ្វ៊េ (OIko Kocaefe) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋតួកគី ប្រចាំព្រះរាជាណាចក្រកម្ពុជា បានសម្តែងការអបអរសាទរចំពោះការចាប់ផ្តើមទំព័រថ្មីនៃព្រឹទ្ធសភា អាណត្តិទី៥ ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងបានបញ្ជាក់ពីសារៈសំខាន់នៃការបន្តការធ្វើការរួមគ្នា ដើម្បីពង្រឹងទំនាក់ទំនងប្រទេសទាំងពីរ ជាពិសេសតាមរយៈតួនាទីដ៏សំខាន់រវាងព្រឹទ្ធសភាកម្ពុជា និងសភាជាតិតួកគី។
ការអបអរសាទរនេះ ក្នុងជំនួបពិភាក្សាការងារជាមួយឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី២ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា នៅវិមានព្រឹទ្ធសភា នាព្រឹកថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៤។

ក្នុងឱកាសដែលឆ្នាំ២០២៤នេះ ជាខួប៦៥ឆ្នាំ នៃទំនាក់ទំនងការទូតរវាងកម្ពុជា និងតួកគី ភាគីទាំងពីរ បានប្តេជ្ញាជំរុញការវិនិយោគនិងពាណិជ្ជកម្ម ការលើកកម្ពស់ការយល់ដឹងទៅវិញទៅមកអំពីវប្បធម៌ អារ្យធម៌ ព្រមទាំងជំរុញទំនាក់ទំនងប្រជាជននិងប្រជាជន និងកំណើនទេសចរ។ ភាគីទាំងពីរ ក៏បានឯកភាពពិនិត្យលទ្ធភាពក្នុងការរៀបចំដំណើរទស្សនកិច្ចរបស់ប្រមុខសភាជាតិ និងព្រឹទ្ធសភា នៃប្រទេសទាំងពីរ។ លោកជំទាវឯកអគ្គរដ្ឋទូត បានអះអាងថា អាកាសចរណ៍តួកគី និងចាប់ផ្តើមហោះហើរត្រង់ភ្នំពេញ-អង់ការា ក្នុងពេលឆាប់ៗខាងមុខនេះ។

ឆ្លៀតក្នុងឱកាសនេះផងដែរ ឯកឧត្តមអនុប្រធានទី២ ព្រឺទ្ធសភា បានសម្តែងការអរគុណដល់រដ្ឋាភិបាលតួកគីយេ ដែលបានផ្តល់នូវជំនួយដល់វិស័យអភិវឌ្ឍន៍ជនបទ សុខាភិបាល ការអប់រំ ការផ្តល់អាហារូបករណ៍ដល់និស្សិតខ្មែរ និងគម្រោងសាងសង់ផ្ទះដល់ប្រជាជនក្រីក្រ នៅស្រុកស្អាង ខេត្តកណ្តាល។ ឯកឧត្តមក៏បានស្នើលទ្ធភាពពង្រឹងពង្រីកតួនាទីរបស់ក្រុមមិត្តភាពនៃសមាជិកសភា តាមរយៈយន្តការដែលមានស្រាប់រវាងអង្គនីតិបញ្ញត្តិរបស់ប្រទេសទាំងពីរ៕
ដោយ៖ពលជ័យ
រូបភាព៖ព្រឹទ្ធសភា

ads banner