អ្នកនាំពាក្យក្រសួងបរិស្ថាន៖ ធនធនាធម្មជាតិ ជីវៈចម្រុះ និងប្រព័ន្ធអេកូឡូស៊ីនៅកម្ពុជា មានភាពល្អប្រសើរ មិនដូចការលើកឡើងរបស់ក្រុមអគតិមួយចំនួនបានចោទប្រកាន់នោះទេ

ភ្នំពេញ៖ អ្នកនាំពាក្យក្រសួងបរិស្ថាន ឯកឧត្តម ខ្វៃ អាទិត្យា បានបញ្ជាក់ថា កន្លងមកមានការផ្សព្វផ្សាយមួយចំនួន បានលើកឡើងពីរបាយការណ៍សិក្សាទាក់ទងនឹងស្ថានភាពព្រៃឈើនៅកម្ពុជា ដែលមិនបានឆ្លុះបញ្ជាំងពីការពិតនៅកម្ពុជា។ ជាក់ស្តែង រហូតមកដល់បច្ចុប្បន្ន កម្ពុជាបានបង្កើត និងកំពុងគ្រប់គ្រងបានយ៉ាងល្អនូវប្រព័ន្ធតំបន់ការពារធម្មជាតិ ដែលបានកើនឡើងពី២៣កន្លែង នៅឆ្នាំ១៩៩៣ រហូតដល់ ៧៣កន្លែង នៅឆ្នាំ២០២៣ ក្នុងទំហំផ្ទៃដី សរុប៧,២លានហិកតា ស្មើ៤១% នៃផ្ទៃដីប្រទេសទាំងមូល ដោយមានការចូលរួមពីសហគមន៍តំបន់ការពារធម្មជាតិ ចំនួន១៩៣សហគមន៍ ដៃគូអភិវឌ្ឍន៍ និងអ្នកពាក់ព័ន្ធ ដើម្បីការអភិរក្សជីវៈចម្រុះ ការគ្រប់គ្រងធនធានធម្មជាតិ-វប្បធម៌ សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិ និងមូលដ្ឋានប្រកបដោយចីរភាព។

អ្នកនាំពាក្យបានបន្តថា ក្នុងរយៈពេល៣០ឆ្នាំកន្លងមកនេះ វិស័យបរិស្ថាននៅកម្ពុជាមានការវិវឌ្ឍទៅមុខ គួរឱ្យកត់សំគាល់ ទាំងនៅក្នុងប្រទេស តំបន់ និងនៅលើពិភពលោក ជាពិសេសគឺការគ្រប់គ្រងធនធានធម្មជាតិ។ ជាការពិតកម្ពុជាបានបង្កើតតំបន់ការពារធម្មជាតិ និងរបៀងអភិរក្សជីវៈចម្រុះ រហូតដល់ទៅ៤១% នៃផ្ទៃដីប្រទេស ដែលចំនួននេះស្មើនឹងជាង២ដង នៃផែនការជីវៈចម្រុះសកលដែលបានកំណត់នៅក្នុងអនុសញ្ញាសហប្រជាជាតិស្តីពីជីវៈចម្រុះ ក្នុងការបង្កើតតំបន់ការពារធម្មជាតិឱ្យបាន១៧% ត្រឹមឆ្នាំ២០២០។

អនុលោមតាម «យុទ្ធសាស្រ្តបញ្ចកោណ» ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល អាណត្តិទី៧ នៃរដ្ឋសភា និងឈរលើមូលដ្ឋាននៃគោលនយោបាយ និងយុទ្ធសាស្រ្តដែលមានជាធរមានព្រមទាំងក្របខណ្ឌអនុសញ្ញាសហប្រជាជាតិ-អន្តរជាតិពាក់ព័ន្ធ ក្រសួងបរិស្ថានបានរៀបចំ «យុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន(២០២៤-២០២៨)» ដើម្បីតម្រង់ទិស និងចង្អុលបង្ហាញអាទិភាពការងារ ក្នុងការលើកកម្ពស់កិច្ចគាំពារបរិស្ថាន ការការពារធនធានធម្មជាតិ និងការអភិវឌ្ឍប្រកបដោយចីរភាព ក្នុងមុំចំនួន៣ គឺ «ភាពស្អាត ភាពបៃតង និងចីរភាព» សំដៅឆ្ពោះទៅសម្រេចការអភិវឌ្ឍប្រកបដោយអព្យាក្រឹតកាបូននៅឆ្នាំ២០៥០។

អ្នកនាំពាក្យក្រសួងបរិស្ថាន បានបន្តទៀតថា ផ្តើមចេញពីទស្សនៈវិស័យនៃការគ្រប់គ្រងធនធានធម្មជាតិឱ្យមាននិរន្តរភាព និងការអនុវត្តយុទ្ធសាស្រ្តចក្រានៃ «ភាពបៃតង» ក្រសួងបរិស្ថាន ក៏បានដាក់ចេញនូវវិធានការចំនួន៤ រួមមាន៖ ការអនុវត្តច្បាប់១០០% ការពង្រឹងកិច្ចសហការ ជាមួយអាជ្ញាធរមូលដ្ឋានគ្រប់ថ្នាក់ ដើម្បីទប់ស្កាត់បទល្មើសធនធានធម្មជាតិ កិច្ចសហការជាមួយអង្គភាពប្រឆាំងអំពើពុករលួយ និងបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស ដើម្បីពង្រឹងការអនុវត្តច្បាប់ និងការអនុវត្តផែនការដាំស្តារដើមឈើបង្កើនគម្របព្រៃឈើឱ្យបាន៦០% ត្រឹមឆ្នាំ២០៥០។

ជាមួយគ្នានេះ កម្ពុជាបាននិងកំពុងអនុវត្តគំនិតផ្តួចផ្តើមជាច្រើន ដែលពាក់ព័ន្ធនឹងសម្បត្តិធម្មជាតិដ៏សម្បូរបែប និងសេវាកម្មប្រព័ន្ធអេកូឡូស៊ីរបស់កម្ពុជា ប្រកបដោយតម្លាភាព និងប្រសិទ្ធភាព ក្នុងនោះរួមមាន៖ ការអនុវត្តកម្មវិធី REED ការបង់ថ្លៃសេវាកម្មប្រព័ន្ធអេកូឡូស៊ី ការអភិវឌ្ឍន៍គោលដៅលំហែបៃតង និងយុទ្ធនាការ “ពន្លកបៃតង” និងការដាំដើមឈើយ៉ាងតិចចំនួន១លានដើម” ។ល។ ប្រភពដដែលបានបញ្ជាក់ថា តាមរយៈសកម្មភាព កម្មវិធី និងគំនិតផ្តួចផ្តើមខាងលើ គឺជាតឹកតាងសរបញ្ជាក់យ៉ាងច្បាស់ថា ធនធនាធម្មជាតិ ជីវៈចម្រុះ និងប្រព័ន្ធអេកូឡូស៊ីនៅកម្ពុជា មានភាពល្អប្រសើរ ស្រស់ស្អាត និងទាក់ទាញភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិឱ្យមកទស្សនាកម្សាន្ត មិនដូចអ្វីដែលរបាយការណ៍ស្តីពីស្ថានភាពព្រៃឈើ ដែលក្រុមអគតិមួយចំនួន បង្កើតឡើងដែលមិនបានឆ្លុះបញ្ជាំងការពិតនៅកម្ពុជា និងបានចុះផ្សាយ ក្នុងចេតនាធ្វើឱ្យសាធារណជន មានការភាន់ច្រឡំ ប៉ះពាល់កិត្តិយស និងដំណើរអភិវឌ្ឍន៍របស់កម្ពុជា ដែលកំពុងរស់នៅក្នុងសុខសន្តិភាព និងឈានឆ្ពោះទៅសម្រេចទស្សនវិស័យកម្ពុជា ជាប្រទេសអព្យាក្រឹតកាបូន និងមានគម្របព្រៃ៦០% នៅឆ្នាំ២០៥០៕
ដោយ៖ពលជ័យ

ads banner