លោក Elon Musk លើកពេលទៅឥណ្ឌា ព្រោះជាប់កាតព្វកិច្ចដោះស្រាយបញ្ហារបស់ Tesla

វ៉ាស៊ីនតោន៖ មហាសេដ្ឋីបច្ចេកវិទ្យា លោក Elon Musk នៅថ្ងៃសៅរ៍នេះប្រកាសថា គាត់បានសម្រេចពន្យារពេលធ្វើដំណើរទស្សនកិច្ចទៅកាន់ប្រទេសឥណ្ឌា ជាទីដែលលោកមានបំណងជួបនាយករដ្ឋមន្ត្រីឥណ្ឌា លោក ណារិនដ្រា ម៉ូឌី និងពិភាក្សាអំពីផែនការវិនិយោគធំៗ។

ដំណឹងនេះបានកើតឡើងមួយថ្ងៃបន្ទាប់ពីក្រុមហ៊ុន Tesla របស់លោក Musk បានប្រកាសប្រមូលរថយន្តអគ្គិសនី Cybertruck ជិត ៤,០០០គ្រឿង ដោយសារបញ្ហាឈ្នាន់បង្កើនល្បឿន ដែលវាអាចបង្កជាហានិភ័យឈានដល់គ្រោះថ្នាក់។

លោក Musk បានបង្ហោះសារនៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម X ថា ជាអកុសល កាតព្វកិច្ចរបស់ក្រុមហ៊ុន Tesla ដ៏ធ្ងន់ តម្រូវឱ្យដំណើរទស្សនកិច្ចរបស់លោកទៅកាន់ប្រទេសឥណ្ឌាត្រូវពន្យារពេល ប៉ុន្តែវានឹងកើតឡើងនៅចុងឆ្នាំនេះ។ ប្រព័ន្ធផ្សព្វផ្សាយបានឱ្យដឹងថា ដើមឡើយ លោក Musk គ្រោងនឹងធ្វើដំណើរទៅកាន់ប្រទេសឥណ្ឌានៅថ្ងៃអាទិត្យនេះ ដោយគាត់នឹងជួបជាមួយលោក ម៉ូឌី និងក្រុមហ៊ុនអាកាសចរណ៍។

ក្រុមហ៊ុន Tesla ត្រូវបានគេរាយការណ៍ថា កំពុងស្វែងរកទីតាំងសាងសង់រោងចក្រនៅក្នុងប្រទេសឥណ្ឌា បន្ទាប់ពីរដ្ឋាភិបាលទីក្រុងញូវដែលី កាលពីខែមុន បានកាត់បន្ថយពន្ធនាំចូលលើរថយន្តអគ្គិសនី សម្រាប់ក្រុមហ៊ុនផលិតរថយន្តពិភពលោក ដែលប្តេជ្ញាវិនិយោគក្នុងទំហំទឹកប្រាក់ ៥០០លានដុល្លារ និងចាប់ផ្តើមផលិតកម្មក្នុងស្រុកក្នុងរយៈពេល៣ឆ្នាំ។

គោលនយោបាយនេះក៏អនុញ្ញាតឱ្យក្រុមហ៊ុនទាំងនោះ អាចនាំចូលរថយន្តអគ្គិសនីរហូតដល់ ៨,០០០គ្រឿង ដោយក្នុងមួយគ្រឿងមានតម្លៃ ៣៥,០០០ដុល្លារ ឬខ្ពស់ជាងនេះជារៀងរាល់ឆ្នាំផងដែរ ជាមួយនឹងការកាត់បន្ថយពន្ធនាំចូលយ៉ាងច្រើន៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner