អាល្លឺម៉ង់ផ្អាកជើងហោះទៅកាន់អ៊ីស្រាអែល អ៊ីរ៉ាក់ និងហ៊្សកដានី

ប៊ែរឡាំង៖ ក្រុមហ៊ុនអាកាសចរណ៍ Lufthansa របស់អាល្លឺម៉ង់ បានផ្អាកជើងហោះហើរទៅកាន់ប្រទេសអ៊ីស្រាអែល អ៊ីរ៉ាក់ និងហ្ស៊កដានី រហូតដល់ព្រឹកថ្ងៃសៅរ៍ បន្ទាប់ពីអ៊ីស្រាអែលត្រូវបានគេរាយការណ៍ថា បានវាយប្រហារសងសឹកប្រឆាំងនឹងអ៊ីរ៉ង់។

អ្នកនាំពាក្យក្រុមហ៊ុនអាកាសចរណ៍ Lufthansa របស់អាល្លឺម៉ង់ បានបញ្ជាក់ថា សេវាកម្មហោះហើរទៅកាន់ទីក្រុងតែល អាវីវ នៅអ៊ីស្រាអែល, ទីក្រុងអឺប៊ីល នៅអ៊ីរ៉ាក់, ទីក្រុងឃើដឌីស្តែន និងអាម៉ាន់ នៅហ៊្សកដានី ត្រូវបានផ្អាកជាបណ្តោះអាសន្ន ដោយសារស្ថានភាពបច្ចុប្បន្ន។ អ្នកនាំពាក្យដដែលបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា សុវត្ថិភាពរបស់អ្នកដំណើរ និងនាវិក តែងតែមានអាទិភាពកំពូល។

ទន្ទឹមគ្នា ក្រុមហ៊ុនបុត្រសម្ព័ន្ធ Lufthansa Austrian Airlines ក៏បានសម្រេចចិត្តផ្អាកជើងហោះហើរទៅកាន់ទីក្រុងអាម៉ាន់ អឺប៊ីល និង តែល អាវីវ ផងដែរ កាលពីថ្ងៃសុក្រ ដើម្បីវាយតម្លៃឡើងវិញនូវស្ថានភាពសុវត្ថិភាព។ ក្រុមហ៊ុនបុត្រសម្ព័ន្ធមួយទៀតនៃក្រុមហ៊ុនអាល្លឺម៉ង់ SWISS បាននិយាយថា ខ្លួនកំពុងផ្អាកសេវាកម្មហោះហើរពីទីក្រុងហ៊្សូរីក ទៅទីក្រុងតែល អាវីវ រហូតដល់ថ្ងៃទី២៥ ខែមេសា។

គួរបញ្ជាក់ថា មេដឹកនាំពិភពលោកបានអំពាវនាវឱ្យមានការបន្ធូរបន្ថយភាពតានតឹង បន្ទាប់ពីមានសេចក្តីរាយការណ៍ថា អ៊ីស្រាអែលបានវាយប្រហារសងសឹកអ៊ីរ៉ង់វិញ ដើម្បីជាការឆ្លើយតបនឹងការវាយលុកដោយមីស៊ីល និងយន្តហោះគ្មានមនុស្សបើករបស់អ៊ីរ៉ង់ប្រឆាំងនឹងអ៊ីស្រាអែល។ ហើយជាលទ្ធផលនោះ ទាំងក្រុមហ៊ុនអាកាសចរណ៍ Lufthansa និង Austrian Airlines បានផ្អាកជើងហោះហើររបស់ពួកគេ ទាំងទៅ និងមកពីទីក្រុងតេហេរ៉ង់ រហូតដល់ចុងខែមេសានេះ៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner