សភាអាមេរិកអនុម័តកញ្ចប់ជំនួយទំហំ ៩៥ពាន់លានដុល្លារ

វ៉ាស៊ីនតោន៖ ទីបំផុត សភាតំណាងរាស្រ្តអាមេរិក នៅថ្ងៃសៅរ៍នេះ បានសម្រេចអនុម័តលើសំណើសុំកញ្ចប់ជំនួយយោធាមានទំហំ ៩៥ពាន់លានដុល្លារ ដែលបានពន្យារពេលជាយូរមកហើយ ដល់អ៊ុយក្រែន អ៊ីស្រាអែល និងតៃវ៉ាន់ និងឥណ្ឌូ-ប៉ាស៊ីហ្វិក។

កញ្ចប់ជំនួយមានទំហំរហូតដល់ ៩៥ពាន់លានដុល្លារ ត្រូវបានអនុម័តយ៉ាងលើសលប់ ដោយសំឡេង ៣១១ ទល់នឹង១១២ កាលពីថ្ងៃសៅរ៍ នៅក្នុងសភាតំណាងអាមេរិក ដោយអ្នកប្រជាធិបតេយ្យទាំងអស់ និងអ្នកសាធារណរដ្ឋចំនួន ១០១រូបបានបោះឆ្នោតគាំទ្រ ឲ្យផ្តល់ជំនួយថ្មីចំនួន ៦១ពាន់លានដុល្លារដល់អ៊ុយក្រែន។

ជាមួយគ្នានេះ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា វិក្តយបត្រនេះ នឹងផ្តល់ការគាំទ្រយ៉ាងសំខាន់ដល់អ៊ីស្រាអែល និងអ៊ុយក្រែន ក៏ដូចជាផ្តល់ជំនួយមនុស្សធម៌ជាចាំបាច់ដល់តំបន់ហ្គាហ្សា ស៊ូដង់ ហៃទី និងទីតាំងផ្សេងទៀត… ព្រមទាំងពង្រឹងសន្តិសុខ និងស្ថិរភាពនៅតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក។

ចំណែកប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានស្វាគមន៍ចំពោះការអនុម័តផ្តល់ជំនួយទំហំ ៦១ពាន់លានដុល្លារដល់ប្រទេសរបស់គាត់ ហើយថា កញ្ចប់ជំនួយផ្នែកយោធា និងសេដ្ឋកិច្ចនេះ នឹងជួយសង្គ្រោះជីវិតមនុស្សរាប់លាននាក់។

ទោះបីជាយ៉ាងណា សំណើសុំថវិកានេះ នឹងត្រូវបញ្ជូនបន្តទៅឱ្យព្រឹទ្ធសភាអាមេរិកអនុម័ត នៅថ្ងៃអង្គារសប្តាហ៍ក្រោយ មុនពេលរុញសេចក្តីព្រាងច្បាប់នេះបន្តទៅសេតវិមាន ដើម្បីឱ្យលោក បៃដិន ចុះហត្ថលេខាជាកិច្ចបង្ហើយ៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner