រាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងជំរុញពន្លឿនដំណើរការរៀបចំចុះបញ្ជីដីធ្លីដែលនៅសេសសល់ក្នុងភូមិសាស្ត្រខេត្តព្រះវិហារ

ព្រះវិហារ៖ ក្នុងកិច្ចប្រជុំពិភាក្សាជំរុញការងារចុះបញ្ជីដីធ្លីក្នុងភូមិសាស្ត្រខេត្តព្រះវិហារ នារសៀលថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៤ ថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាបាននិងកំពុងជំរុញពន្លឿនដំណើរការរៀបចំចុះបញ្ជីដីធ្លីដែលនៅសេសសល់ក្នុងភូមិសាស្ត្រខេត្តព្រះវិហារ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានឱ្យដឹងថា សម្រាប់ខេត្តព្រះវិហារ គឺនៅសល់ក្បាលដីត្រឹមតែប្រមាណជាង ១១ម៉ឺនក្បាលដីទៀតប៉ុណ្ណោះ ដែលត្រូវចុះបញ្ជីឱ្យបានចប់សព្វគ្រប់តាមផែនការដែលបានគ្រោងទុកនៅក្នុងនីតិកាលទី៧ ដោយកិច្ចការនេះទាមទារឱ្យមានកិច្ចសហការ និងការទទួលយកនូវទស្សនៈវិស័យរួម ពីអាជ្ញាធរខេត្តព្រះវិហារ។ ជាមួយគ្នានេះ ឯកឧត្តម ក៏បានជំរុញឱ្យបញ្ចប់នូវការរៀបចំប្លង់គោលខេត្តព្រះវិហារឱ្យបានឆាប់រហ័ស ដើម្បីផ្ដល់សុវត្ថិភាពនៃការកាន់កាប់ដីធ្លីជូនប្រជាពលរដ្ឋ និងសំរេចបានទិសដៅក្នុងការរៀបចំការអភិវឌ្ឍនៅក្នុងខេត្តនេះ។

នាឱកាសនោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានប្រគល់សម្ភារៈបរិក្ខារជូនដល់មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់និងសុរិយោដីខេត្តព្រះវិហារ ដើម្បីជំរុញការងារចុះបញ្ជីដីធ្លី រួមមាន ម៉ាស៊ីនវាស់វែង ១០គ្រឿងដែលផ្ដល់ជូនដោយប្រើប្រាស់ថវិកាក្នុងគម្រោង LASED III  , កុំព្យូទ័រ Desktop ៧គ្រឿង, កុំព្យូទ័រ Laptop ៧គ្រឿង, ម៉ាស៊ីនព្រីនធ័រ ៧គ្រឿង, ម៉ាស៊ីនស្គេន ៧គ្រឿង និង UPS TruPower  ១គ្រឿង។

បើតាមអភិបាលនៃគណៈអភិបាលខេត្តព្រះវិហារ ផែនការចុះបញ្ជីដីធ្លីក្នុងភូមិសាស្ត្រខេត្តព្រះវិហារក្នុងឆ្នាំ២០២៤ រួមមាន ការត្រៀមប្រកាសបិទផ្សាយចំនួន ៦ភូមិក្នុងខែមេសា  ត្រៀមបើកតំបន់វិនិច្ឆ័យចំនួន ២ភូមិក្នុងខែមេសា និងគ្រោងចេញបណ្ណកម្មសិទ្ធិក្នុងខែឧសភាប្រមាណ ៤ ០០០បណ្ណផងដែរ។ ដោយឡែក ក្បាលដីដែលនៅសេសសល់មិនទាន់បានចុះបញ្ជី រដ្ឋបាលខេត្តព្រះវិហារបានប្ដេជ្ញាចិត្តក្នុងការបញ្ចប់ការចុះបញ្ជីដីធ្លីឱ្យបានមុនឆ្នាំ២០២៩ ដែលជាគម្រប់ខួបលើកទី ៤០ នៃការចេញបណ្ណកម្មសិទ្ធិដីធ្លីជូនប្រជាពលរដ្ឋនៅក្នុងប្រទេសកម្ពុជា។

សូមជម្រាបថា រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា បានដាក់ចេញនូវយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ ដែលក្នុងនោះរួមបញ្ចូល ការធ្វើកំណែទម្រង់ដីធ្លី និងនគរូបនីយកម្មឱ្យកាន់តែស៊ីជម្រៅ ជាមួយនឹងការបង្កើតឱ្យមាននូវគោលនយោបាយដីធ្លី ៣ចំណុចរួមមាន ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ការដោះស្រាយវិវាទដីធ្លីក្រៅប្រព័ន្ធតុលាការ និងការផ្ដល់សេវារដ្ឋបាលដីធ្លីជូនប្រជាពលរដ្ឋប្រកបដោយតម្លាភាព និងប្រសិទ្ធភាពខ្ពស់ សំដៅលើកកម្ពស់កម្រិតជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។

ការងារចុះបញ្ជីដីធ្លី ដើម្បីបន្តផ្តល់បណ្ណកម្មសិទ្ធិដល់ប្រជាជនឱ្យបានលឿន ដើម្បីជាមូលដ្ឋានប្រភពសេដ្ឋកិច្ច និងសុវត្ថិភាពនៃការកាន់កាប់ដីធ្លី ជាអាទិភាពទី៥ នៃទិសដៅអាទិភាពគោលនយោបាយ ១៥ចំណុច ដែលក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានដាក់ចេញ ផ្អែកទៅលើអាទិភាពនៃយុទ្ធសាស្រ្តបញ្ចកោណ ក្នុងបញ្ចកោណទី៤ មុំទី៤ ៕

ដោយ / គ្រី សម្បត្តិ

គ្រី សម្បត្តិ
គ្រី សម្បត្តិ
ជាអ្នកយកព័ត៌មាននៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍អប្សរា។ ដោយសារទេពកោសល្យ និងភាពប៉ិនប្រសប់ ក្នុងការសរសេរអត្ថបទ ថត និងកាត់តព័ត៌មាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner