SPY បង្កើតកម្មវិធី The Music Box ស្វែងរកតារាចំរៀងជំនាន់ថ្មី

ភ្នំពេញ៖ យុវវ័យ ដែលមានចំណាប់អារម្មណ៍ទៅលើវិស័យសិល្បៈ មានឱកាសក្នុងការបញ្ចេញនូវទេពកោសល្យ និងបង្ហាញពីសមត្ថភាពផ្នែកសិល្បៈចំរៀងគ្រប់ទំរង់របស់ខ្លួន តាមរយៈកម្មវិធីស្វែងរកតារាចំរៀងជំនាន់ថ្មី ដែលមានអាយុចាប់ពី១៨ ដល់២៣ឆ្នាំទូទាំងប្រទេស តាមកម្មវិធី The Music Box by SPY ។

លោក និល កាន់ធីតា អ្នករៀបចំកម្មវិធី បានអោយដឹងនៅក្នុងកម្មវិធីMusic Box នាពេលថ្មីៗនេះថា កម្មវិធីប្រឡងចម្រៀងនេះ បានបើកឱកាសជូនដល់យុវវ័យទាំងប្រុស ទាំងស្រីទូទាំងប្រទេស បានចូលរួមដាក់ពាក្យដោយឥតគិតថ្លៃ តាមរយៈផេកផ្លូវការរបស់ SPY Club Cambodia។ លោក និល កាន់ធីតា បន្តថា បន្ទាប់ពីដាក់ពាក្យរួច បេក្ខជន បេក្ខនារីត្រូវច្រៀងថតជាវីដេអូ ផ្ញើជូនគណៈកម្មការបានវិនិច្ឆ័យ ដោយកម្មវិធីបានបែងចែកជា ៤តំបន់សំខាន់ៗ រួមមាន៖ ភ្នំពេញ បាត់ដំបង សៀមរាប និងកំពង់ចាម សំរាប់បេក្ខជន បេក្ខនារីដែលបានដាក់ពាក្យ ហើយត្រូវបានជ្រើសដោយគណៈកម្មការ ក្នុង១តំបន់មាន ចំនួន ២០នាក់ អាចធ្វើតេស្តសម្លេងផ្ទាល់លើឆាកតន្ត្រីជាមួយក្រុមតន្ត្រីចចកសមុទ្រ នៅតាមតំបន់ដែលនៅក្បែរ ឬគៀកតំបន់ទាំង ៤ខាងលើ។

អ្នករៀបចំកម្មវិធីរូបនេះបន្ថែមថា កម្មវិធីធ្វើដូច្នេះ គឺដើម្បីកាត់បន្ថយការចំណាយរបស់បេក្ខជន បេក្ខនារី និងផ្តល់ភាពងាយស្រួលជូនពួកគាត់ ហើយបេក្ខជន ឬបេក្ខនារីដែលឈ្នះការប្រកួតប្រចាំតំបន់នីមួយៗ នឹងទទួលបានទឹកប្រាក់ ៥០០ដុល្លារ ដើម្បីទុកជាសោហ៊ុយមកប្រកួតវគ្គផ្តាច់ព្រាត់នៅរាជធានីភ្នំពេញ ហើយការប្រកួតប្រជែងក្នុងតំបន់នីមួយៗ គឺមានការរៀបចំដ៏ល្អឥត ខ្ចោះពីក្រុមហ៊ុន ដោយផ្តល់នូវម្ហូបអាហារភេសជ្ជៈសំរាប់បេក្ខជន បេក្ខនារី រួមទាំងអ្នកគាំទ្រដោយឥតគិតថ្លៃផងដែរ។

បើតាមលោក និល កាន់ធីតា តាមរយៈកម្មវិធី The Music Box by SPY នេះ ក៏ជាការរួមចំណែកមួយ ដើម្បីបំផុសឲ្យយុវជនងាកមករកវិថីសិល្បៈ ជាជាងការទៅប្រព្រឹត្តនូវអ្វីដែលផ្ទុយទៅនឹងក្រមសីលធម៌របស់សង្គមជាតិ ជាពិសេសធ្វើឲ្យយុវវ័យមានសាមគ្គីភាព មិត្តភាព និងស្មារតីចូលរួមលើកកម្ពស់វិស័យសិល្បៈនៅកម្ពុជាឲ្យបានកាន់តែច្រើនថែមទៀត៕ អត្ថបទ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner