ប្រមុខការទូតអាមេរិកទៅទីក្រុងប៉េកាំង ដើម្បីជំរុញឱ្យចិនឈប់គាំទ្ររុស្ស៊ី

វ៉ាស៊ីនតោន៖ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក អាន់ថូនី ប្លីងគែន នៅសប្តាហ៍ក្រោយ នឹងទៅបំពេញទស្សនកិច្ចជាលើកទីពីរទៅកាន់ប្រទេសចិន រួមជាមួយក្តីសង្ឃឹមថា នឹងប្រើប្រាស់ការបន្ធូរបន្ថយភាពតានតឹង ដើម្បីដាក់សម្ពាធលើចិន ឱ្យឈប់គាំទ្រសង្គ្រាមរបស់រុស្ស៊ីនៅអ៊ុយក្រែន។

លោក ប្លីងគែន នឹងធ្វើដំណើរទស្សនកិច្ចរយៈពេល ៣ថ្ងៃទៅកាន់ប្រទេសចិន ពោលចាប់ពីថ្ងៃពុធ ដល់ថ្ងៃសុក្រសប្តាហ៍ក្រោយ ស្ថិតក្នុងគោលបំណងជួបជាមួយរដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី។ ហើយឆ្លៀតឱកាសនោះដែរ លោក ប្លីងគែន ក៏នឹងលើកយកនូវក្តីកង្វល់របស់សហរដ្ឋអាមេរិក អំពីការគាំទ្ររបស់ចិន ចំពោះវិស័យឧស្សាហកម្មរុស្ស៊ី។

យ៉ាងណាមិញ ចិនបានរក្សាគោលនយោបាយអព្យាក្រឹតភាពក្នុងសង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែន និងថា ទីក្រុងប៉េកាំងមិនលក់អាវុធឲ្យរុស្ស៊ីដាច់ខាត ហើយចិនក៏ច្រានចោលចំពោះការចោទប្រកាន់ដែលថា ខ្លួនបំពានលើទណ្ឌកម្មដែលលោកខាងលិចដាក់លើរុស្ស៊ីផងដែរ។

យោងតាមប្រភពពីកាសែតរ៉យទ័របានឱ្យដឹងថា គោលដៅសំខាន់របស់លោក ប្លីងគែន ទៅចិនជើងនេះ ទំនងជាលើកយកបញ្ហាពាក់ព័ន្ធការនាំចេញឧបករណ៍ម៉ាស៊ីន មីក្រូអេឡិចត្រូនិច អុបទិក និងផលិតផលផ្សេងទៀតរបស់ចិន ដែលរុស្ស៊ីអាចយកទៅប្រើប្រាស់ ដើម្បីផលិតអាវុធ ចំពេលមានជម្លោះនៅអ៊ុយក្រែន។

ទន្ទឹមគ្នា ក្រសួងការបរទេសអាមេរិកក៏បានព្រមានដែរថា ខ្លួននឹងចាត់វិធានការបន្ថែមទៀតបើចាំបាច់ ដើម្បីរារាំងទីក្រុងប៉េកាំងមិនឲ្យផ្តល់ជំនួយដល់ឧស្សាហកម្មការពារជាតិរបស់ទីក្រុងមូស្គូ៕ ប្រភព៖ AFP និង រ៉យទ័រ ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner