Nissan ទម្លាក់ការព្យាករណ៍ពីកំណើនលក់ និងប្រាក់ណេញ

តូក្យូ៖ ក្រុមហ៊ុនផលិតរថយន្តកំពូលរបស់ជប៉ុន Nissan នាពេលថ្មីៗនេះ បានទម្លាក់ការព្យាករណ៍ពីកំណើន នៃការលក់ និងប្រាក់ចំណេញរបស់ខ្លួនសម្រាប់ឆ្នាំសារពើពន្ធដែលបានបញ្ចប់នៅថ្ងៃទី៣១ ខែមីនា ដោយលើកឡើងពីការចំណាយខ្ពស់ជាងមុន។

បរិមាណនៃការលក់រថយន្តរបស់ក្រុមហ៊ុនជប៉ុន Nissan ដែលព្យាករណ៍បានធ្លាក់ចុះមកត្រឹមចំនួន ៣.៤៤លានគ្រឿង, ប្រាក់ចំណូលសុទ្ធមានចំនួន ១២.៦ទ្រីលានយ៉េន ឬប្រហែល ៨១.៦ពាន់លានដុល្លារ និងប្រាក់ចំណេញប្រតិបត្តិការមានចំនួន ៥៣០ពាន់លានយ៉េន ឬជាង៣ពាន់លានដុល្លារ។

ក្រុមហ៊ុនជប៉ុន Nissan បានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយថា ប្រាក់ចំណូលសុទ្ធរបស់ខ្លួន ត្រូវបានគេរំពឹងថា នឹងឈានដល់ទឹកប្រាក់ ៣៧០ពាន់លានយ៉េន ឬជាង ២ពាន់លានដុល្លារសម្រាប់ឆ្នាំសារពើពន្ធ ២០២៣។

ក្រុមហ៊ុន Nissan បានបញ្ជាក់ថា ការកែប្រែការព្យាករណ៍នេះ កើតឡើងដោយសារតែបរិមាណលក់ចុះទាបជាងមុន និងការចំណាយខ្ពស់ដែលបង់ទៅឱ្យអ្នកផ្គត់ផ្គង់ និងកត្តារួមផ្សំផ្សេងៗទៀត។

កន្លងមក Nissan ក៏បានកាត់បន្ថយការព្យាករពីបរិមាណលក់រថយន្តរបស់ខ្លួនរួចមកហើយ កាលពីខែកុម្ភៈ ពី ៣.៧លានគ្រឿង ទៅ ៣.៥៥លានគ្រឿង ដោយលើកឡើងពីការរំខានផ្នែកដឹកជញ្ជូន និងការប្រកួតប្រជែងកាន់តែខ្លាំងក្នុងទីផ្សារថយន្តពិភពលោក។

ទោះបីជាយ៉ាងណា ក្រុមហ៊ុនជប៉ុន Nissan បានអះអាងឡើងវិញថា ស្ថិតក្រោមផែនការអាជីវកម្មថ្មីរបស់ខ្លួន Nissan មានគោលបំណងបង្កើនបរិមាណលក់រថយន្តជាសកលប្រចាំឆ្នាំ ឱ្យបានចំនួនមួយលានគ្រឿងនៅត្រឹមចុងឆ្នាំសារពើពន្ធ ២០២៦ និងពន្លឿនការផ្លាស់ប្តូរប្រើសាំងទៅជារថយន្តអគ្គិសនី៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner