សម្ដេចធិបតី ហ៊ុន ម៉ាណែត ដឹកនាំគណៈប្រតិភូ ចាកចេញពីប្រទេសថៃ និវត្តន៍ មកកាន់ប្រទេសកម្ពុជាវិញ

(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដឹកនាំគណៈប្រតិភូ រាជរដ្ឋាភិបាលកម្ពុជា ចាកចេញពីទីក្រុងបាងកក ព្រះរាជាណាចក្រថៃ នាព្រឹកថ្ងៃទី២២ មេសា ឆ្នាំ២០២៤ និវត្តន៍មកកាន់ព្រះរាជាណាចក្រកម្ពុជាវិញ បន្ទាប់ពីបញ្ចប់ ដោយជោគជ័យ នៃការចូលរួមពិធីបើក សន្និបាតលើកទី៨០ របស់គណៈកម្មការសេដ្ឋកិច្ច និងសង្គមកិច្ច សម្រាប់អាស៊ី-ប៉ាស៊ីហ្វិក នាទីក្រុងបាងកក ព្រះរាជាណាចក្រថៃ ។

សូមជម្រាបថា សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានអញ្ជើញដឹកនាំគណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ចាកចេញពីមាតុភូមិនៅម៉ោងប្រមាណ ៨ព្រឹក ថ្ងៃទី២២ ខែមេសា ដើម្បីចូលរួមពិធីបើកសន្និបាតលើកទី៨០ របស់គណៈកម្មការសេដ្ឋកិច្ច និងសង្គមកិច្ច សម្រាប់អាស៊ី-ប៉ាស៊ីហ្វិក នៅទីក្រុងបាងកក ព្រះរាជា ណាចក្រថៃ ក្រោមប្រធានបទ «ការប្រើប្រាស់នវានុវត្តន៍ឌីជីថល សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព ក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក» តបតាមការអញ្ជើញរបស់លោកជំទាវបណ្ឌិត អាមីដា សាលស៊ីអាហ៍ អាលីសចាបាណា (Amida Salsiah Alisjahbana) អគ្គលេខាធិការរង អង្គការសហប្រជាជាតិ និងជាប្រធានគណៈកម្មការសេដ្ឋកិច្ច និងសង្គមកិច្ច សម្រាប់អាស៊ី-ប៉ាស៊ីហ្វិក (the Economic and Social Commission for Asia and the Pacific-ESCAP) ក្នុងនោះសម្តេចធីបតី ក៏បានអញ្ជើញថ្លែង សុន្ទរកថាពិសេស នៅក្នុងពិធីបើកសន្និបាតលើកទី៨០ របស់ UN-ESCAP នេះផងដែរ ។

សន្និបាតប្រចាំឆ្នាំនេះ មានការពិភាក្សាអំពីសក្តានុពល នៃបច្ចេកវិទ្យាឌីជីថល នឹងវិធីសាស្ត្រពង្រឹងកិច្ចសហប្រតិបត្តិការតំបន់ ក្នុងការដោះស្រាយបញ្ហា ប្រឈម ជាសកល ដែលកំពុងកើតមាន និងការពន្លឿនការសម្រេចឱ្យបាន នូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព ។

គួរបញ្ជាក់ដែរថា បន្ទាប់ពីបានអញ្ជើញថ្លែងសុន្ទរកថា ក្នុងឱកាសបើក សន្និបាត លើកទី៨០ របស់គណៈកម្មការសេដ្ឋកិច្ច និងសង្គមកិច្ច សម្រាប់អាស៊ី-ប៉ាស៊ី ហ្វិក នៅទីក្រុងបាងកក ព្រះរាជាណាចក្រថៃ ហើយនោះ សម្ដេចធិបតី ក៏បាន អញ្ជើញជួបជាមួយលោកជំទាវ Amida Salsiah Alisjahbana អគ្គលេខាធិ ការរងអង្គការសហប្រជាជាតិ និងជាលេខាប្រតិបត្តិ នៃគណៈកម្មការ ESCAP ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ ផងដែរ ៕

អត្ថបទ៖ វណ្ណលុក
រូបភាព៖ ផេកសម្ដេចធិបតី

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner